ទីប្រឹក្សាជាន់ខ្ពស់របស់ សហរដ្ឋអាម៉េរិក ស្ដីពីសន្តិសុខថាមពលសកល បានឱ្យដឹងថា ប្រទេសរុស្ស៊ី កំពុងទទួលបានផលចំណេញច្រើនពីតម្លៃប្រេង និងឧស្ម័នធម្មជាតិដែលកំពុងឡើងថ្លៃខ្ពស់។
Amos Hochstein បេសកជនពិសេសរបស់ ក្រសួងការបរទេសអាម៉េរិក ទទួលបន្ទុកសន្តិសុខថាមពល កាលពីថ្ងៃទី ៩ មិថុនា និយាយថា រុស្ស៊ី បច្ចុប្បន្នរកបានប្រាក់ច្រើនជាងពីការលក់ឥន្ធនៈហ្វូស៊ីល ធៀបនឹងដំណាក់កាលមុនពេលកងទ័ពប្រទេសនេះបើកយុទ្ធនាការយោធានៅ អ៊ុយក្រែន។
មន្ត្រីអាម៉េរិក ទទួលស្គាល់ថា តម្លៃផលិតផលថាមពលពិភពលោកបានឡើងខ្ពស់ ហើយវាក៏ត្រូវបានរុញច្រានបន្ថែមទៀតដោយទណ្ឌកម្មរបស់បស្ចិមលោក ដែលដាក់ទៅលើ រុស្ស៊ី ប្រការនេះបានជួយឱ្យ ទីក្រុងមូស្គូ កាត់បន្ថយបាននូវផលប៉ះពាល់មួយភាគធំដែលកើតឡើងដោយសារការរឹតត្បិតពីលោកខាងលិច។
នៅពេលត្រូវបានសួរថា រុស្ស៊ី កំពុងរកបានផលចំណេញបានច្រើនពីប្រេង និងឧស្ម័ន ធៀបនឹងប៉ុន្មានខែមុនមែន ឬទេ លោក Hochstein ឆ្លើយថា «ខ្ញុំមិនអាចបដិសេធប្រការនេះបានឡើយ»។
កាលពីពាក់កណ្ដាលខែឧសភា Bloomberg បានផ្សាយថា ប្រាក់ចំណូលពីការលក់ប្រេងរបស់ រុស្ស៊ី កើនឡើងខ្ពស់ បើទោះជាត្រូវរងសម្ពាធពីទណ្ឌកម្ម ដោយកើនប្រហែល ៥០% រាប់ចាប់ពីដើមឆ្នាំ ២០២២។
យោងតាម Reuters ការនាំចេញប្រេងរបស់ រុស្ស៊ី ទៅកាន់ ឥណ្ឌា បានកើនឡើងយ៉ាងគំហុកក្នុងខែឧសភា។ ចំណែកវិធានការដាក់ទណ្ឌកម្មរបស់លោកខាងលិច ទៅលើ រុស្ស៊ី ទំនងជាមិនមានប្រសិទ្ធភាព។ ប្រធានាធិបតីរុស្ស៊ី លោក ពូទីន កាលពីពេលថ្មីៗនេះក៏បាននិយាយថា ទណ្ឌកម្មរបស់បស្ចិមលោកគឺស្មើនឹងពាក់ថា «កាំបិតចិតដងឯង»។
កាលពីចុងសប្ដាហ៍កន្លង សមាគមរថយន្តអាម៉េរិក (AAA) បានប្រកាសថា តម្លៃប្រេងនៅ សហរដ្ឋអាម៉េរិក បានកើនឡើងទ្វេដងនៅក្នុងសម័យប្រធានាធិបតី បៃដិន និងឡើងដល់ចំណុចខ្ពស់ជាងគេបង្អស់ធៀបនឹងគ្រប់សម័យកាល ដោយឡើងដល់ ៤.៨១ ដុល្លារ/gallon កាលពីថ្ងៃទី ៣ មិថុនា៕