បរិមាណប្រេងដែលនាំចេញពី រុស្ស៊ី ទៅកាន់ ឥណ្ឌា កើន ២៥ ដង ធៀបនឹងមធ្យមភាគ ៩៦០,០០០ ធុង/ខែ កាលពីឆ្នាំកន្លង ដែលនេះបានកើនដល់ ២៤ លានធុងក្នុងខែឧសភា ២០២២។
សារព័ត៌មាន Reuters កាលពីថ្ងៃទី ៣០ ឧសភា បានឱ្យដឹងថា ឥណ្ឌា បាននាំចូលប្រេងតម្លៃទាប ៣៤ លានធុងពី រុស្ស៊ី រាប់ចាប់ពីខែកុម្ភៈ ជាពេលដែល រុស្ស៊ី បើកយុទ្ធនាការយោធានៅ អ៊ុយក្រែន។ តួលេខនេះខ្ពស់ជាង ១០ ធៀបនឹងដំណាក់កាលដូចគ្នាកាលពីឆ្នាំកន្លង។
ក្នុងខែឧសភា ប្រេងឆៅជាង ២៤ លានធុងរបស់ រុស្ស៊ី ត្រូវបានផ្គត់ផ្គង់ឱ្យ ឥណ្ឌា កើនឡើងច្រើនធៀបនឹង ៧.២ លានធុងក្នុងខែមេសា និងប្រហែល ៣ លានធុងកាលពីខែមីនា ឆ្នាំនេះ។ ទិន្នន័យដែល Reuters ទទួលបាន បង្ហាញថា ក្នុងខែមិថុនា ឥណ្ឌា នឹងនាំចូលប្រេងប្រហែល ២៨ លានធុង។
កាលពីឆ្នាំកន្លង ការនាំចេញប្រេងឆៅរបស់ រុស្ស៊ី ទៅកាន់ ឥណ្ឌា ជាមធ្យមត្រឹមតែ ៩៦០,០០០ ធុង/ខែ ទាបជាងជិត ២៥ ដង ធៀបនឹងខែឧសភានេះ។
ការនាំចូលប្រេងកើនឡើងខ្ពស់ បានជួយឱ្យខ្ទង់ប្រាក់នាំចូលទំនិញសរុបរបស់ ឥណ្ឌា ពី រុស្ស៊ី រាប់ចាប់ពីថ្ងៃទី ២៤ កុម្ភៈ ដល់ ២៦ ឧសភា ឡើងដល់ ៦.៤ ពាន់លានដុល្លារ ច្រើនជាងឆ្ងាយធៀបនឹង ១.៩៩ ពាន់លានដុល្លារក្នុងដំណាក់កាលដូចគ្នាកាលពីឆ្នាំកន្លង។ ក៏ប៉ុន្តែ ការនាំចេញរបស់ ឥណ្ឌា ទៅកាន់ រុស្ស៊ី បានថយចុះជិត ៥០% មកនៅត្រឹម ៣៧៧.០៧ លានដុល្លារ ក្នុងអំឡុងពេលដូចខាងលើ ដោយសារតែ ទីក្រុងញូវដែលី មិនទាន់បង្កើតយន្តការទូទាត់ប្រាក់ជាផ្លូវការជាមួយ ទីក្រុងមូស្គូ។
ការដាក់ទណ្ឌកម្មរបស់បស្ចិមលោក ទៅលើ រុស្ស៊ី បានជួយឱ្យបណ្ដាប្រទេសដូចជា ចិន និង ឥណ្ឌា ជាដើម មានឱកាសទិញប្រេងរបស់ រុស្ស៊ី ក្នុងតម្លៃទាប។ យ៉ាងនេះក្ដី កន្លងមក ឥណ្ឌា ក៏ត្រូវបានប្រទេសលោកខាងលិចរិះគន់មិនតិចនោះដែរ ទាក់ទិននឹងការទិញប្រេងពី រុស្ស៊ី ខណៈដែល ទីក្រុងមូស្គូ កំពុងចូលឈ្លានពាន អ៊ុយក្រែន៕