កិច្ចព្រមព្រៀងហិរញ្ញប្បទាន សហប្រតិបតិ្តការ រវាង កម្ពុជា និង អាល្លឺម៉ង់ ត្រូវបានចុះហត្ថលេខារួចហើយ ដោយក្នុងនោះ អាល្លឺម៉ង់ សន្យាផ្តល់ឥណទាន សម្បទានជាថ្មី ចំនួន ៣០ លានអឺរ៉ូ ដល់ កម្ពុជា សម្រាប់គម្រោងលើកកម្ពស់ប្រសិទ្ធភាពក្នុងការផ្គត់ផ្គង់ថាមពលអគ្គិសនីនៅជនបទលើកទី២ ដែលនេះនឹងផ្ដោតសំខាន់ទៅលើ ខេត្តសៀមរាប។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួប រវាងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចកម្ពុជា និងលោក Christian Berger ឯកអគ្គរដ្ឋទូតរបស់ អាល្លឺម៉ង់ ប្រចាំ កម្ពុជា នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីចុងខែឧសភា ឆ្នាំ ២០២២។
កន្លងមក អាល្លឺម៉ង់ ក៏ធ្លាប់បានផ្តល់ឥណទានសម្បទាន ប្រមាណ ៣០ លានអឺរ៉ូ ដល់ កម្ពុជា លើកទី១ សម្រាប់គម្រោងខាងលើ កាលពីឆ្នាំ ២០១៩។ ក្នុងឆ្នាំ ២០២០ អាល្លឺម៉ង់ ក៏បានផ្តល់ ៣០ លានអឺរ៉ូ ទៀត ដល់ កម្ពុជា សម្រាប់កម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ។
គិតចាប់ពីឆ្នាំ ១៩៩២ ដល់ដំណាច់ឆ្នាំ ២០២១ អាល្លឺម៉ង់ បានផ្តល់ហិរញប្បទានសហប្រតិបត្តិការ ដល់ កម្ពុជា សរុបប្រហែល ៧២០ លានដុល្លារអាម៉េរិក ក្នុងនោះមាន ហិរញ្ញប្បទានឥតសំណង ប្រហែល ៦៥០ លានដុល្លារ និងឥណទានសម្បទាន ប្រហែល ៧០ លានដុល្លារអាម៉េរិក។