Skip to content

ទ្រព្យសកម្ម​របស់​កំពូល​មហាសេដ្ឋី ៣ រូប​របស់​ពិភពលោក ថយចុះ ជាង ១០០ ពាន់​លាន​ដុល្លារ ចាប់ពី​ដើមឆ្នាំ ២០២២

តម្លៃសុទ្ធ​នៃ​ទ្រព្យសកម្ម (Net Worth) របស់ Elon Musk, Jeff Bezos និង Bill Gates បាន​ថយចុះ​សរុប ១១៥ ពាន់​លាន​ដុល្លារ​អាម៉េរិក ក្នុង​ខែឧសភា​កន្លងទៅ ព្រោះតែ​ភាគហ៊ុន​របស់​បណ្ដា​ក្រុមហ៊ុន​បច្ចេកវិទ្យា​បាន​ធ្លាក់​ថ្លៃ​ខ្លាំង។

យោងតាម​ស​ន្ទ​ស្សន៍​របស់ Bloomberg (Bloomberg Billionaires Index) ទ្រព្យសម្បត្តិ​របស់​មហា​សេដ្ឋី Bill Gates ប្រធាន​ក្រុមហ៊ុន Microsoft បាន​ថយចុះ​អស់ ១៥.១ ពាន់​លាន​ដុល្លារ។ ទ្រព្យ​របស់​លោក​ Jeff Bezos ស្ថាបនិក​របស់​ក្រុមហ៊ុន Amazon បាត់​បង់អស់ ៥៣.២ ពាន់​លាន​ដុល្លារ។ ចំណែក​ទ្រព្យសម្បត្តិ​របស់​មហាសេដ្ឋី Elon Musk ដែលជា​សហ​ស្ថាបនិក​របស់ Tesla វិញ ក៏បាន​បាត់​បង់អស់ ៤៦.៤ ពាន់​លាន​ដុល្លារ។

គិត​ត្រឹម​ថ្ងៃទី ២៧ ឧសភា លោក Elon Musk នៅតែ​ជា​មហាសេដ្ឋី​លំដាប់​លេខ ១ ក្នុង​ពិភពលោក ដោយមាន​ទ្រព្យ ២២៤ ពាន់​លាន​ដុល្លារ។ បន្ទាប់មក​គឺ Jeff Bezos ដោយមាន​ទ្រព្យ ១៣៩ ពាន់​លាន​ដុល្លារ និង Bill Gates មានទ្រព្យ ១២៣ ពាន់​លាន​ដុល្លារ។

ទ្រព្យ​ភាគច្រើន​របស់ Elon Musk និង Jeff Bezos ស្ថិតក្នុង​ទម្រង់​ភាគហ៊ុន​របស់ Tesla និង Amazon។បច្ចុប្បន្ន Musk កាន់កាប់​ភាគហ៊ុន ១៥.៦% ស្មើនឹង ១២២ ពាន់​លាន​ដុល្លារ នៅក្នុង​ក្រុមហ៊ុន Tesla។ គិត​ចាប់ពី​ដើមឆ្នាំ​មកនេះ ភាគហ៊ុន​របស់ Tesla បាន​ថយចុះ​អស់​ជិត ៣៧% ក្នុងនោះ ការសម្រេចចិត្ត​ទិញ Twitter របស់លោក Musk ត្រូវបាន​គេ​ចាត់ទុកថា​ជា​មូលហេតុ​សំខាន់​ដែលនាំឱ្យ​ភាគ​ហ៊ុ​និក​ជាច្រើន​នាំគ្នា​លក់​ចោល​ភាគហ៊ុន​នេះ។

រីឯ Jeff Bezos ដែលជា​អ្នកមាន​ជាងគេ​លំដាប់​ទី​ពីរ​វិញ ក៏​ជួប​បញ្ហា​ស្រដៀង​លោក Musk ដោយ​ភាគហ៊ុន ៥០ លាន​ហ៊ុន (តម្លៃ​ប្រហែល ១១៥ ពាន់​លាន​ដុល្លារ) របស់លោក​នៅក្នុង​ក្រុមហ៊ុន Amazon បាន​ធ្លាក់​ថ្លៃ ព្រោះតែ​ភាគហ៊ុន​ថយចុះ​ជិត ១/៣ រាប់​ចាប់ពី​ដើមឆ្នាំ​នេះ។

លោក Bill Gates មាន​តារាង​មុខ​ជំនួញ​សម្បូរបែប ដូច្នេះ​គាត់​ក៏បាន​រួចខ្លួន​ខ្លះ​ពី​ការដែល​ភាគហ៊ុន​ត្រូវគេ​លក់​ចោល​ច្រើន។ មូលនិធិ​មនុស្សធម៌ Bill និង Melinda Gates បាន​ចំណាយ​ប្រាក់​យ៉ាងច្រើន​ក្នុង​ការ​វិនិយោគ​ទៅលើ​ក្រុមហ៊ុន Berkshire Hathaway របស់​មហាសេដ្ឋី Warren Buffett។ ខ្ទង់​វិនិយោគ​នេះ​បាន​កើន​ជាង ៥% ក្នុងឆ្នាំនេះ។ ប៉ុន្តែ ខ្ទង់​វិនិយោគ​របស់លោក Gates ទៅលើ Cascade Investment បាន​ជួបនឹង​បញ្ហា​ធ្លាក់​ថ្លៃ​ជា​បន្តបន្ទាប់។

ដោយសារតែ​សម្ពាធ​ពី​បញ្ហា​អតិផរណា និង​ជំនឿ​របស់​អ្នកប្រើប្រាស់​ថយចុះ តម្លៃ​ភាគហ៊ុន​ក្នុង​វិស័យ​បច្ចេកវិទ្យា​បាន​ឆ្លងកាត់​ការប្រែប្រួល​ច្រើន​ក្នុង​មួយរយៈ​ចុងក្រោយ​នេះ៕

Leave a Reply

Your email address will not be published. Required fields are marked *