(ប្រទេសចិន)-ប្រព័ន្ធម៉ាស៊ីនវារីអគ្គិសនីលេខ ៥ ដែលមានកម្លាំង ១ លានគីឡូវ៉ាត់ របស់រោងចក្រវារីអគ្គិសនី Baihetan ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការចាប់តាំងពីថ្ងៃទី ៣០ ឧសភា។
ស្ថានីយវារីអគ្គិសនី Baihetan ដែលស្ថិតនៅលើទន្លេ Jinsha ដែលជាដៃទន្លេផ្នែកខាងលើរបស់ទន្លេ Yangtze ជួយបញ្ជូនអគ្គិសនីពីតំបន់ភាគខាងលិចដែលសម្បូរធនធានធម្មជាតិ ទៅកាន់តំបន់ភាគខាងកើតរបស់ ប្រទេសចិន ដែលក្រីក្រធនធានធម្មជាតិ។ គម្រោងស្ថានីយវារីអគ្គិសនី Baihetan គឺជាការបោះជំហានធំមួយនៅក្នុងការប្រើប្រាស់ថាមពលស្អាតរបស់ប្រទេសនេះ។
រាប់ចាប់តាំងពីប្រព័ន្ធម៉ាស៊ីនដំបូងត្រូវបានដាក់ឱ្យដំណើរការកាលពីខែមិថុនា ២០២១ រោងចក្រវារីអគ្គិសនីនេះផលិតអគ្គិសនីបានជាង ២៦.៩ ពាន់លានគីឡូវ៉ាត់រួចហើយ បើទោះជាមិនទាន់ដំណើរការពេញលេញ។ ជា មួយនឹងការដាក់ឱ្យដំណើរការប្រព័ន្ធម៉ាស៊ីនលេខ ៥ កាលពីថ្ងៃទី ៣០ ឧសភា បន្ទាប់ពីដំណើរការសាកល្បង ៧២ ម៉ោង គម្រោងខាងលើនេះត្រូវបានគេបញ្ជាក់ថា ដំណើរការបាន ៥០% ហើយ ធៀបនឹងកម្លាំងសរុប។
ស្ថានីយវារីអគ្គិសនី Baihetan នៅពេលស្ថាបនារួចរាល់ នឹងមានប្រព័ន្ធម៉ាស៊ីនវារីអគ្គិសនីចំនួន ១៦ ក្នុងនោះ ១ ប្រព័ន្ធមានកម្លាំង ១ លានគីឡូវ៉ាត់។ បច្ចុប្បន្ន រោងចក្រវារីអគ្គិសនីនេះ បានដាក់ឱ្យដំណើរការប្រព័ន្ធម៉ាស៊ីនចំនួន ៨ រួចហើយ រាប់ទាំងប្រព័ន្ធម៉ាស៊ីនលេខ ៥ ដែលចាប់ផ្ដើមដំណើរការជាផ្លូវការកាលពីម្សិលមិញ។
នៅពេលដំណើរការពេញលេញ រោងចក្រវារីអគ្គិសនី Baihetan នេះ នឹងផលិតអគ្គិសនីជាមធ្យមជាង ៦២.៤ ពាន់លានគីឡូវ៉ាត់ម៉ោង ជារៀងរាល់ឆ្នាំ គ្រប់គ្រាន់សម្រាប់តម្រូវការប្រើប្រាស់ប្រចាំឆ្នាំរបស់មនុស្សប្រហែល ៧២ លាននាក់។