ការនាំចូលសាច់សត្វពីប្រទេសជិតខាងដើម្បីបំពេញតម្រូវការក្នុងស្រុកបានធ្វើឱ្យកម្ពុជាត្រូវចំណាយប្រាក់ជាច្រើនលានដុល្លារក្នុង1ឆ្នាំៗ ខណៈការនាំចូលនេះក៏បានបង្កើតឱ្យមានការត្អូញត្អែរយ៉ាងច្រើនផងដែរពីសំណាក់អ្នកចិញ្ចឹមសត្វក្នុងស្រុក។
តួលេខរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា កាលពីឆ្នាំ2016 កន្លងមកកម្ពុជាមានសត្វក្របីចំនួន520ពាន់ក្បាល ដោយធ្លាក់ចុះចំនួន6% បើធៀបនឹងឆ្នាំ2015 សត្វគោមានចំនួន 2.9លានក្បាល ខណៈការចិញ្ចឹមជ្រូកមានជាង2លានក្បាល។ ចំនួនខាងលើមិនអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុកដែលមានកំណើនយ៉ាងច្រើនបានទេ។ ឆ្លើយតបនឹងកង្វល់នេះអ្នកយកព័ត៌មាននៃកាសែត ឡារ៉ែន ពាណិជ្ជ បានជួបសម្ភាសន៍ជាមួយ ឯកឧត្តម សេន សុវណ្ណ អគ្គនាយកនៃអគ្គនាយក-ដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដើម្បីសាកសួរពីស្ថានភាពទូទៅនៃការចិញ្ចឹមសត្វ និងវិធានរបស់មន្ត្រីពាក់ព័ន្ធក្នុងផលិតកម្មសត្វនៅកម្ពុជា។
តើស្ថានភាពនៃការចិញ្ចឹមសត្វនៅកម្ពុជានាពេលនេះមាននិន្នាការបែបណា? ការចិញ្ចឹមសត្វនាពេលនេះ គឺផ្អែកទៅលើតម្រូវការទីផ្សារជាចម្បង ដោយបច្ចុប្បន្នតម្រូវការ គឺផ្តោតទៅលើគុណភាពជាចម្បង។ ស្ថានភាពនៃការចិញ្ចឹមសត្វនៅក្នុងស្រុកបានប្រែប្រួលខ្លាំង ដោយសារការចិញ្ចឹមខ្នាតតូចមានការធ្លាក់ចុះ ហើយការចិញ្ចឹមសត្វពាហនៈសម្រាប់ប្រើប្រាស់ជាកម្លាំងអូសទាញរបស់ប្រជាកសិករក៏បានធ្លាក់ចុះយ៉ាងគំហុកផងដែរ។ គិតត្រឹមដំណាច់ឆ្នាំ2016 កម្លាំងអូសទាញដែលប្រើប្រាស់សត្វពាហនៈនៅកម្ពុជានៅសល់ត្រឹមតែ8.8%ប៉ុណ្ណោះ។ ចំណែកការចិញ្ចឹមជ្រូកខ្នាតតូចៗ (លក្ខណៈគ្រួសារ) ក៏បានធ្លាក់ចុះយ៉ាងច្រើនផងដែរ ដោយសារតែមិនអាចប្រកួតប្រជែងជាមួយការចិញ្ចឹមខ្នាតធំ ដែលមានបច្ចេកទេសទំនើបៗ និងធានាបាននូវអនាម័យ ព្រមទាំងគុណភាព។ នៅពេលនេះអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក៏បានដាក់ចេញនូវយុទ្ធសាស្ត្ររយៈពេលវែងដោយផ្តោតលើការកែលម្អពូជ របៀបចិញ្ចឹម និងការផ្តល់សេវាកម្មសុខភាពសត្វ។ អ្នកចិញ្ចឹមក្នុងស្រុកតែងត្អូញត្អែរពីការអនុញ្ញាតឱ្យនាំចូលសាច់សត្វយ៉ាងច្រើនមកកាន់ទីផ្សារកម្ពុជា។
