ម៉ូដែលមួយចំនួននៃទូរស័ព្ទឆ្លាតវៃរបស់ ក្រុមហ៊ុនចិន Xiaomi នឹងក្លាយជាផលិតផល «made in Vietnam» ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ប្រទេសមួយចំនួនក្នុងតំបន់ អាស៊ីអាគ្នេយ៍។
ឡូទូរស័ព្ទ «made in Vietnam» ដំបូងត្រូវបានដឹកជញ្ជូនទៅដល់ឃ្លាំងរបស់អ្នកចែកចាយ Digiworld នេះបើតាមប្រកាសរបស់ក្រុមហ៊ុន Xiaomi កាលពីថ្ងៃទី ៣១ ឧសភា។ នេះគឺជាផលិតផលដែលត្រូវបានបង្កើតឡើងក្រោមកិច្ចសហការរវាង ក្រុមហ៊ុនចិន Xiaomi និង DBG Technology ដែលមានរោងចក្រនៅខេត្ត Thai Nguyen ភាគខាងជើងនៃ ប្រទេសវៀតណាម។
យោងតាម Xiaomi Vietnam ក្រុមហ៊ុន DBG Technology ដើរតួនាទីជាប្រតិបត្តិករ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ Xiaomi Vietnam។ រោងចក្រ DBG Technology ដំណើរការចាប់ពីខែមិថុនាឆ្នាំកន្លង ដោយទទួលខុសត្រូវក្នុងការផលិតស្មាតហ្វូន ដើម្បីផ្គត់ផ្គង់ក្នុងទីផ្សាររបស់ វៀតណាម និងនាំចេញទៅកាន់ទីផ្សារ អាស៊ីអាគ្នេយ៍ ដូចជា ម៉ាឡេស៊ី និង ថៃ ជាដើម។
តំណាងរបស់ Xiaomi ឱ្យដឹងថា រោងចក្រខាងលើផលិតតែម៉ូដែលមួយចំនួនរបស់ទូរស័ព្ទ Xiaomi តែប៉ុណ្ណោះ។
ក្រុមហ៊ុនវិភាគទីផ្សារបច្ចេកវិទ្យា Canalys បានឱ្យដឹងថា Xiaomi គឺជាស្មាតហ្វូនជាប់ចំណាត់ថ្នាក់លេខ ២ ស្ដីពីស្មាតហ្វូនដែលត្រូវបានផ្គត់ផ្គង់ច្រើនជាងគេនៅ វៀតណាម នៅក្នុងត្រីមាសទី ១ ឆ្នាំនេះ។
មុននោះ ទូរស័ព្ទ Xiaomi ភាគច្រើនត្រូវបានផលិតនៅក្នុង ប្រទេសចិន និង ឥណ្ឌា។ ខុសពី Samsung ដែលមានរោងចក្រផ្ទាល់ខ្លួន ក្រុមហ៊ុន Xiaomi តែងតែដំឡើងទូរស័ព្ទរបស់ខ្លួនតាមរយៈបណ្ដាក្រុមហ៊ុនជាដៃគូ ដូចជា Foxcom, DBG, BYD, Flex ជាដើម ដូចទៅនឹងវិធីដែលក្រុមហ៊ុន Apple កំពុងធ្វើនាបច្ចុប្បន្ន។