ថ្ងៃទី ៣១ ឧសភា អគ្គនាយករងទីមួយនៃធនាគារជាតិរុស្ស៊ី លោកស្រី Ksenia Yudaeva បានឱ្យដឹងថា ធនាគារនេះអាចអនុញ្ញាតឱ្យប្រើប្រាស់ប្រាក់ឌីជីថលគ្រីបតូ (Cryptocurrency) នៅក្នុងការជួញដូរអន្តរជាតិ បើទោះការជួញដូរដោយប្រាក់ឌីជីថលនេះនៅ រុស្ស៊ី មានហានិភ័យខ្ពស់។
ព័ត៌មានពី មូស្គូ ឱ្យដឹងថា លោកស្រី Yudaeva ថ្លែងថា ធនាគារជាតិរុស្ស៊ី មិនជំទាស់នឹងការប្រើប្រាស់ប្រាក់ឌីជីថលគ្រីបតូនៅក្នុងការជួញដូរអន្តរជាតិ និងក្នុងហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ។ ប៉ុន្តែ លោកស្រីអះអាងថា ការប្រើប្រាស់រូបិយវត្ថុឌីជីថលប្រភេទគ្រីបតូ នៅក្នុងប្រទេស ពិសេសគឺនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុរបស់ រុស្ស៊ី គឺអាចបង្កហានិភ័យ។
កាលពីខែមេសា ក្រសួងហិរញ្ញវត្ថុរុស្ស៊ី ក៏បានលើកឡើងនូវសេចក្ដីព្រាងនៃការកំណត់ស្ដីពីទីផ្សារប្រាក់ឌីជីថលគ្រីបតូ ដោយស្នើឱ្យមានការអនុញ្ញាតឱ្យបុគ្គល និង នីតិបុគ្គល ជួញដូរដោយប្រាក់ឌីជីថលគ្រីបតូ។ ប៉ុន្តែ ត្រូវគោរពតាមគោលការណ៍ប្រឆាំងនឹងការលាងលុយ និងការគាំទ្រដល់ភេរវកម្ម។ ក្រសួងហិរញ្ញវត្ថុរុស្ស៊ី ក៏មិនបានហាមឃាត់ការប្រើប្រាស់រូបិយវត្ថុប្រភេទនេះ ចំពោះអ្នកដែលមិនមានទីលំនៅក្នុង ប្រទេសរុស្ស៊ី នោះដែរ។
កាលពីខែមករា ២០២១ ច្បាប់ស្ដីពីទ្រព្យឌីជីថល និងប្រាក់ឌីជីថលគ្រីបតូនៅ រុស្ស៊ី បានចូលជាធរមាន អនុញ្ញាតឱ្យប្រជាជនវិនិយោគ និងរក្សាទុក។ បទបញ្ជាដែលបានហាមប្រាមកន្លងមក ត្រូវបានទុកជាមោឃ។
យោងតាមក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មទូទាត់ដោយប្រាក់ឌីជីថលគ្រីបតូ TripleA របស់ សិង្ហបុរី បច្ចុប្បន្នមានប្រជាជនជាង ១៧ លាននាក់នៅ រុស្ស៊ី កំពុងកាន់កាប់ប្រាក់ឌីជីថលគ្រីបតូ និង ៦០% ក្នុងចំណោមពួកគេគឺមានអាយុពី ២៥ ដល់ ៤៤ ឆ្នាំ។ ទិន្នន័យរបស់ សាកលវិទ្យាល័យ Cambridge (អង់គ្លេស) ឱ្យដឹងថា ឆ្នាំ ២០២១ រុស្ស៊ី ជាប់ចំណាត់ថ្នាក់ទីបីលើពិភពលោកស្ដីពីការរកប្រាក់ឌីជីថលគ្រីបតូ បន្ទាប់ពី សហរដ្ឋអាម៉េរិក និង កាហ្សាក់ស្ថាន៕