កំណែគំរូតាក់ស៊ីហោះដែលមានទំហំស្មើនឹង ១/២ នៃកំណែពិតរបស់ក្រុមហ៊ុន Pantuo Aviation សម្រេចបាននូវការសាកល្បងស្ដីពីរចនារូបរាង និងប្រព័ន្ធហោះហើរ។
ក្រុមហ៊ុន Pantuo Aviation បានបង្ហើបឱ្យដឹងអំពីរចនារូបរាងរបស់តាក់ស៊ីហោះ Pantala Concept H កាលពីឆ្នាំកន្លង។ ពេលនេះ បន្ទាប់ពីការប្រឹងប្រែងអភិវឌ្ឍអស់រយៈពេលមួយឆ្នាំ Pantuo Aviation ក៏បានបញ្ចេញវីដេអូដំបូងស្ដីពី T១ ដែលជាកំណែគំរូដែលមានទំហំស្មើនឹងពាក់កណ្ដាលនៃទំហំរបស់ Pantala Concept H នេះបើតាម New Atlas ចេញផ្សាយកាលពីថ្ងៃទី ៧ មិថុនា។
តាមគម្រោង Pantala Concept H នឹងមានល្បឿន ៣០០ គីឡូម៉េត្រ/ម៉ោង និងហោះបានរយៈចម្ងាយ ២៥០ គីឡូម៉ែត្រ។ តាក់ស៊ីហោះនេះប្រើប្រាស់អគ្គិសនីទាំងស្រុង ដោយបំពាក់ថ្ម lithium-ion និងប្រព័ន្ធកង្ហារចំនួន ២២ គ្រឿង។ កង្ហារទាំងអស់របស់ Pantala Concept H នឹងផ្ដេកខ្លួននៅពេលងាកពីការហោះឡើងត្រង់ទៅរកការហោះឆ្ពោះទៅមុខ។
យោងតាម Pantuo Aviation ការប្រឹងប្រែងរបស់ពួកគេក្នុងឆ្នាំកន្លងបាននាំមកនូវមូលដ្ឋានរឹងមាំសម្រាប់ការអភិវឌ្ឍ Pantala Concept H កំណែពេញលេញ។ ក្រុមហ៊ុននេះដាក់គោលដៅយកឱ្យបាននូវវិញ្ញាបនបត្រទទួលស្គាល់ ហើយចាប់ផ្ដើមដំណើរការសេវាកម្មតាក់ស៊ីហោះរបស់ខ្លួនយ៉ាងយូរត្រឹមឆ្នាំ ២០២៧។
ក្រៅពី Pantuo Aviation ក៏នៅមានក្រុមហ៊ុនរបស់ អាល្លឺម៉ង់ ចំនួន ២ គឺ Lilium និង Volocoter ដែលសុទ្ធតែប្រកាសថានឹងដំណើរការសេវាតាក់ស៊ីហោះរបស់ខ្លួននៅឆ្នាំ ២០២៤។ ក្រុមអ្នកជំនាញព្យាករថា ទីផ្សារតាក់ស៊ីហោះនឹងមានតម្លៃឡើងដល់ ៦.៦៣ ពាន់លានដុល្លារនៅឆ្នាំ ២០៣០។