ប្រទេសចិន មានគម្រោងសាងសង់រោងចក្រនៅលើមេឃនៅឆ្នាំ ២០២៨ ដើម្បីផលិតអគ្គិសនីពីថាមពលព្រះអាទិត្យ និងបញ្ជូនអគ្គិសនីពីរយៈកម្ពស់ ៤០០ គីឡូម៉ែត្រ មកកាន់ផែនដី។
យោងតាមគម្រោងថ្មីដែលត្រូវបានចុះផ្សាយនៅលើទំព័រទស្សនាវដ្ដី Chinese Space Science and Technology ផ្កាយរណប ១ គ្រឿងនឹងត្រូវបានបាញ់បង្ហោះដើម្បីសាកល្បងបច្ចេកវិទ្យាបញ្ជូនអគ្គិសនីពីទីអវកាសមកកាន់ផែនដីដោយមិនបាច់មានខ្សែ។ ក្រុមអ្នកវិទ្យាសាស្ត្រចិន ឱ្យដឹងថា ផ្កាយរណបនេះនឹងបំប្លែងថាមពលព្រះអាទិត្យទៅជារលកវិទ្យាសកម្មអេឡិចត្រូម៉ាញេទិក មីក្រូវ៉េវ (Microwave) ឬ ឡាស៊ែរ រួចបញ្ជូនថាមពលនេះតម្រង់មកកាន់គោលដៅនានា រួមទាំងស្ថានីយនៅលើដី និងផ្ការណបដែលកំពុងហោះហើរនៅលើមេឃ។ រោងចក្រអគ្គិសនីអវកាសនេះអាចផលិតអគ្គិសនីបាន ១០ គីឡូវ៉ាត់ម៉ោង គ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តម្រូវការនៃគ្រួសារជាច្រើនគ្រួ។
ក៏ប៉ុន្តែ បច្ចេកវិទ្យាខាងលើអាចពង្រីកទំហំបាន ហើយអាចក្លាយជាដំណោះស្រាយដ៏មានប្រសិទ្ធភាព រួមចំណែកក្នុងការឆ្ពោះទៅរកគោលដៅ «មិនបំភាយឧស្ម័នកាបូន» នេះបើតាមសាស្ត្រចារ្យ Dong Shiwei មកពីបន្ទប់ពិសោធន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាមីក្រូវ៉េវអវកាស នៃ បណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិន នៅ ទីក្រុងស៊ីអាន (Xi’an) នៃ ខេត្តសាងស៊ី (Shaanxi)។
Dong និងសហការីបានឱ្យដឹងថា គម្រោងនេះត្រូវបានផ្ដួចផ្ដើមដំបូងកាលពីឆ្នាំ ២០១៤ និងត្រូវបានកែប្រែជាបន្តបន្ទាប់ដើម្បីសម្របទៅតាមបច្ចេកវិទ្យា ក៏ដូចជាស្ថានការណ៍ថ្មីនៅក្នុង និងក្រៅប្រទេស។
ក្រុមការងារខាងលើក៏បានរៀបរាប់អំពីបញ្ហាដែលត្រូវប្រឈមនៅពេលអនុវត្តគម្រោងនេះ។ ការបញ្ជូនរលកថាមពលកម្រិតខ្ពស់ពីចម្ងាយឆ្ងាយគឺទាមទារឱ្យមានអង់តែនប្រវែងរាប់រយ ឬរាប់ពាន់ម៉ែត្រ។ រាល់ការប្រែប្រួលរបស់ខ្យល់ព្រះអាទិត្យ ទំនាញ ឬប្រព័ន្ធរុញច្រាន ក៏អាចធ្វើឱ្យប្រសិទ្ធភាពនៃការបញ្ជូនអគ្គិសនីដោយមិនប្រើប្រាស់ខ្សែ និងកម្រិតនៃការបញ្ជូនចំគោលដៅ ត្រូវថយចុះទាបខ្លាំង។
ក្រៅពីបញ្ហាធំខាងលើ គម្រោងបែបនេះក៏នឹងត្រូវដោះស្រាយបញ្ហាជាច្រើនផ្សេងទៀត ដូចជា ការធ្វើឱ្យម៉ាស៊ីនសំខាន់ៗចុះត្រជាក់, ការដំឡើងហេដ្ឋារចនាសម្ព័ន្ធនៅទីអវកាស, ការបញ្ជូនរលកថាមពលកម្រិតខ្ពស់ឆ្លងកាត់ស្រទាប់បរិយាកាសគ្រប់ស្ថានភាពអាកាសធាតុ, ការទប់ស្កាត់អាចម៍ផ្កាយ និងសំរាមអវកាស ឬការវាយប្រហារពីគូប្រជែងជាដើម។
យោងតាមគម្រោងថ្មីនេះ រោងចក្រផលិតអគ្គិសនីព្រះអាទិត្យខ្នាតធំក្នុងទីអវកាសនឹងត្រូវបានសាងសង់ជា ៤ ដំណាក់កាល។ ពីរឆ្នាំបន្ទាប់ពីការបាញ់បង្ហោះដំបូង កម្មវិធីនឹងនាំយកផ្កាយរណប ១ គ្រឿងផ្សេងទៀតដែលមានកម្លាំងខ្លាំងជាង ឡើងទៅកាន់គន្លងគោចរ Geostationary orbit ដែលស្ថិតនៅលើខ្សែអេក្វាទ័រ កម្ពស់ ៣៦,០០០ គីឡូម៉ែត្រ ពីដី ដើម្បីធ្វើការសាកល្បងមុខងារច្រើនជាងមុន។ រោងចក្រអគ្គិសនី ១០ គីឡូវ៉ាត់នេះនឹងផ្ដើមបញ្ជូនអគ្គិសនីដើម្បីបម្រើដល់វិស័យយោធា និងស៊ីវិល ចាប់ពីឆ្នាំ ២០៣៥។ ដល់ឆ្នាំ ២០៥០ ផលិតភាពរបស់រោងចក្រនឹងកើនដល់ ២ ជីហ្គាវ៉ាត់ ប្រហាក់ប្រហែលនឹងរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអែរខ្នាតមធ្យម។
អ្នកវិទ្យាសាស្ត្រមួយរូបនៅ ប៉េកាំង ដែលសុំមិនបញ្ចេញឈ្មោះ ឱ្យដឹងថា រោងចក្រអគ្គិសនីព្រះអាទិត្យក្នុងទីអវកាសអាចដំណើរការបានរលូនជាងនៅលើដី ដោយសារអាចផលិតអគ្គិសនី ២៤/។ ក៏ប៉ុន្តែ មិនទាន់ដឹងច្បាស់ថា វាបង្កផលប៉ះពាល់ដល់សុខភាពរបស់មនុស្សដែលនៅក្បែរស្ថានីយប្រមូលរលកថាមពលនេះដែរ ឬយ៉ាងណានៅឡើយ៕