តើឯកឧត្តមអាចបកស្រាយដូចម្តេច? នេះជាបញ្ហាប្រឈមពិតប្រាកដដែលប្រជាពលរដ្ឋតែងត្អូញត្អែរតាមរយៈវេទិកាសាធារណៈនានា។ យើងត្រូវដឹងថា ការផ្គត់ផ្គង់សាច់នៅក្នុងស្រុកនាសព្វថ្ងៃនេះ គឺមិនអាចឆ្លើយតបទៅនឹងតម្រូវការក្នុងស្រុកបានឡើយ ហេតុនេះទើបហើយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដាក់ចេញនូវវិធានការនាំចូលសាច់ពីក្រៅប្រទេសដើម្បីរក្សាលំនឹងទីផ្សារ។ ក្រសួងបានអនុញ្ញាតឱ្យនាំចូលជ្រូកដែលមានគុណភាព សុវត្ថិភាព និងមានការត្រួតពិនិត្យច្បាស់លាស់ ដែលចំនួនសរុបប្រហែល40ម៉ឺនក្បាលក្នុងមួយឆ្នាំដើម្បីទប់កុំឱ្យថ្លៃសាច់ហក់ឡើងខ្ពស់ពេក។ បញ្ហាដែលកើតឡើងនោះគឺការរត់ពន្ធ។ បើយើងក្រឡេកទៅមើលតារាងពន្ធគយ សត្វជ្រូកមួយក្បាលដែលនាំចូលមកកម្ពុជាគឺត្រូវជាប់ពន្ធរហូតដល់ 750រៀលក្នុងមួយគីឡូក្រាម។ បើសិនការនាំចូលមានបង់ពន្ធត្រឹមត្រូវតាមតារាងដែលបានកំណត់ ការនាំចូលស្របច្បាប់ក៏មិនងាយប្រកួតប្រជែងជាមួយការចិញ្ចឹមក្នុងស្រុកបានដែរ។ យើងពិតជាត្រូវការខ្លាំងណាស់ចំពោះការនាំចូលស្របច្បាប់ ដើម្បីអាចរក្សាបាននូវគុណភាព និងរក្សាបាននូវការផ្គត់ផ្គង់មួយដែលបំពេញតម្រូវការទីផ្សារ។
ការរត់ពន្ធសត្វ គឺជាចំណុចគ្រោះថ្នាក់បំផុត។ គ្រោះថ្នាក់ចម្បងមានចំនួន2 គឺទី1 សត្វនាំចូលមកលួចលាក់មានប្រភពមិនច្បាស់លាស់ មានជំងឺឆ្លង និងមានគុណភាពអន់ ដែលប្រទេសនាំចូលនោះមិនឱ្យចែកចាយនៅក្នុងប្រទេសរបស់គេ ហើយគេត្រូវរុញចេញទៅក្រៅប្រទេស ព្រមទាំងអាចលក់បង្ខូចថ្លៃទៀតផង។ ទី2 ការប៉ះពាល់ធំបំផុត គឺដោយសារប្រភពមិនច្បាស់លាស់នោះវាបានបង្កកង្វល់សុខភាពសាធារណៈធ្ងន់ធ្ងរ។ ការចិញ្ចឹមជ្រូកនៅតាមប្រទេសជិតខាង បើតាមខ្ញុំដឹងថា មានការប្រើប្រាស់សារធាតុហាមឃាត់មួយចំនួនដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគទៅថ្ងៃអនាគត។
