ប្រទេសសេណេហ្គាល់ កាលពីថ្ងៃទី ៣១ ឧសភា បានចាប់ផ្ដើមសាងសង់រោងចក្របន្សាបទឹកប្រៃដំបូងរបស់ខ្លួន ដើម្បីកាត់បន្ថយស្ថានភាពខ្វះទឹកនៅ រដ្ឋធានីដាកា។
ក្នុងពិធីសម្ពោធបើកការដ្ឋាននៅខណ្ឌ Mamelles ក្នុង រដ្ឋធានីដាកា កាលពីថ្ងៃអង្គារ ប្រធានាធិបតីសេណេហ្គាល់ Macky Sall សង្កត់ធ្ងន់ថា នេះគឺជា «គម្រោងដ៏ស្មុគស្មាញ និងមិនធ្លាប់មានពីមុនមក» ដែលនេះគឺជាចំណុចចាប់ផ្ដើមដ៏សំខាន់ក្នុងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយមហិច្ឆតា ដើម្បីរុញច្រានប្រទេសនេះឱ្យក្លាយជាសេដ្ឋកិច្ចលេចធ្លោថ្មីនៅឆ្នាំ ២០៣៥។
រោងចក្រដែលស្ថិតនៅក្បែរឆ្នេរសមុទ្រនេះនឹងអាចបន្សាបទឹកដែលយកពីមហាសមុទ្រអាត្លង់ទិក បាន ១០០,០០០ ម៉ែត្រគូបជារៀងរាល់ថ្ងៃ។ គម្រោងនេះនឹងត្រូវការកែលម្អផ្លូវជាង ៣០០ គីឡូម៉ែត្រ ដើម្បីដាក់បំពង់បង្ហូរទឹក។
នៅពេលដំណើរការពេញលេញ គម្រោងនេះអាចផ្គត់ផ្គង់ទឹកស្អាតដល់ ១៦ ខណ្ឌរបស់ រដ្ឋធានីដាកា ដែលបច្ចុប្បន្នមានប្រជាជនជាង ១ លាននាក់។ ប្រការនេះមិនត្រឹមតែជួយបង្កើនទិន្នផលនៃការផលិតទឹកស្អាតនៅ ដាកា ប៉ុណ្ណោះទេ តែក៏ជួយការពារប្រភពទឹកក្រោមដីទុកសម្រាប់ក្មេងជំនាន់ក្រោយផងដែរ។