ក្រសួងសាធារណការ និងដឹកជញ្ជូន បាន និងកំពុងពង្រឹងការហាមឃាត់ចំពោះការឡើងទៅធ្វើចរាចរណ៍លើ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មុនពេលប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ នេះបើតាម អ្នកនាំពាក្យរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន។
ការហាមមិនឱ្យឡើងបើកបរលើ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ខាងលើនេះ ត្រូវបានធ្វើឡើង ក្រោយពីមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងរថយន្ត។ លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឱ្យពលរដ្ឋទាំងអស់ អធ្យាស្រ័យចំពោះការហាមឃាត់នេះ។
លោក ហ៊ាង សុទ្ធាយុត្តិ បានបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលបច្ចុប្បន្ន ស្ថាបនាបាន ៩៣% ហើយនេះ នឹងត្រូវបានដាក់ឱ្យប្រើប្រាស់សាកល្បងដោយមិនគិតថ្លៃនៅខែកញ្ញា ឆ្នាំ ២០២២។
គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលមានប្រវែងជាង ១៨៧ គីឡូម៉ែត្រ ទទឹង ២៤ ម៉ែត្រ និងសាងសង់ជា ៤ គន្លង ប្រើកៅស៊ូ AC នេះ ត្រូវបានអនុវត្តដោយ ក្រុមហ៊ុន PPSHV Expressway និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD។ តាមគម្រោងផ្លូវនេះនឹងប្រើពេលស្ថាបនា ៤៨ ខែ និងចំណាយថវិកា ២,០១៩ លានដុល្លារអាម៉េរិក។ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ត្រូវបានសម្ពោធបើកការដ្ឋានកាលខែមីនា ២០១៩ ហើយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅចុងខែឧសភា ២០២៣៕