(ឥណ្ឌា)-សត្វស្វាញី ១ ក្បាល បានឱបកូនតូចរបស់វាមកកាន់បន្ទប់ពិនិត្យជំងឺនៅក្នុងរដ្ឋ Bihar ដើម្បីសុំវេជ្ជបណ្ឌិតឱ្យជួយព្យាបាលរបួសនៅលើផ្ទៃមុខ។
ក្នុងវីដេអូមួយដែលត្រូវបានគេចែករំលែកតគ្នានៅលើបណ្ដាញសង្គមក្នុងសប្ដាហ៍នេះ គេឃើញសត្វស្វាញី ១ ក្បាល រួមជាមួយកូនរបស់វា បានមកដល់បន្ទប់ពិគ្រោះជំងឺ SM Ahmed’s Medico នៅក្នុងទីក្រុង Sasaram រដ្ឋ Bihar ភាគខាងកើតនៃ ប្រទេសឥណ្ឌា កាលពីថ្ងៃទី ៨ មិថុនា។
វេជ្ជបណ្ឌិត Ahmed បានឱ្យដឹងថា ដំបូងគាត់មានអារម្មណ៍ភ័យខ្លាចនៅពេលឃើញសត្វស្វានេះចូលមកកាន់ទីតាំងរបស់គាត់ ប៉ុន្តែក្រោយមក គាត់ក៏បានឃើញរបួសនៅលើមុខរបស់សត្វស្វានេះ។ គាត់ក៏ធ្វើកាយវិការឱ្យស្វានេះចូលមកខាងក្នុងបន្ទប់ពិនិត្យជំងឺ ដោយយល់ពីគំនិតរបស់វេជ្ជបណ្ឌិត ស្វានេះក៏តោងឡើងកៅអី ហើយអង្គុយឱ្យវេជ្ជបណ្ឌិត Ahmed មើលរបួស។ កូនស្វាក៏មានរបួសត្រង់ជើង។
លោកគ្រូពេទ្យក៏បានចាក់ថ្នាំតេតាណូស និងលាបថ្នាំព្យាបាលឱ្យស្វាទាំងនេះ។ បន្ទាប់មក ពួកវាក៏ដេកសម្រាកនៅលើគ្រែអ្នកជំងឺ។
ហេតុការណ៍នេះក៏បានដឹងដល់មនុស្សម្នានៅជុំវិញ ហើយក្រុមមនុស្សដែលចង់ដឹងចង់ឃើញ ក៏នាំគ្នាមកមើល និងផ្ដិតយករូបភាពជាក់ស្ដែង។
បន្ទាប់ពីបាលរបួសរួច វេជ្ជបណ្ឌិត Ahmed ក៏បានស្នើឱ្យហ្វូងមនុស្សជៀសចេញ ទុកផ្លូវឱ្យសត្វស្វាដើរចេញពីបន្ទប់ព្យាបាល។