Starlink ដែលជាសេវាកម្មផ្គត់ផ្គង់អ៊ីនធើណិតរបស់ក្រុមហ៊ុន SpaceX ជិតបង្ហាញវត្តមាននៅ ហ្វ៊ីលីពីន មុនពេលពង្រីកខ្លួនទៅកាន់បណ្ដាប្រទេសផ្សេងទៀតនៅ តំបន់អាស៊ីអាគ្នេយ៍។
«Starlink ទទួលបានការយល់ព្រមពី ហ្វ៊ីលីពីន» Elon Musk បានបង្ហោះសារនៅលើ Twitter កាលពីចុងខែឧសភា អមជាមួយនឹងតំណភ្ជាប់ស្ដីពីស្ថាប័នគ្រប់គ្រងទូរគមនាគមន៍របស់ ហ្វ៊ីលីពីន អនុម័តលើគម្រោងផ្ដល់សេវាកម្មអ៊ីនធើណិតរបស់គាត់។
ធៀបទៅនឹងតំបន់ដទៃ អាស៊ីអាគ្នេយ៍ ត្រូវបានវាយតម្លៃថាជាតំបន់ក្រីក្រមួយរបស់ ទ្វីបអាស៊ី ហើយល្បឿនអ៊ីនធើណិត មិនទាន់លឿន។ វត្តមានរបស់ Starlink នឹងជួយឱ្យអ្នកប្រើប្រាស់ទទួលបានបទពិសោធន៍អ៊ីនធើណិតល្បឿនលឿនជាងបច្ចុប្បន្ន។ ក្រុមហ៊ុនអ៊ីនធើណិតរបស់លោក Musk ក៏បានបង្ហាញមហិច្ឆតាក្នុងការរកស៊ីនៅទីនេះ ដោយអនុវត្តគម្រោងតាមជំហានៗ ក្នុងនោះ ចាប់ផ្ដើមដោយទីផ្សាររបស់ ហ្វ៊ីលីពីន ក្នុងឆ្នាំ ២០២២ បន្ទាប់មកគឺ ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី, វៀតណាម និង មីយ៉ានម៉ា នៅឆ្នាំ ២០២៣។
ចំពោះតំបន់ដែលសម្បូរទៅដោយកោះដូច អាស៊ីអាគ្នេយ៍ អ៊ីនធើណិតផ្កាយរណបមានប្រៀបជាងឆ្ងាយធៀបនឹងសេវាអ៊ីនធើណិតប្រភេទផ្សេង។
បច្ចុប្បន្ន សេវាអ៊ីនធើណិតរបស់ Elon Musk មានល្បឿនពី ១០០ ទៅ ២០០ MB/វិនាទី ខ្ពស់ជាងឆ្ងាយ ធៀបនឹងសេវាអ៊ីនធើណីតធម្មតានៅក្នុងតំបន់។ យោងតាម Speedtest ល្បឿនទាញយកទិន្នន័យដោយទូរស័ព្ទរបស់អ៊ីនធើណិតនៅ ឥណ្ឌូណេស៊ី គឺ ១៧.៩៦ MB/វិនាទី និង ហ្វ៊ីលីពីន គឺ ១៩.៤៥ MB/វិនាទី។
ទោះជាយ៉ាងណាក៏ដោយ Starlink នៅតែជួបឧបសគ្គច្រើន ពិសេសគឺតម្លៃ។ តម្លៃអ៊ីនធើណិតរបស់ Starlink ជាទូទៅរួមមាន ៥០០ ដុល្លារ សម្រាប់ឧបករណ៍ និង ៩៩ ដុល្លារ សម្រាប់សេវាអ៊ីនធើណិតប្រចាំខែ ខណៈដែលកញ្ចប់អ៊ីនធើណិតធម្មតានៅ ហ្វ៊ីលីពីន មានតម្លៃតែ ៥.៦៧ ដុល្លារ/ខែ។ ដូច្នេះ អ៊ីនធើណិតរបស់ Elon Musk ដំបូងប្រហែលជាត្រូវបានប្រើប្រាស់ដោយបណ្ដាក្រុមហ៊ុនដែលនៅឆ្ងាយៗ ក៏ដូចជារដ្ឋាភិបាល កងទ័ព និងបណ្ដាញទូរគមនាគមន៍ សម្រាប់ទុកជារបស់បង្ការអាសន្ន។
Starlink គឺជាគម្រោងប្រកបដោយមហិច្ឆតារបស់ក្រុមហ៊ុន SpaceX នៅក្នុងការផ្គត់ផ្គង់អ៊ីនធើណិតទូទាំងសកលលោក។ យោងតាមស្ថិតិ ពាក់កណ្ដាលនៃពិភពលោកបច្ចុប្បន្ន ដែលភាគច្រើនជាអ្នកក្រីក្រ និងអ្នកនៅតំបន់ដាច់ស្រយាល មិនមានអ៊ីនធើណិតប្រើប្រាស់ ឬត្រូវប្រើប្រាស់សេវាអ៊ីនធើណិតតម្លៃថ្លៃ និងរអាក់រអួល។
យោងតាមការគណនារបស់មហាសេដ្ឋីអាម៉េរិក Elon Musk នៅពេលជោគជ័យ គម្រោង Starlink របស់ SpaceX អាចរកបានប្រាក់ចំណូល ៣០ ពាន់លានដុល្លារអាម៉េរិក ជារៀងរាល់ឆ្នាំ៕