ក្រុមអ្នកវិទ្យាសាស្ត្រចិន ថ្មីៗនេះ បានអភិវឌ្ឍយន្តការបន្តពូជជ្រូកតាមបែបសិប្បនិម្មិត និងស្វ័យប្រវត្តិទាំងស្រុងតាមរយៈការប្រើប្រាស់រ៉ូបូត ដែលនេះអាចជួយឱ្យប្រទេសដែលបរិភោគសាច់ជ្រូកច្រើនជាងគេក្នុងពិភពលោក កាត់បន្ថយការពឹងផ្អែកលើពូជជ្រូកនាំចូល។
យោងតាមសារព័ត៌មានចិន ក្រុមអ្នកស្រាវជ្រាវរបស់សាស្ត្រាចារ្យ Zhao Xin នៃសាកលវិទ្យាល័យ Nankai រួមនឹងវិទ្យាស្ថានបសុសត្វ និងបសុពេទ្យ នៃ សាកលវិទ្យាល័យវិទ្យាសាស្ត្រកសិកម្ម Tianjin បានអភិវឌ្ឍដោយជោគជ័យនូវយន្តការបន្តពូជជ្រូកបែបសិប្បនិម្មិត និងស្វ័យប្រវត្តិទាំងស្រុង ដោយការប្រើប្រាស់រ៉ូបូត និងបាន «បន្តពូជ» ដោយជោគជ័យទៅលើសត្វជ្រូក Landrace ចំនួន ៧ ក្បាល កាលពីថ្ងៃទី ៣១ មីនា ២០២២។
ជ្រូកមេធម្មតាមួយក្បាលបាន «ពពោះជំនួស» ក្នុងរយៈពេល ១១០ ថ្ងៃ ហើយបង្កើតបានកូនជ្រូក ៧ ក្បាល។ ទាំងនេះគឺជាកូនជ្រូកដែលត្រូវបានបន្តពូជដោយស្វ័យប្រវត្តិ និងដោយមិនត្រូវការឈ្មោលដំបូងគេក្នុងពិភពលោក។
លទ្ធផលនៃការស្រាវជ្រាវបង្ហាញថា ចំនួនកូនជ្រូកក្នុងមួយសម្បុកដែលជ្រូកមេ «ពពោះជំនួស» ដោយយន្តការស្វ័យប្រវត្តិបានបង្កើត បានកើនដល់ ៨ ក្បាល ស្មើនឹងជាង ៦០% ធៀបនឹងមធ្យមភាគមិនដល់ ៥ ក្បាលក្នុង ១ សម្បុកដែលបង្កើតដោយការបន្តពូជសិប្បនិម្មិតធម្មតា។
ជ្រូកបន្តពូជដោយរ៉ូបូតស្វ័យប្រវត្តិសម្បុកដំបូងរបស់ក្រុមអ្នកវិទ្យាសាស្ត្រខាងលើ បច្ចុប្បន្នត្រូវបានដាក់ឱ្យចិញ្ចឹមក្នុងកសិដ្ឋាន។ ៩ ក្នុងចំណោមកូនជ្រូក ១៣ ក្បាល ដែលបង្កើតដោយយន្តការបន្តពូជដោយរ៉ូបូតស្វ័យប្រវត្តិ មានសុខភាពល្អ និងត្រូវបានរក្សាទុកជាជ្រូកពូជ ដែលនេះបង្ហាញថា អត្រាជ្រើសរើសពូជដែលសម្រេចបានគឺកើនដល់ ៦៩% ខ្ពស់ជាងទ្វេដង ធៀបនឹងអត្រា ៣៥% នៃការរក្សាទុកជ្រូកពូជធម្មតា។