រាជធានីភ្នំពេញ មានអគារខ្ពស់ៗ ចំនួន ១,៦០៣ អគារ ក្នុងនោះ អគារកម្ពស់ចាប់ពី ២០ ជាន់ឡើងទៅ មានចំនួន ២២៥ អគារហើយ គិតត្រឹមដើមឆ្នាំ ២០២២ នេះបើតាម លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
នៅក្នុងពិធីបើកសម្ពោធផ្សារទំនើប ព្រីនស៍ ថាមសឃែ្វរ នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ៧ មិថុនា ២០២២ លោកអភិបាលរាជធានី ឱ្យដឹងថា បច្ចុប្បន្ន សំណង់បុរី និងបណ្ដុំផ្ទះល្វែង នៅ រាជធានីភ្នំពេញ មានចំនួន ៣១០ កន្លែង ខណៈអគារខ្ពស់ៗមានចំនួន ១,៦០៣ អគារ ក្នុងនោះ អគារកម្ពស់ចាប់ពី ២០ ជាន់ឡើងទៅ មានចំនួន ២២៥ អគារ គិតត្រឹមដើមឆ្នាំ ២០២២ បើទោះរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ-១៩។
លោកបញ្ជាក់ថា រាជធានី ទទួលបានគម្រោងសាងសង់ថ្មីៗពីវិស័យឯកជនឡើងដល់ជាង ១,០០០ គម្រោង ដែលសាងសង់លើផ្ទៃដី ៤.៦៣ លានម៉ែត្រក្រឡា ជាមួយនឹងខ្ទង់វិនិយោគសរុបប្រមាណ ២.២៦ ពាន់លានដុល្លារអាម៉េរិក។
លោក ឃួង ស្រេង ថ្លែងថា សេដ្ឋកិច្ចរបស់ កម្ពុជា ត្រូវបានព្យាករថា នឹងមានកំណើនកើនឡើងបន្តទៀតនាពេលខាងមុខ នៅពេលដែលវិនិយោគិនទាំងឡាយមានទំនុកចិត្តទៅលើវិស័យអចលនទ្រព្យ ពិសេសគឺអគារពាណិជ្ជកម្ម និងអគារស្នាក់នៅលំដាប់ប្រណិត។ល។