ដោយសារបញ្ហាកង្វល់មានច្រើន តើឯកឧត្តមមានយុទ្ធសាស្ត្រអ្វីដើម្បីអប់រំអ្នកប្រើប្រាស់ក្នុងស្រុកឱ្យគាំទ្រផលិតផលក្នុងស្រុក? យើងមានកម្មវិធីរួចហើយ គឺកម្មវិធីគ្រប់គ្រងអនាម័យសត្វ និងសាច់សត្វ តាមរយៈការគ្រប់គ្រងសត្វឃាតដ្ឋាន និងការត្រួតពិនិត្យគុណភាពសាច់នៅមុនពេលកាប់ ក្រោយពេលកាប់ និងពេលចែកចាយនៅទីផ្សារ។ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ មើលឃើញថា មានការចាំបាច់ត្រូវពង្រឹងសមត្ថកិច្ចនេះឱ្យមានបច្ចេកទេសរឹងមាំ និងគួរឱ្យជឿទុកចិត្តបាន ហើយធានាបាននូវសត្វដែលបានអូសត្រាពិនិត្យរួចនោះជាសាច់ដែលធានាបាននូវគុណភាពសម្រាប់ការបរិភោគ។ យើងប្រាកដជាមានការប្រឈមច្រើន ហើយត្រូវការកិច្ចសហការជាមួយអាជ្ញាធរពាក់ព័ន្ធទាំងអស់ ពិសេសការផ្សព្វផ្សាយទៅដល់អ្នកប្រើប្រាស់។
ការពិឃាតសត្វឈឺ គឺមានតម្លៃថោក តែវាមានហានិភ័យខ្ពស់ ដោយសារការពិឃាតនោះគឺការពិឃាតលួចលាក់។ សាច់ដែលមានការពិឃាតនៅសត្តឃាតដ្ឋានស្របច្បាប់ យើងធានាបាននូវគុណភាព។
តាមការមើលឃើញរបស់ឯកឧត្តម តើទីផ្សារកម្ពុជាមានសក្តានុពលធំដែរ ឬទេសម្រាប់របរចិញ្ចឹមសត្វដើម្បីផ្គត់ផ្គង់ទីផ្សារ? បើយើងក្រឡេកមើលតម្រូវការរបស់ទីផ្សារបច្ចុប្បន្ន និងស្ថិតិនាំចូល យើងឃើញថាទីផ្សារកម្ពុជាកំពុងមាននិន្នាការកើនឡើងនូវតម្រូវការសាច់ដែលមានគុណភាព។ និន្នាការនៃកំណើនប្រាក់ចំណូលដែលមានចន្លោះពី25%ទៅ50% គឺត្រូវចំណាយទៅលើអាហារ ហើយនៅក្នុង25%នៃការចំណាយទៅលើអាហារ គឺចំណាយទៅលើសាច់។ ដូច្នេះយើងអាចនិយាយដោយខ្លីថា និន្នាការនៃតម្រូវការសាច់ដែលមានគុណភាពគឺកំពុងកើនឡើងច្រើន។ បានសេចក្តីថា កម្ពុជាមានទីផ្សារនៅក្នុងស្រុករួចទៅហើយ ឥឡូវនេះវាស្ថិតនៅក្នុងស្ថានភាពថា តើប្រជាពលរដ្ឋយើងអាចដណ្តើមយកចំណែកទីផ្សារក្នុងស្រុកបានដែរ ឬទេ? ទាំងនេះយើងមិនទាន់និយាយទៅដល់ភ្ញៀវទេសចរបរទេសដែលមកកម្សាន្តនៅប្រទេសកម្ពុជាឡើយ។ ដូច្នេះនេះជាឱកាស និងសក្តានុពលសម្រាប់ពង្រីកវិស័យចិញ្ចឹមសត្វផងដែរ។ ភាពចន្លោះប្រហោងគឺនៅត្រង់ថាតើយើងត្រូវរៀបចំគោលនយោបាយទៅជួយប្រជាកសិករខ្នាតតូច សហគមន៍កសិកម្ម ឬក៏ការបើកដៃគូវិនិយោគរបស់ឯកជន។ ទាំងនេះស្ថិតនៅក្នុងការឆ្លុះបញ្ចាំងដើម្បីរៀបចំគោលនយោបាយកសាងភាពជាដៃគូរវាងរដ្ឋ និងឯកជនដែលផ្សារភ្ជាប់នឹងសហគមន៍កសិកម្ម។
