Skip to content

PSG ស្រេកឃ្លាន​ក្នុងការ​បង្ហាញ​ភាពខ្លាំង​ពេល​ជួប Bayern នៅ​រាត្រី​នេះ

ក្រុម​យក្ស​របស់​បារាំង Paris Saint-Germain កំពុង​សម្លឹង​រក​ការបង្ហាញ​ពី​ភាពខ្លាំង​របស់ខ្លួន​ក្នុង​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប នៅពេលដែល​ពួកគេ​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ក្រុម​ម្ចាស់​ជើងឯក​របស់​អាល្លឺម៉ង់ Bayern Munich នា​កីឡដ្ឋាន Parc des Princes នៅ​រាត្រី​នេះ។

Paris SG នឹង​ឈានទៅ​កាន់ការ​ប្រកួត​ជុំ​ទី2នៃ​ពូ​ល B ក្នុង​ក្របខ័ណ្ឌ Champions League នៅ​រាត្រី​នេះ ទាំង​ការជឿជាក់ ក្រោយពី​បាន​ផ្តួល​ក្រុម Celtic ក្នុង​លទ្ធផល 5-០ កាលពី​ថ្ងៃ​ប្រកួត​បើកឆាក2សប្តាហ៍​មុន ខណៈដែល​តារា​ឆ្នើម Neymar ក៏បាន​ចូល​ហ្វឹកហាត់​វិញ​ដែរ ក្រោយពី​រងរបួស​មេជើង។ ហេតុនេះ ខ្សែប្រយុទ្ធ​អន្តរជាតិ​ប្រេ​ស៊ី​ល​រូបនេះ ត្រូវបាន​គេ​រំពឹងទុក​ថា នឹង​ចូល​លេង​ក្នុង​ជម្រើស​ទាំង11នាក់​ដំបូង​រួមជាមួយ​នឹង Kylian Mbappe និង Edinson Cavani ក្នុង​តំបន់​ប្រយុទ្ធ។ ក្រុម Paris SG បាន​កត់ត្រា​ជ័យជម្នះ4លើកជាប់ៗគ្នា និង​ស្មើ1លើក​ពី​ការប្រកួត5លើកចុងក្រោយ​របស់​ពួកគេ ក្នុងនោះ​ពួកគេ​បាន​របូត​គ្រាប់​បាល់​តែ1គ្រាប់​គត់។ ក្រុម Paris SG ក៏​ដណ្តើមបាន​ជ័យជម្នះ4លើក និង​ស្មើ1លើក​ពី​ការប្រកួត​ផ្លូវការ​ក្នុងផ្ទះ​ខ្លួន5លើកចុងក្រោយ​របស់​ពួកគេ​ផងដែរ។

ដោយឡែក ក្រុម Bayern Munich របស់​អាល្លឺម៉ង់ ក៏បាន​ទទួល​ជ័យជម្នះ​កាលពី​ថ្ងៃ​បើកឆាក​ផងដែរ តាមរយៈ​ការ​ផ្តួល​ក្រុម Anderlecht 3-០ ហើយ​ពួកគេ​បាន​កត់ត្រា​ជ័យជម្នះ3លើក ស្មើ1លើក និង​ចាញ់1លើក​ពី​ការប្រកួត5លើកចុងក្រោយ​របស់​ពួកគេ ក្នុងនោះ​ពួកគេ​បាន​របូត​គ្រាប់​បាល់2គ្រាប់។ ក្រុម Bayern Munich ដណ្តើមបាន​ជ័យជម្នះ4លើក និង​ចាញ់1លើក​ពី​ការប្រកួត​ក្រៅ​ទឹកដី5លើកចុងក្រោយ​របស់​ពួកគេ។ សម្រាប់​ការជួបគ្នា5លើកចុងក្រោយ​រវាង​ក្រុម​ទាំងពីរ  Paris SGធ្វើបាន​ល្អ​ជាង ដោយ​ដណ្តើមបាន​ជ័យជម្នះ3លើក និង​ចាញ់2លើក។ ហេតុនេះ ជាមួយនឹង​ការ​មានប្រៀប​ដោយ​ការលេង​ក្នុងផ្ទះ​ខ្លួនឯង និង​ការ​ស្ថិតក្នុង​ទម្រង់​លេង​យ៉ាង​ល្អ​នាពេលថ្មីៗនេះ​ផង​នោះ ការរំពឹងទុក​គឺ ក្រុម​ម្ចាស់ផ្ទះ​គួរតែ​ដណ្តើមបាន​ជ័យជម្នះ​ពី​ការប្រកួត​នេះ។

ខ្សែបម្រើ Marco Verratti របស់ PSG បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា៖ «យើង​ត្រូវតែ​បញ្ជូន​សញ្ញា​មួយ​ដើម្បី​បង្ហាញ​ពី​ខ្លួន​របស់​យើង។ ការយក​ឈ្នះ​ពេល​ជួប​ក្រុម Bayern និង​ការលេង​ឲ្យ​បានល្អ នឹង​ផ្តល់​ការជឿជាក់​ដល់​យើង​ជាច្រើន»។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង1:45ទៀបភ្លឺ៕

កម្មវិធី​ប្រកួត​រាត្រី​នេះ

Qarabag v AS Roma ម៉ោង 11 យប់
Anderlecht v Celtic ម៉ោង 1:45 ទៀបភ្លឺ
Atl. Madrid v Chelsea ម៉ោង 1:45 ទៀបភ្លឺ
Basel v Benfica ម៉ោង 1:45 ទៀបភ្លឺ
CSKA Moscow v Manchester United ម៉ោង 1:45 ទៀបភ្លឺ
Juventus v Olympiakos Piraeus ម៉ោង 1:45 ទៀបភ្លឺ
Paris SG v Bayern Munich ម៉ោង 1:45 ទៀបភ្លឺ
Sporting v Barcelona ម៉ោង 1:45 ទៀបភ្លឺ

ប្រភពពី៖ Sport24

Leave a Reply

Your email address will not be published. Required fields are marked *