រូបមន្តបំពោកផ្ទៃ មុខដែលបានពីធម្មជាតិកំពុងតែក្លាយជាទីពេញនិយមរបស់កំលោះក្រមុំយ៉ាង ខ្លាំង ព្រោះក្រៅ ពីគ្មានអាការប្រតិកម្មចាញ់លើផ្ទៃមុខហើយនោះ រូបមន្តបំពោកផ្ទៃមុខដោយធម្មជាតិនេះនៅជួយសន្សំប្រាក់របស់លោកអ្នកបានទៀតផង។
រូបមន្តបំពោកផ្ទៃមុខដោយផលិតផលធម្មជាតិនេះភាគច្រើននឹងជួយឱ្យលោកអ្នកមានផ្ទៃមុខស្អាតស្រស់ថ្លា និងគ្មានស្លាកស្នាមហើយ ថ្ងៃនេះ ឡារ៉ែន មានរូបមន្តបំពោកផ្ទៃមុខពីធម្មជាតិមួយទៀត ដែលជួយប្រឆាំងនឹងការកើតមុននៅលើផ្ទៃមុខមកជម្រាបជូន នោះគឺរូបមន្តបំពោកផ្ទៃមុខដោយបន្លែផ្លែឈើពណ៌ក្រហម ព្រោះបន្លែ និងផ្លែឈើពណ៌ក្រហមមានគុណសម្បត្តិជួយកាត់បន្ថយភាពឡើងខ្លាញ់ កម្ចាត់កោសិកាស្បែកដែលងាប់ចេញមិនឱ្យនៅញ៉ុកណែនបង្កកើតជាមុនកាត់បន្ថយស្លាកស្នាមឱ្យរលុបបាត់អស់ដូចធម្មជាតិព្រមទាំងថែបំប៉នស្បែកមុខឱ្យមានសំណើមស្រស់បស់ទៀតផង។
រូបមន្តផ្លែប៉ោមទឹកឃ្មុំ ការពារមុននិងលុបស្នាមអុចខ្មៅ
វិធីធ្វើ : កិនផ្លែប៉ោម 1ផ្លែឱ្យម៉ដ្ឋ លាយជាមួយទឹកឃ្មុំ 2ស្លាបព្រាកាហ្វេ រួចហើយយកមកលាបបំពោកនៅលើកន្លែង ដែលកើតមុន ទុកចោលប្រមាណជា 15 នាទី រួចសឹមលាងចេញដោយទឹកក្តៅឧណ្ហៗ ហើយលាងសម្អាតម្ដងទៀតដោយទឹកធម្មតា និងជូតមុខឱ្យស្ងួត។
រូបមន្តផ្លែប៉េងប៉ោះ កាត់បន្ថយខ្លាញ់ និងកម្ចាត់កោសិកាខូចៗចេញ
វិធីធ្វើ : ចិញ្ច្រាំប៉េងប៉ោះ 1ផ្លែឱ្យល្អិតយកមកលាបបំពោកឱ្យសព្វពេញផ្ទៃមុខ យកម្រាមដៃលុញម៉ាស្សាជារាងរង្វង់ថ្នមៗ រួចទុកចោលឱ្យរាងស្ងួតបន្តិច ឬមានអារម្មណ៍ថា ស្បែកមុខរាង តឹងសឹមលាងចេញដោយទឹកស្អាត រួចជូតមុខឱ្យស្ងួតជាការស្រេច។
រូបមន្តផ្លែឪឡឹកបង្កើនសំណើម និងភាពស្រស់បស់ដល់ស្បែកមុខ
វិធីធ្វើ : កិនសាច់ឪឡឹក 2ដុំធំៗល្មមឱ្យល្អិត រួចយកមកលាបបំពោកឱ្យសព្វលើផ្ទៃមុខ ទុកចោល ប្រមាណ10នាទី ឬរហូតមានអារម្មណ៍ថាតឹងស្បែកសឹមលាងចេញដោយទឹកក្តៅឧណ្ហៗ រួចតាមដោយទឹកធម្មតា និងបញ្ចប់ដោយការជូតមុខឱ្យស្អាត។
លាបបំពោកថែទាំស្បែកមុខឆ្លាស់គ្នា ដោយរូបមន្តផ្លែឈើដែលបានណែនាំនេះក្នុងមួយសប្តាហ៍1ដង ស្បែកមុខនឹងស្អាតភ្លឺថ្លាជាក់ជាមិនខាន៕