ហេតុអ្វីការធ្វើការងារជាមួយសហគមន៍កសិកម្មមានភាពចាំបាច់? តើវាអាចធានានិរន្តរភាពក្នុងផលិតកម្មសាច់យ៉ាងដូចម្តេចខ្លះ? ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញការអនុវត្តកសិកម្មតាមកិច្ចសន្យា ព្រោះវាជាមធ្យោបាយផ្សារភ្ជាប់ខ្សែសង្វាក់ផលិតកម្ម និងខ្សែសង្វាក់តម្លៃ។ ឥឡូវនេះយើងចាប់ផ្តើមសម្លឹងមើល និងរៀបចំតាមស្រុកនីមួយៗតាមរយៈការបង្កើតទីផ្សារសត្វ ដោយមិនអនុញ្ញាតឱ្យមានអាជីវកម្មដែលធ្លាប់តែដើរទិញសត្វឈឺចម្លងពីកន្លែងមួយទៅកន្លែងមួយទៀតទេ គឺឱ្យប្រជាពលរដ្ឋយកសត្វមកលក់នៅកន្លែងមួយ ដែលមានការផ្សព្វផ្សាយ និងត្រួតពិនិត្យសុខភាពច្បាស់លាស់ដើម្បីធានាបាននូវសុវត្ថិភាពសម្រាប់អ្នកបរិភោព។ ចំពោះផ្នែកផលិតកម្ម យើងនឹងជំរុញឱ្យមានការផ្លាស់ប្តូរពូជ ការអភិវឌ្ឍចំណីសត្វ និងការថែទាំបែបថ្មី ដែលធានាបានទាំងអនាម័យ ការពារជំងឺឆ្លង និងការលូតលាស់របស់សត្វ ហើយយើងនឹងជំរុញឱ្យកសិករខ្នាតតូចប្រើប្រាស់បច្ចេកទេសទាំងអស់នោះ។ ចំពោះឥណទាន យើងនឹងខិតខំធ្វើការងារជាមួយស្ថាប័នហិរញ្ញវត្ថុទាំងថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីផ្តល់ផលប្រយោជន៍ឱ្យគា្នទៅវិញទៅមក។ ជាចុងក្រោយយើងលើកទឹកចិត្តឱ្យមានការកែច្នៃផលិតផលសាច់ទាំងនោះ។
អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ កំពុងត្រៀមខ្លួនចរចា “Breeding Protocol”ជាមួយប្រទេសអូស្ត្រាលី និងប្រទេសមួយចំនួនទៀត ដើម្បីនាំពូជគោយកមកបង្កាត់នៅកម្ពុជា ហើយបង្កើតជាឧស្សាហកម្មនៅកម្ពុជា។ ពេលនោះកសិករខ្នាតតូចនឹងទទួលបានផលប្រយោជន៍ពីគោលនយោបាយនេះ ដោយកសិករខ្នាតតូចអាចចូលរួមតាមរយៈការទិញគោយកទៅចិញ្ចឹម។ គោនោះនឹងបង្កើតកូនមួយក្នុងរយៈពេល15ខែ និងអាចលក់បានតម្លៃ 700ទៅ800ដុល្លារ ដោយប្រើប្រាស់តែស្មៅ និងចំណីកែច្នៃមួយចំនួនប៉ុណ្ណោះ។ យើងដឹងថា ការចិញ្ចឹមគោពិតជាមានសក្តានុពលបង្កើតប្រាក់ចំណេញ ព្រោះគោស៊ីស្មៅដែលមិនប្រជែងជាមួយចំណីរបស់មនុស្ស។
