Skip to content

ជប៉ុន​ផ្តល់​បច្ចេកទេស​សាងសង់​លូ​នៅ​ទីកន្លែង​តូចចង្អៀត

ភ្នំពេញ៖ ស្រប​ពេលដែល​ជំនន់​ទឹកភ្លៀង​បាន​ជន់​លិចលង់​ជា​បន្តបន្ទាប់​នៅតាម​ទីតាំង​ភូមិសាស្ត្រ​មួយចំនួន​ក្នុង​ក្រុងភ្នំពេញ​នោះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​សហការ​ជាមួយ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) ដើម្បី​បណ្តុះបណ្ដាល​ជំនាញ​សាង​បណ្តាញ​លូបង្ហូរទឹក​នៅក្នុង​ទីតាំង​ដែលមាន​កន្លែង​តូចចង្អៀត​មួយចំនួន​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ។

ឯកឧត្តម ហេង រត្ន​ពិសិដ្ឋ អគ្គនាយក​សាធារណកា​រ​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​មានប្រសាសន៍ថា ដោយមាន​កំណើនប្រជាជន កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ប្រទេស​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ជា​រូបវ័ន្ដ ជាពិសេស​ក្នុង​ទីក្រុង និង​ទីប្រជុំជន​ដែលមាន​ប្រជាជន​រស់នៅ​ច្រើន ការសាងសង់​សំណង់​ក្រោម​ដី ដូចជា​ការសាងសង់​ប​ណ្តា​ញ​លូ និង​បរិក្ខារ​ផ្លូវថ្នល់ផ្សេងៗបាន​ក្លាយជា​បញ្ហា​ប្រឈម​ខ្លាំង​សម្រាប់​ក្រសួង ស្ថាប័ន និង​មន្ទីរ​សាធារណការ​ខេត្ត ដែល​ទទួលខុសត្រូវ​លើ​ការងារ​សាងសង់ ថែទាំ-ជួសជុល និង​សម្រាប់​វិស្វករ​សំណង់​ស៊ីវិល​ផងដែរ។

ដើម្បី​បង្កើន​ការយល់ដឹង​បន្ថែម និង​បច្ចេកវិទ្យាថ្មីៗដែល​មិន​ចំណាយ​ច្រើន កាត់បន្ថយ​ផលប៉ះពាល់ ឬ​ការរំខាន​ដល់​ប្រជាពលរដ្ឋ និង​បរិស្ថាន​កម្រិត​អតិបរមា ផ្តល់​ផល​កម្រិត​អតិបរមា​នោះ នៅ​ថ្ងៃទី26 ខែកញ្ញា ឆ្នាំ2017 អគ្គនាយកដ្ឋាន​សាធារណការ​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដោយមាន​នាយកដ្ឋាន​សំណង់​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ (SMCD) សហការ​ជាមួយ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) បានរៀបចំ​សិក្ខាសាលា វគ្គ​បំពាក់​បំប៉នបន្ថែម​មួយ​ដល់​មន្ត្រី​ជំនាញ​ដែល​កំពុង​បម្រើការ​តាម​នាយកដ្ឋាន និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​មួយចំនួន​ដែលជា​សេនាធិការ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

សិក្ខាសាលា​ចំណាយពេល​ពេញ​មួយថ្ងៃ​ស្តីអំពី៖

1.បច្ចេកវិទ្យា​នៃ​ការដាក់​លូ​ដោយ​មិន​ជីករណ្តៅ (Trenchless Pipe Installation/Pipe Jacking Method)។

2.ផលិតផល​បណ្តាញ​លូ​ចាក់​រួចស្រេច​ដែលមាន​រង្វង់​មុខកាត់ផ្សេងៗ ឃឿន​ផ្លូវ​ធ្វើ​ពី​បេតុង​ចាក់​ស្រាប់ និង​ឥដ្ឋការ៉ូ​រៀប​ចិញ្ចើមផ្លូវ និង​ទ្រូងផ្លូវ​របស់​ក្រុមហ៊ុន​ជប៉ុន​មួយ​នៅ​កម្ពុជា​ក៏ត្រូវ​បានបង្ហាញ​នៅក្នុង​អង្គសិក្ខាសាលា​នេះ​ផងដែរ ។

គួរ​បញ្ជាក់ថា អង្គសិក្ខាសាលា​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង មានការ​បញ្ចេញ​មតិយោបល់​ទទួលយក​នូវ​បច្ចេកទេស វិធីសាស្ត្រ​សាងសង់​លូ​ក្នុង​ទីកន្លែង​តូចចង្អៀត​ដែល​សមស្រប​នឹង​ស្ថានភាព​ជាក់ស្តែង​នៅ​កម្ពុជា និង​ចែករំលែក​ពីបទ​ពិសោធ​គ្នា​ទៅវិញទៅមក​រវាង​មន្ត្រី​បច្ចេកទេស​កម្ពុជា និង​អ្នកជំនាញ​របស់​អង្គការ(JICA)ជប៉ុន៕

Leave a Reply

Your email address will not be published. Required fields are marked *