គម្រោងសាងសង់ចំណតកំពង់ផែកុងតឺន័រថ្មីទាំង ៣ ជំហាន នឹងធ្វើឱ្យវិស័យដឹកជញ្ជូនតាមផ្លូវសមុទ្ររបស់ កម្ពុជា កាន់តែរីកចម្រើន នៅពេលត្រូវបានដាក់ឱ្យដំណើរការពេញលេញនៅឆ្នាំ ២០៣០។
លោក ថៃ ឬទ្ធី អគ្គនាយករង ទទួលបន្ទុកអាជីវកម្ម នៃ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានប្រសាសន៍ថា កំពង់ផែកុងតឺន័រថ្មីជំហានទី ១ នឹងចាប់ផ្ដើមសាងសង់នៅចុងឆ្នាំ ២០២២ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ ២០២៥។ គម្រោងដែលទទួលបានប្រាក់កម្ចីជាង ២ ពាន់លានដុល្លារ ពី រាជរដ្ឋាភិបាលជប៉ុន នេះមានប្រវែង ៣៥០ ម៉ែត្រ និងជម្រៅទឹក ១៤.៥ ម៉ែត្រ អាចឱ្យកប៉ាល់ដែលមានសមត្ថភាពផ្ទុកកុងតឺន័រ ជាង ១,០០០ កុងតឺន័រ ចូលចតបាន និងជួយឱ្យតម្លៃដឹកជញ្ជូនចុះទាបជាងមុន ២០០ ដុល្លារ/កុងតឺន័រ។
ជំហានទី ២ នៃគម្រោងសាងសង់កំពង់ផែកុងតឺន័រខាងលើនេះ មានប្រវែង ៤០០ ម៉ែត្រ និងជម្រៅទឹក ១៦.៥០ ម៉ែត្រ នេះបើតាមលោក លោក ថៃ ឬទ្ធី។ លោកបន្ថែម សមត្ថភាពរបស់កំពង់ផែជំហានទី ២ ដែលនឹងត្រូវបានចាប់ផ្ដើមសាងសង់នៅក្នុងឆ្នាំ ២០២៥ និងដាក់ឱ្យដំណើរការចាប់ពីឆ្នាំ ២០២៨ ខាងមុខនេះ អាចអនុញ្ញាតឱ្យកប៉ាល់ដែលផ្ទុក ១០,០០០ កុងតឺន័រ ចូលចតបាន។
រីឯគម្រោងកំពង់ផែកុងតឺន័រថ្មីជំហានទី ៣ នឹងមានប្រវែង ៤៣០ ម៉ែត្រ និងជម្រៅទឹក ១៧.៥០ ម៉ែត្រ ហើយអាចទទួលការចូលចតរបស់បណ្ដាកប៉ាល់ធំៗដែលផ្ទុកកុងតឺន័ររហូតដល់ ១៥,០០០ កុងតឺន័រ។ គម្រោងជំហានទី ៣ នេះនឹងត្រូវបានសាងសង់ចាប់ពីឆ្នាំ ២០២៦ ហើយបញ្ចប់ការសាងសង់ និងដាក់ឱ្យដំណើរការនៅឆ្នាំ ២០៣០។
តាមការអះអាងរបស់លោក ថៃ ឬទ្ធី នៅពេលគម្រោងទាំងឡាយខាងលើត្រូវបានដាក់ឱ្យដំណើរការពេញលេញ វានឹងជួយឱ្យការដឹកជញ្ជូនទំនិញតាមកប៉ាល់ខ្នាតធំទៅ-មក កម្ពុជា បានល្អប្រសើរ។ លោកបញ្ជាក់ថា កំពង់ផែជំហានទី ៣ ខាងលើ នឹងមានសមត្ថភាពប្រហាក់ប្រហែល ឬលើសពីកំពង់ផែមួយចំនួននៅក្នុងតំបន់ ក្នុងនោះ វានឹងមានជម្រៅទឹកជ្រៅជាងកំពង់ផែ Cai Mep របស់ វៀតណាម ទៀតផង។