នៅពេលហាងទំនិញទាំងឡាយនៅ ហុងកុង ខ្វះកសិផល ដោយសារដាច់ចង្វាក់ផ្គត់ផ្គង់ Gordon Tam ក៏យល់ឃើញថា នេះគឺជាឱកាសសម្រាប់រូបមន្ត «កសិដ្ឋានឈរត្រង់» នៅក្នុងបណ្ដាអគារខ្ពស់។
Gordon Tam ជាសហស្ថាបនិក និងប្រធានរបស់ Farm៦៦ ដែលជាក្រុមហ៊ុនអភិវឌ្ឍរូបមន្ត្រី «កសិដ្ឋានឈរត្រង់» នៅ ហុងកុង។ Tam បានដឹងថា ទិន្នផលបន្លែដែលដាំនៅមូលដ្ឋានមានកម្រិតទាបខ្លាំងនៅក្នុងសម័យកូវីដ-១៩។
នៅ ហុងកុង ស្បៀងអាហារ ជាង ៩០% ពិសេសគឺបន្លែ ត្រូវបាននាំចូលពី ចិនដីគោក។ ដើមខែកុម្ភៈ ២០២២ ហុងកុង ដែលមានប្រជាជនជាង ៧ លាននាក់ ត្រូវប្រឈមមុខនឹងស្ថានភាពខ្វះអាហារស្រស់។ ហាងទំនិញនានាស្ទើរតែគ្មានអ្វីដើម្បីលក់ ដោយសារតែ អាជ្ញាធរចិន រឹតបន្តឹងព្រំដែន ព្រោះតែបញ្ហាកូវីដ-១៩។
Gordon Tam គណនាឃើញថា បរិមាណបន្លែប្រហែលតែ ១.៥% ប៉ុណ្ណោះ ដែលត្រូវបានផលិតនៅក្នុងស្រុក។ ហើយបណ្ដា «កសិដ្ឋានឈរត្រង់» ដូចជា Farm៦៦ ដែលមានជំនួយពីបច្ចេកវិទ្យាទំនើបដូចជា អង្គញាណ loT, អំពូលភ្លើង LED និងរ៉ូបូតជាដើម អាចជំរុញដល់ការដាំដុះក្នុងតំបន់។ Farm៦៦ ក៏មានគម្រោង «នាំចេញអាថ៌កំបាំង» នេះ ទៅកាន់ទីក្រុងផ្សេងៗផងដែរ។
Tam និយាយថា «កសិដ្ឋានឈរត្រង់គឺជាវិធីសាស្ត្រដាំដុះដែលជួយឱ្យគេអាចដាំបន្លែនៅក្នុងទីក្រុងបាន និងកាត់បន្ថយការពឹងផ្អែកលើការនាំចូល ពិសេសចំពោះ ហុងកុង»។
Tam ចាប់ផ្ដើមកសាង Farm៦៦ តាំងពីឆ្នាំ ២០១៣ រួមជាមួយនឹងសហស្ថាបនិក Billy Lam។ Farm៦៦ បានរកឃើញថា ពណ៌ខុសគ្នានៅលើកាំរស្មីនៃពន្លឺ ជួយឱ្យរុក្ខជាតិរីកលូតលាស់ទៅតាមវិធីខុសៗគ្នា។ ភ្លើង LED ពណ៌ក្រហមនឹងជួយឱ្យដើមរុក្ខជាតិរីកលូតលាស់បានលឿន ខណៈដែលពន្លឺ LED ពណ៌ផ្ទៃមេឃជួយឱ្យស្លឹករុក្ខជាតិរីកធំជាងធម្មតា។
Farm៦៦ ក៏ប្រើប្រាស់សែនសឺរ loT និង រ៉ូបូត ដើម្បីគ្រប់គ្រងគុណភាព និងជួយគ្រប់គ្រងកសិដ្ឋានក្នុងផ្ទះទំហំជិត ២,០០០ ម៉ែត្រក្រឡា។ Farm៦៦ មានបុគ្គលិកពេញម៉ោង ១៥ នាក់ រួមមាន ក្រុមអ្នកវិភាគទិន្នន័យ អ្នកវិទ្យាសាស្ត្រផ្នែកអាហារ និងវិស្វករគ្រឿងម៉ាស៊ីន។ Farm៦៦ ផលិតបន្លែបានរហូតដល់ ៧ តោនជារៀងរាល់ខែ។
Farm៦៦ ទទួលបានការវិនិយោគពី ParticleX ដែលមានមហាសេដ្ឋី Tang Yiu នៅពីក្រោយ និងទទួលបានការគាំទ្រពីមូលនិធិសហគ្រិន Alibaba, Cyberport និងក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ Sino Group របស់មហាសេដ្ឋីសិង្ហបុរី Robert Ng ផងដែរ។
Farm៦៦ ដាំបន្លែបៃតង បន្លែក្រអូប និងបន្លែច្រើនប្រភេទទៀតដោយប្រើរូបមន្តកសិដ្ឋានឈរត្រង់ និងតាមបែបដាំដុះលើទឹក។ ក្នុងនោះ រុក្ខជាតិត្រូវបានថែបំប៉នដោយសារធាតុចិញ្ចឹមដែលបានមកពីកាកសំណល់របស់ត្រី ជំនួសឱ្យជីគីមី ឬជីធម្មជាតិ។ រុក្ខជាតិមានតួនាទីចម្រាញ់ទឹក បង្កើតបានជាប្រព័ន្ធជីវសាស្ត្រនៅក្នុងកសិដ្ឋានទំនើបនេះ។
បច្ចុប្បន្ន ក្រុមហ៊ុន Farm៦៦ របស់ Gordon Tam ផ្គត់ផ្គង់កសិផលឱ្យផ្សារទំនើប សណ្ឋាគារ និងហាងលក់រាយលំដាប់ខ្ពស់។