(ប្រទេសចិន)-ក្រុមបុរាណវត្ថុវិទូបានរកឃើញថា រូបចម្លាក់ព្រះពុទ្ធដ៏ធំនៅក្នុងរូងភ្នំ Longmen Grottoes នៅ ខេត្ត Henan ទំនងជាធ្លាប់ត្រូវបានស្រោបមាស ប្រាក់ និងដាំកញ្ចក់ពណ៌។
ក្រុមស្រាវជ្រាវខាងលើប្រមូលបានភស្ដុតាងថ្មីជាច្រើននៅក្នុងគម្រោងអភិរក្សល្អាងថ្ម Longmen។ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប ពួកគេបានរកឃើញដានមាស និងប្រាក់នៅលើព្រះភក្ត្ររបស់ព្រះពុទ្ធរូប Lu She Na Buddha ដែលត្រូវបានកសាងកាលពីសម័យរាជវង្សតាង (Tang dynasty) ចន្លោះពីឆ្នាំ ៦១៨ ដល់ ៩០៧។ «ប្រការនេះបង្ហាញថា បច្ចេកទេសស្រោបលោហធាតុអាចត្រូវបានប្រើប្រាស់ក្នុងការសាងសង់រូបចម្លាក់ព្រះពុទ្ធខាងលើ» Shi Jiazhen ប្រធានវិទ្យាស្ថានស្រាវជ្រាវចិន ឱ្យដឹងដូច្នេះ។
នៅលើផ្ទៃព្រះភក្ត្ររបស់រូបចម្លាក់ ក្រុមស្រាវជ្រាវបានរកឃើញស្នាមថ្នាំលាបដែលមានពណ៌បៃតង ក្រហម ខ្មៅ និងពណ៌ផ្សេងៗជាច្រើនទៀត ដែលនេះអាចឱ្យយើងជឿបានថា រូបចម្លាក់នេះ ទំនងជា «គ្រងចីវរយ៉ាងស្រស់ឆើត» នៅសម័យនោះ។
ក្រៅពីការរកឃើញខាងលើ ក្រុមអ្នកស្រាវជ្រាវក៏បានរកឃើញគ្រាប់ព្រះនេត្រដែលធ្វើអំពីកញ្ចក់ពណ៌ និងសំណ នៅលើរូបចម្លាក់ព្រះពោធិសត្វដែលនៅខាងស្ដាំនៃរូបចម្លាក់ព្រះពុទ្ធ Lu She Na Buddha ផងដែរ។ គ្រាប់ព្រះនេត្រនេះមានរាងជាដងធ្នូ និងប្រវែងប្រហែល ០.៥ ស.ម។