ខ្សែប្រយុទ្ធ Harry Kane បានស៊ុតបាល់បញ្ចូលទី3គ្រាប់ ខណៈដែលក្រុម Tottenham បានរក្សាកំណត់ត្រាឈ្នះ100ភាគរយរបស់ពួកគេក្នុងក្របខ័ណ្ឌ Champions League តាមរយៈការផ្តួលក្រុមម្ចាស់ផ្ទះ Apoel Nicosia ក្នុងលទ្ធផល 3-0 ក្នុងការប្រកួតពូល H កាលពីថ្ងៃអង្គារ។
Kane ដែលបានរកគ្រាប់បាល់បញ្ចូលទី2គ្រាប់ក្នុងពេលក្រុម Spurs បានយកឈ្នះលើក្រុម Borussia Dortmund កាលពីថ្ងៃប្រកួតបើកឆាកនោះ បានជួយឲ្យក្រុមខ្លួនមានគ្រាប់បាល់នាំមុខមុននៅនាទីទី39 តាមរយៈការរកបានគ្រាប់បាល់បញ្ចូលទីយ៉ាងល្អ ក្រោមជំនួយពីខ្សែបម្រើ Toby Alderweireld។ បន្ទាប់មកខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេសរូបនេះ បានទទួលបាល់ពីការបញ្ជូនឱ្យរបស់ Moussa Sissoko ដើម្បីស៊ុតបាល់បញ្ចូលទីយ៉ាងងាយស្រួលម្ដងទៀតនៅនាទីទី62 ដើម្បីបន្ថែមការនាំមុខរបស់ក្រុមខ្លួន មុននឹងបំពេញគ្រាប់បាល់ទី3របស់គេក្នុងរយៈពេល 5នាទីក្រោយមកដោយការតែតបាល់បញ្ចូលទីពីជ្រុងម្ខាងនៃសំណាញ់ទី។
លោក Mauricio Pochettino អ្នកចាត់ការទូទៅរបស់ក្រុម Tottenham បានឲ្យដឹងថា៖ «វាជាការប្រកួតដ៏តានតឹងមួយ។ ពួកគេពិតជាមានការលើកទឹកចិត្តខ្ពស់។ វាពិតជាសំខាន់ណាស់ក្នុងការទទួលបាន3ពិន្ទុ។ វាជាការប្រកួតដែលត្រូវតែឈ្នះជាដាច់ខាត ហើយយើងពិតជាលេងបានយ៉ាងល្អមែន»។ ក្នុងការប្រកួតពូល H ដដែលនេះ ខ្សែប្រយុទ្ធ Cristiano Ronaldo បានស៊ុតបាល់បញ្ចូលទី2គ្រាប់ នៅថ្ងៃនៃការបង្ហាញខ្លួនលើកទី 400របស់គេសម្រាប់ក្លិប Real Madrid ខណៈដែលក្រុមម្ចាស់ការពារតំណែងជើងឯកនៃក្របខ័ណ្ឌ Champions League មួយនេះ បានផ្តួលក្រុម Borussia Dortmund ក្នុងលទ្ធផល 3-1។
លទ្ធផលនេះ មានន័យថា បច្ចុប្បន្នក្រុមទាំងពីរកំពុងតែនាំមុខនៅលើតារាងនៃពូល ដោយមាន6ពិន្ទុដូចគ្នា ពីការប្រកួតបើកឆាក2លើក៕
លទ្ធផលនៃការប្រកួតគូផ្សេងទៀត
Besiktas 2 0 RB Leipzig
Manchester City 2-0 Shakhtar Donetsk
Monaco 0-3 FC Porto
Napoli 3-1 Feyenoord
Sevilla 3-0 Maribor
Spartak Moscow 1-1 Liverpool
ប្រភពពី៖ BBC