ថ្មីៗនេះគេហទំព័រក្នុងស្រុកមួយបានបង្ហោះព័ត៌មានថា តារាចម្រៀងស្រី ទេព បូព្រឹក្សកំពុងមានជម្លោះជាមួយតារារួមទ្រនំផលិតកម្មរស្មីហង្សមាស គឺលោក ណុប បាយ៉ារិទ្ធ និង កញ្ញា សុគន្ធ និសា ដែលជាតារារៀមច្បងរបស់ខ្លួន។
គេហទំព័រដដែលនោះបានបង្ហើបឱ្យដឹងទៀតថា តារាស្រីពូកែខាងក្បាច់រាំរូបនេះបានចូលទៅហក់លោតក្នុងទ្រនំហង្សមាសក៏ដោយសារតែ ណុប បាយ៉ារិទ្ធ ដែលស្រឡាញ់រាប់អាននាងដូចជាប្អូនស្រីនោះដែរ ហើយជម្លោះនាងនឹងសុគន្ធ និសា គឺដោយសារតែការនិយាយមិនល្អពីអ្នកគាំទ្រ និងតារារៀមច្បង។ ក៏ប៉ុន្ដែយ៉ាងណាក៏ដោយ តារាស្រីរូបនេះបានបញ្ចេញប្រតិកម្ម និងបានបកស្រាយភ្លាមៗតែម្ដងចំពោះព័ត៌មានដ៏ក្ដៅមួយនេះ។ នាងបានប្រាប់សារព័ត៌មានក្នុងស្រុកនោះថា «តើការរស់នៅដែលមានសេចក្តីសុខសុភមង្គលរៀងៗខ្លួន វាពិបាកណាស់មែនទេ បានជាមនុស្សមួយចំនួននៅមិនសុខ ចូលចិត្តតែបង្កើតបញ្ហាដល់អ្នកដទៃម្តងហើយម្តងទៀត…ហេតុអ្វី?! ឬដើម្បីប្រយោជន៍ផ្ទាល់ខ្លួន?»។ កញ្ញា ទេពបូព្រឹក្ស បានលើកឡើងទៀតថា «អ្នកដែលសាកល្បងយកចិត្តគេ មកដាក់ចិត្តខ្លួនឯងទេ? ធ្លាប់គិតថា វាហួសហេតុពេកទេ?»។
យ៉ាងណាក្ដី ការបញ្ចេញអារម្មណ៍ឆ្លើយតបដ៏ក្ដៅគគុក និងមានបំណងចង់វែកមុខអ្នកបញ្ចេញព័ត៌មានផងនោះ ដៃគូ G-Devith ថ្មីរូបនេះ បានបញ្ជាក់បន្ថែមថា «ប្រាប់តាមត្រង់ទៅចុះថា នាងខ្ញុំហត់នឹងបកស្រាយ ហត់នឹងចិត្តមនុស្សដែល គិតតែពីប្រយោជន៍ខ្លួនឯងដូចសព្វថ្ងៃនេះហើយ តើសេចក្តីសុខរបស់អ្នកគឺការបំផ្លាញអ្នកដទៃមែនទេ?»៕