ក្នុងអំឡុង ១០០ ថ្ងៃនៃសង្គ្រាមនៅ អ៊ុយក្រែន រុស្ស៊ី រកប្រាក់ចំណូលបាន ៩៨ ពាន់លានដុល្លារអាម៉េរិក ពីការនាំចេញឥន្ធនៈហ្វូស៊ីល ក្នុងនោះភាគច្រើនបានមកពីបណ្ដាប្រទេសនៅក្នុង សហភាពអឺរ៉ុប (EU)។
របាយការណ៍ដែលត្រូវបានមជ្ឈមណ្ឌលស្រាវជ្រាវថាមពល និងខ្យល់បរិសុទ្ធ (CREA) ដែលមានមូលដ្ឋាននៅ ហ្វាំងឡង់ ប្រកាសនាថ្ងៃនេះឱ្យដឹងថា EU នាំចូលឥន្ធនៈហ្វូស៊ីល ពី រុស្ស៊ី រហូតដល់ ៦២% ប្រហែលនឹង ៥៧ ពាន់លានអឺរ៉ូ ឬ ៦០ ពាន់លានដុល្លារអាម៉េរិក ក្នុងអំឡុង ១០០ ថ្ងៃដំបូងនៃសង្គ្រាមនៅ អ៊ុយក្រែន។
ក្រុមអ្នកនាំចូលឥន្ធនៈហ្វូស៊ីលពី រុស្ស៊ី កំពូលៗ រួមមាន ចិន (១៣.២ ពាន់លានដុល្លារ), អាល្លឺម៉ង់ (១២.៦ ពាន់លានដុល្លារ) និង អ៊ីតាលី (៨.១ ពាន់លានដុល្លារ)។
ប្រភពឥន្ធនៈហ្វូស៊ីលធំបំផុតរបស់ រុស្ស៊ី គឺ ប្រេងឆៅ ដោយវារកបានចំណូលជាង ៤៨ ពាន់លានដុល្លារអាម៉េរិក បន្ទាប់មកគឺឧស្ម័នធម្មជាតិ បណ្ដាផលិតផលធ្វើពីប្រេង ឧស្ម័នធម្មជាតិរាវ (LNG) និងរ៉ែធ្យូងថ្ម។
សូម្បីតែនៅពេលការនាំចេញក្នុងវិស័យថាមពលរបស់ មូស្គូ ត្រូវថយចុះខ្លាំងក្នុងខែឧសភា ដោយសារតែប្រទេសជាច្រើនបានបែរខ្នងដាក់ផលិតផលរបស់ រុស្ស៊ី ដើម្បីប្រឆាំងនឹងសង្គ្រាមនៅ អ៊ុយក្រែន ការដែលតម្លៃឥន្ធនៈសកលឡើងថ្លៃខ្ពស់បាននាំមកនូវប្រាក់ចំណេញខ្ពស់សម្រាប់ វិមានក្រឹមឡាំង។ យោងតាម CREA តម្លៃនាំចេញក្នុងវិស័យថាមពលជាមធ្យមរបស់ រុស្ស៊ី ខ្ពស់ជាងឆ្នាំមុនប្រហែល ៦០%។
ប្រទេសមួយចំនួនដែលបានបង្កើនការទិញប្រេងពី រុស្ស៊ី ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ រួមមានដូចជា ប្រទេសចិន, ឥណ្ឌា, អេមីរ៉ាតអារ៉ាប់រួម (UAE) និង ប្រទេសបារាំង៕