ស្ទើរតែមិនគួរឱ្យជឿទាល់តែសោះ ខណៈដែលលោក ឡេង ណាវ៉ាត់ត្រា ដែលជាផលិតករ និងជាអ្នកធ្វើជំនួញជាមួយវិស័យភាពយន្ត យកថវិកាយ៉ាងសន្ធឹកសន្ធាប់ដែលចំណេញបានពីការផលិត និងចាក់បញ្ចាំងខ្សែភាពយន្ត ទៅបរិច្ចាគជូនដល់ប្រជាពលរដ្ឋមានជីវភាពក្រីក្រជាង100គ្រួសារ ស្ថិតនៅក្នុងភូមិត្រពាំងស្នា ឃុំព្រះនិព្វាន ស្រុកគង់ពិសី ខេត្តកំពង់ស្ពឺ ។ យ៉ាងណាក៏ដោយ ជាមួយនឹងទឹកចិត្តសប្បុរសចូលរួមចែករំលែកនូវធនធានផ្ទាល់ខ្លួនខាងលើនេះ លោក ឡេង ណាវ៉ាត់ត្រា ក៏បានសង្កត់ធ្ងន់ផងដែរថា ការជួយឧបត្ថម្ភនេះមិនមែនជាការសម្ដែងដើម្បីទទួលបានប្រជាប្រិយភាពនោះទេ ប៉ុន្តែវាជាទង្វើដែលផុសចេញពីបេះដូងពិតៗ ខណៈដែលលោកក៏ធ្លាប់ឆ្លងកាត់ជីវភាពខ្សត់ខ្សោយផងដែរនោះ ។
ថ្លែងនៅក្នុងឱកាសនៃការផ្តល់អំណោយទៅដល់ប្រជាពលរដ្ឋក្រីក្រសរុបចំនួន101គ្រួសារខាងលើ ដែលរួមមាន អង្ករ ទឹកស៊ីអ៊ីវ ប្រេងឆា ប៊ីចេង និងថវិកាមួយចំនួនផងដែរនោះ ចាងហ្វាងផលិតកម្ម Galaxy លោក ឡេង ណាវ៉ាត់ត្រា បានលើកឡើងថា ថវិកាដែលលោកនាំយកមកជូនដល់ប្រជាពលរដ្ឋខាងលើនេះមានចំនួនប្រមាណជា 20លានរៀល ដែលបានមកពីការចំណេញពីការផលិត និងចាក់បញ្ចាំងរឿងដំបូងរបស់លោកដែលមានចំណងជើងថា «កំពូលល្ងង់នៅអាស៊ី» ។ លោកបានសង្កត់ធ្ងន់ថា ថ្វីត្បិតតែថវិកា ក៏ដូចជាគ្រឿងឧបភោគ បរិភោគទាំងនេះមានចំនួនតិចតួចក៏ពិតមែន ប៉ុន្តែវាអាចជួយដោះស្រាយទុក្ខលំបាកបានមួយគ្រា ហើយលោកក៏នៅតែបន្តស្វែងរកជំនួយផ្សេងៗទៀតដើម្បីជួយដល់ពលរដ្ឋក្រីក្រទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ។
អតីតពលករបម្រើការងារនៅប្រទេសកូរ៉េ រូបនេះបានបញ្ជាក់ថា ៖ «ខ្ញុំយល់ពីភាពលំបាក និងស្គាល់ពីរសជាតិក្រីក្រយ៉ាងច្បាស់ ព្រោះមុននឹងមានទ្រព្យធនដូចពេលបច្ចុប្បន្ននេះ ខ្ញុំក៏ធ្លាប់ក្រ បានព្រឹកខ្វះល្ងាច បានល្ងាចខ្វះព្រឹក ដូចជាបងប្អូនដែលជាប្រជាពលរដ្ឋទាំង101គ្រួសារនេះដែរ ប៉ុន្តែក្រោមការព្យាយាមជំនះភាពលំបាកទាំងឡាយ ទើបខ្ញុំអាចគេចចេញផុតពីជីវភាពខ្សត់ខ្សោយទាំងនោះ » ។ លោកបានបន្តថា ៖ «សម្រាប់ការជួយឧបត្ថម្ភក្នុងនាមជាសប្បុរសជនទាំងនេះនៅតែបន្ត ជាពិសេស បន្ទាប់ពីការចាក់បញ្ចាំងុរឿង «កំពូលល្ងង់នៅអាស៊ី» របស់ខ្ញុំត្រូវបានបញ្ចប់ នោះប្រាក់ដែលចំណេញបានទាំងប៉ុន្មាន ខ្ញុំនឹងយកមកប្រើជាមូលនីធីសប្បុរស សម្រាប់ចែកជូនបងប្អូនក្រីក្រដែលស្ថិតនៅតំបន់ផ្សេងៗទៀត » ៕