នៅថ្ងៃទី27 ខែកញ្ញា ឆ្នាំ2017 នេះគេហទំព័រសារព័ត៌មានក្នុងស្រុកមួយ បានចេញផ្សាយថា អ្នកនាង ស្រេង សុគន្ធដា ហៅខ្ញុង បានសម្រេចចិត្តសែនព្រេន ក្រាបផ្ទឹមជាមួយគូស្នេហ៍សុំគ្នាធ្វើជាប្ដីប្រពន្ធនៅមុខចាស់ទុំទាំងសងខាង តាំងពីថ្ងៃទី30 ខែសីហា ឆ្នាំ2017 កន្លងមកយ៉ាងស្ងាត់ៗ មិនឱ្យមហាជនបានដឹងឡើយ។
តែដោយឡែក ថ្មីៗនេះ ស្រាប់តែលេចចេញនូវរូបភាពប៉ុន្មានសន្លឹកដែលអ្នកនាងខ្ញុងបានក្រាបសំពះផ្ទឹមជាមួយតារាកំប្លែង នាយកៃដ ដោយអ្នកនាងបានអះអាងប្រាប់សារព័ត៌មានខាងលើថា “នាយកៃដធ្លាប់មានប្រពន្ធ និងមានកូនប្រុសម្នាក់អាយុប្រហែល4ឆ្នាំ”។ ហើយបើតាមការរៀបរាប់របស់តារាកំប្លែងស្រីរូបនេះ បានឱ្យដឹងទៀតថា «នាយកៃដទើបតែលែងលះប្រពន្ធដាច់ស្រេចជាង5ខែនេះទេ ដោយនាយកៃដតាមស្រឡាញ់រូបនាងយូរហើយ និងដោយឃើញថា នាយបានលែងលះប្រពន្ធដាច់ស្រេចហើយ និងមិនជំពាក់ជំពិននឹងស្រីណាផ្សេងទៀត គួបផ្សំនឹងខ្លួនក៏មិនចង់នៅមេម៉ាយយូរពេក ត្បិតអីទ្រាំធ្វើជាស្ត្រីមេម៉ាយ៧ឆ្នាំមកហើយផងដែរនោះ ក៏សម្រេចចិត្តជ្រើសរើសនាយកៃដជាគូអនាគតតែម្ដងទៅ»។
គួរបញ្ជាក់ផងដែរ អ្នកនាងខ្ញុង និង នាយកៃដ បានទាក់ទងស្នេហាគ្នាអស់រយៈពេលជាង 2 ឆ្នាំមកហើយ បន្ទាប់ពីអ្នកនាងបានក្លាយជាតារាកំប្លែងរបស់ក្រុមកំប្លែង CTN ហើយដែលបានជួបគ្នា ព្រមទាំងកាន់តែមានទំនាក់ទំនងស៊ីជម្រៅនោះ ដោយសារតែខណៈនោះមានការបង្កើត និងពង្រីកក្រុមកំប្លែងថ្មី ដោយបានកោះហៅអតីតក្រុមអ្នកមានសមត្ថភាពដែលធ្លាប់បានឆ្លងកាត់ការប្រឡងកាលពីពេលមុនៗ មកចូលរួមក្នុងក្រុមថ្មីនោះហ្នឹងឯង៕