«និស្សិតខ្មែរភាគច្រើនយល់ច្រឡំថា ឱ្យតែចង់ចេះមុខវិជ្ជាពាក់ព័ន្ធនឹងកុំព្យូទ័រសុទ្ធតែត្រូវសិក្សាផ្នែកបច្ចេកវិទ្យា ព័ត៌មានវិទ្យា (ICT)ទាំងអស់» នេះជាការលើកឡើងរបស់បណ្ឌិត ឯក មនោសែន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យធនធានមនុស្ស ដែលបានថ្លែងនៅក្នុងសិក្ខាសាលាដ៏ធំប្រចាំឆ្នាំស្តីពី យុទ្ធសាស្ត្រក្នុងការជ្រើសរើសមុខជំនាញដែលត្រឹមត្រូវ និងឱកាសទទួលបានអាហារូបករណ៍ទៅសិក្សានៅបរទេស។
លោកបណ្ឌិត ឯក មនោសែន បានលើកឡើងផងដែរថា យុវជនបច្ចុប្បន្នតែងតែឮគេនិយាយថា ការងារនាពេលបច្ចុប្បន្នទាមទារឱ្យចេះ ICT ហើយម្នាក់ៗក៏សម្រុកមករៀនផ្នែក ICT ព្រោះតែមានការយល់ច្រឡំ។ តាមពិតទៅការងារទាំងអស់សុទ្ធតែត្រូវការចំណេះដឹងកុំព្យូទ័រ តែមិនមែនត្រូវការជំនាញបច្ចេកវិទ្យា ព័ត៌មានទាំងអស់នោះទេ។
បណ្ឌិត ឯក មនោសែន បាននិយាយថា៖ «គ្រប់ការងារទាំងអស់មិនមែនត្រូវការជំនាញផ្នែកកូដ ឬផ្នែកកម្មវិធីជ្រៅៗនៃមុខជំនាញព័ត៌មានវិទ្យានោះទេ តែការសិក្សាជំនាញកុំព្យូទ័រវាមានបែបផែនផ្សេងៗគ្នា។ ជាឧទាហរណ៍ អ្នកសិក្សាគណនេយ្យត្រូវការជំនាញកុំព្យូទ័រ តែគេមិនចាំបាច់ត្រូវរៀន ICT នោះទេ គេរៀនតែកម្មវិធីមួយចំនួនដូចជា Quick Book ឬ Peach Tree ជាដើមក៏បាន ហើយអ្នកសិក្សាព័ត៌មានវិទ្យាក៏មិនប្រាកដថា ចេះកម្មវិធីទាំងអស់នេះដែរ»។
អ្នកជំនាញផ្នែកអប់រំខាងលើបានលើកឡើងផងដែរថា តាមពិតទៅអ្នកណាក៏ត្រូវចេះកុំព្យូទ័រដែរ តែកម្មវិធីមួយចំនួនយើងអាចសិក្សាវគ្គខ្លីៗ ឬរៀនដោយខ្លួនឯងបាន ហើយនៅសាកលវិទ្យាល័យក៏គេមានបង្រៀនវគ្គកុំព្យូទ័រដែលត្រូវជាមួយនឹងអាជីពការងារនោះដែរ។ សូមនិស្សិតកម្ពុជាកុំមានការយល់ច្រឡំគិតថា បើចង់រៀនជំនាញណាមួយហើយ ត្រូវតែរៀនជំនាញ ICT មួយមុខទៀតទើបមានការងារធ្វើ ដែលតាមពិតទៅវាមិនមែនដូច្នោះទេ៕