ទីភ្នាក់ងារសារព័ត៌មាន Moscow Times រាយការណ៍ថា ស្ពានដែលអនុញ្ញាតឱ្យយានយន្តធ្វើដំណើរឆ្លងកាត់ដំបូងដែលតភ្ជាប់ទឹកដីរបស់ រុស្ស៊ី ជាមួយនឹង ចិន ទើបតែត្រូវបានសម្ពោធបើកឱ្យធ្វើចរាចរណ៍កាលពីព្រឹកថ្ងៃទី ១០ មិថុនានេះ។
ភាគច្រើននៃសំណង់របស់ស្ពាន Blagoveshchensk-Heihe ខាងលើនេះ ត្រូវបានសាងសង់រួចរាល់តាំងពីចុងឆ្នាំ ២០១៩។
កន្លងមក សកម្មភាពដោះដូរទំនិញ និងការដឹកជញ្ជូននានារវាងទីក្រុង Blagoveshchensk (រុស្ស៊ី) និង Heihe (ចិន) តែងតែប្រព្រឹត្តទៅដោយប្រើប្រាស់ទូកកប៉ាល់។
រូបភាពពីពិធីសម្ពោធកាលពីព្រឹកមិញបង្ហាញថា រថយន្តដឹកទំនិញនានាបើរឆ្លងកាត់លើស្ពានដែលដោតទង់ពណ៌ស ខៀវ និងក្រហម ខណៈកាំជ្រួចផ្កាពណ៌ដូចគ្នានេះក៏ត្រូវបានបាញ់ទៅលើអាកាស ដើម្បីអបអរសាទរ។
គម្រោងស្ពាននេះត្រូវចំណាយទឹកប្រាក់អស់ ១៨.៨ ពាន់លានរូប្ល ក្នុងនោះ ១៤ ពាន់លានរូប្ល ត្រូវបានប្រើប្រាស់ក្នុងការសាងសង់ផ្នែកដែលនៅលើទឹកដីរបស់ រុស្ស៊ី។
រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនរុស្ស៊ី Vitaly Savelyev បានឱ្យដឹងថា គោលបំណងនៃការសាងសង់ស្ពាននេះ គឺដើម្បីបង្កើនការដោះដូរទំនិញទ្វេភាគីរវាង ចិន និង រុស្ស៊ី ឱ្យបានដល់ ១ លានតោនជារៀងរាល់ឆ្នាំ។