ភ្នំពេញ៖ មកទល់ឆ្នាំ2017នេះ ការងារក្នុងប្រទេសអាស៊ានកាន់តែមានភាពវិវឌ្ឍទៅមុខគួរឱ្យកត់សម្គាល់ ដោយក្នុងនោះប្រទេសជាសមាជិកអាស៊ានបានរួមឯកភាពគ្នាជាធ្លុងមួយក្នុងការលើកលែងពន្ធដល់គ្នាទៅវិញទៅមក។ តើមានប្រទេសណាខ្លះហើយ ដែលបានលើកលែងពន្ធនាំចេញនាំចូលនេះ?
នៅខែកញ្ញា ឆ្នាំ2017 កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធលើកទី49បានធ្វើឡើងនៅទីក្រុងប៉ាសៃ ប្រទេសហ្វីលីពីន រួមមានតំណាងប្រតិភូថ្នាក់ដឹកនាំប្រទេសជាសមាជិកអាស៊ានជាមួយនឹងដៃគូពិភាក្សារបស់អាស៊ានរួមមាន អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន សាធារណរដ្ឋកូរ៉េ នូវែលហ្សេឡង់ រុស្សី និងសហរដ្ឋអាមេរិក។
កិច្ចប្រជុំនេះទទួលបានលទ្ធផលជាផ្លែផ្កាដោយប្រទេសក្នុងអាស៊ានបានរួមគ្នាលើកលែងរបាំងពន្ធស្ទើរតែ 100% ទៅហើយ ដោយក្នុងនោះការលុបចោលរបាំងពន្ធគយក្រោមក្របខ័ណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មលើទំនិញ បានបង្ហាញថា ប្រទេសប្រ៊ុយណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ (ASEAN 6) បានលុបចោល 99.2% នៃបន្ទាត់ពន្ធគយ។ ដោយឡែកកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (CLMV) បានលុបបំបាត់នូវ 90.9% នៃបន្ទាត់ពន្ធគយសរុបដែលគិតជាមធ្យមមាន96.01នៃបន្ទាត់ពន្ធគយសរុបត្រូវបានលុបបំបាត់រវាងប្រទេសជាសមាជិកអាស៊ាន។
ជាមួយកិច្ចពិភាក្សារវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងកាណាដា រួមបញ្ចូលកិច្ចពិភាក្សាក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-កាណាដា (6th AEM-Canada Consultations including Dialogue with Canada – ASEAN Business Council (CABC)៖ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានស្វាគមន៍ចំពោះការបញ្ចប់នូវការសិក្សាបឋមរួមក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-កាណាដា។ ក្រៅពីនោះផងដែរ រដ្ឋមន្ត្រីអាស៊ានក៏បានកត់សម្គាល់ពីវឌ្ឍនភាពនៃការអនុវត្តផែនការ 2016-2020 ក្នុងការអនុវត្តសេចក្ដីប្រកាសរួមស្ដីពីពាណិជ្ជកម្ម និងវិនិយោគអាស៊ាន-កាណាដា ដែលមានគោលបំណងជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី និងគាំទ្រដល់កិច្ចផ្ដួចផ្ដើមផ្សេងៗដោយវិស័យឯកជន។
គួរបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងរដ្ឋមន្ត្រីពាណិជ្ជកម្មចិនលើកទី16 (16th AEM-MOFCOM (China) Consultations) កន្លងទៅបានបង្ហាញឱ្យដឹងថា ពាណិជ្ជកម្មលើទំនិញរវាងអាស៊ាន និងចិនមានតម្លៃ 368 ប៊ីលានដុល្លារអាមេរិកនៅឆ្នាំ2016 ស្មើនឹង 16.5% នៃទំហំពាណិជ្ជកម្មលើទំនិញសរុបរបស់អាស៊ាន។ ចំណែកលំហូរវិនិយោគដោយផ្ទាល់ពីបរទេស(FDI) ពីប្រទេសចិនមកអាស៊ាន មានតម្លៃ 9.2ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ2016 ស្មើនឹង 9.5% នៃលំហូរសរុបរបស់អាស៊ាន៕