នេះជាអ្វីដែលអ្នកតាក់តែងគោលនយោបាយមើលឃើញ តើវាអាចទៅរួចទេសម្រាប់ការអនុវត្ត ហើយវាអាចនឹងលេចរូបរាងឡើងពេលណាដែរ? ខ្ញុំមានការតាំងចិត្ត! កិច្ចការទាំងអស់នេះយើងពិតជាត្រូវការពេលវេលា។ សម្រាប់យើង គឺបានចាប់ផ្តើមធ្វើជាបណ្តើរៗហើយ។ បើពិនិត្យមើលពីកត្តាភូមិសាស្ត្រ កសិដ្ឋាន ទំនៀមទម្លាប់ និងស្ថានភាពសេដ្ឋកិច្ចរបស់យើងគឺអាចទៅរួច ដោយវាអាចទៅមុខលឿនទៀតផង តែកត្តាប្រឈមដែលត្រូវដោះស្រាយគឺបញ្ហាដើមទុន និងការផ្តល់សេវាគាំទ្រដល់សុខភាពសត្វ។ រឿងសេវាសុខភាពសត្វនេះ អគ្គនាយកដ្ឋានទើបបានប្រជុំ ដែលដាក់ចេញនូវកិច្ចការសំខាន់ក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយអង្គការសុខភាពសត្វពិភពលោក និង អង្គការសំខាន់ៗផ្សេងទៀត ព្រមទាំងកិច្ចសហប្រតិបត្តិការជាមួយបរទេស ដូចជាជប៉ុន ដើម្បីឱ្យគេជួយគាំទ្រផ្នែកបច្ចេកទេស និងងាយស្រួលបញ្ជ្រាបបទដ្ឋានបច្ចេកទេសនានាដែលតម្រូវដោយអន្តរជាតិ។
ចំពោះមុខនេះ បើយើងចង់ស្តារមុខរបរនៃការចិញ្ចឹមសត្វ ជាពិសេសការចិញ្ចឹមជ្រូកដែលអ្នកចិញ្ចឹមក្នុងស្រុកប្រឈមខ្លាំងដោយសារថ្លៃដើមផលិតកាន់តែខ្ពស់ ព្រោះកត្តាមួយចំនួនដូចជាកត្តាដឹកជញ្ជូន កត្តាភ្លើង និងកត្តាចំណីមូលដ្ឋាន។ ចំណីជ្រូកពឹងផ្អែកលើការនាំចូលរហូតដល់60% ដែលមានតម្លៃរហូតដល់135 លានដុល្លារក្នុងមួយឆ្នាំ។ ដោយសារការពឹងផ្អែកនេះហើយ ទើបធ្វើឱ្យផលិតកម្មក្នុងស្រុកមានតម្លៃខ្ពស់ តែយើងមិនត្រូវទុទ្ទិដ្ឋិនិយមពេកនោះទេ។ សម្រាប់ខ្ញុំ គឺនៅតែមានសុទិដ្ឋិនិយមចំពោះរឿងចិញ្ចឹមសត្វ ថ្វីត្បិតតែការចិញ្ចឹមមានថ្លៃដើមខ្ពស់បន្តិចមែន តែដំណើរការចិញ្ចឹមសត្វនៅតែមាន។ រឿងដែលមានគ្រោះថ្នាក់ខ្លាំងបំផុត គឺការបើកដៃឱ្យនាំចូលជ្រូករស់ដែលមានជំងឺមកកាន់ទីផ្សារកម្ពុជាដោយលក់បង្ខូចថ្លៃ (លក់ថោកជាងតម្លៃចំណាយផលិតក្នុងស្រុក)។ នេះជារឿងដែលត្រូវតែចូលរួមជួយគ្នាដើម្បីធ្វើការទប់ស្កាត់ ដោយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ មិនអាចធ្វើតែឯងបានទេ៕