Skip to content

និស្សិត​ធ្លាប់​បាន​ជាប់​អាហា​រូបករណ៍​ប្រាប់​ពី​ជីវិត​ពិត​នៃ​ការ​ទៅ​រៀន​បរទេស

ការជាប់​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេស​គឺជា​ក្តី​រំពឹង​របស់​និស្សិត​ជាច្រើន​នៅ​កម្ពុជា តែមាន​និស្សិត​មួយចំនួន​ហាក់​មានការ​យល់ច្រឡំ បន្ទាប់ពី​ពួកគេ​ត្រូវ​ខកចិត្ត​ក្រោយពេល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ កញ្ញា ឡៅ ដា​នេ អតីត​និស្សិត​ទទួលបាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ Bridgewater State University បាន​លើកឡើងថា ការ​ទៅ​សិក្សា​នៅ​បរទេស​មិនមែន​ទៅ​តែ​រៀន​ទាំងស្រុង​នៅក្នុង​សាលា​នោះទេ តែ​គោលបំណង​សំខាន់​គឺ​ការ​ទៅ​មើល​ពី​របៀប​រស់នៅ និង​ការអភិវឌ្ឍ ឬ​រៀន​ពី​សង្គម​របស់គេ​ដើម្បី​យក​ចំណេះដឹង​មួយចំនួន​មក​អភិវឌ្ឍ​សង្គម​របស់​យើង។

កញ្ញា​បាន​បន្ថែមទៀតថា សូម​កំណត់​គោលបំណង​ឱ្យបាន​ច្បាស់​មុនពេល​សម្រេចចិត្ត​ទៅ ព្រោះថា ការជាប់​អាហារូបករណ៍​ទៅ​ផ្លាស់ប្តូរ​ការសិក្សា (exchange)នៅ​បរទេស​មិនមែន​សុទ្ធតែ​ចំណេញ​ទាំងអស់​នោះទេ​សម្រាប់​និស្សិតម្នាក់ៗ ប្រសិនបើ​កម្មវិធី​ណា​ដែល​យើង​មិន​ពេញចិត្ត យើង​មិនបាច់​ទៅ​ក៏​បានដែរ ព្រោះ​វា​អាចធ្វើឱ្យ​យើង​ខាត​ពេលវេលា​ជាជាង​រៀន​នៅ​សាកលវិទ្យាល័យ​ក្នុងស្រុក​ទៅវិញ​ទេ។

បង្ហាញ​លើ​ចំណុច​ស្រដៀង​គ្នា​នេះដែរ លោក ឌុ​ច ឡា​លីន និស្សិត​ដែល​ទទួលបាន​អាហារូបករណ៍​ទៅ​ផ្លាស់ប្តូរ​បទពិសោធ​នៅ​សហរដ្ឋអាមេរិក​បានលើកឡើង​ថា សូម​ឈប់​គិតថា ការជាប់​អាហារូបករណ៍​ជាការ​ត្រូវ​ឆ្នោត​រង្វាន់​ធំ តែ​ត្រូវ​គិតថា វា​គ្រាន់តែ​ជា​បទពិសោធ និង​ដំណើរ​ផ្សងព្រេង​ថ្មី​មួយ​សម្រាប់​ជីវិត​តែប៉ុណ្ណោះ។

លោក ឌុ​ច ឡា​លីន បាន​និយាយថា៖ «ការសិក្សា​នៅ​បរទេស វា​គ្រាន់តែ​ជា​បទពិសោធ​ដែល​យើង​ត្រូវ​ទទួលយក​ពី​បរិស្ថាន​ថ្មី​មួយ ហើយ​ដកស្រង់យក​នូវ​អ្វីដែល​យើង​បានឃើញ​ពី​សង្គម និង​ពី​ចំណេះដឹង​ជុំវិញខ្លួន​មក​ធ្វើជា​បទពិសោធ​សម្រាប់​ជំនួយ​ដល់​ការងារ និង​ការរស់នៅ​ពេល​ត្រឡប់មក​ស្រុក​វិញ​តែប៉ុណ្ណោះ»។

បើតាម​និស្សិត​ដែល​ជាប់​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេស​ខាងលើ និស្សិត​កម្ពុជា​មិនគួរ​ផ្តោត​វាសនា​ទាំងស្រុង​តែ​លើ​ការសិក្សា​នៅ​បរទេស​នោះទេ ព្រោះថា ចំណេះដឹង​ពិតប្រាកដ​ទើប​ជា​ចំណុច​ដែល​សំខាន់​សម្រាប់​វិស័យ​ការងារ​នៅ​កម្ពុជា ហើយ​ការចង់​ផ្លាស់​ប្តូរជីវិត​ដោយ​ផ្អែកលើ​សញ្ញាបត្រ​ពី​បរទេស​ទាំងស្រុង​មិនមែនជា​រឿង​ត្រឹម​ត្រុ​វ​ពេក​ឡើយ​សម្រាប់​និស្សិត​កម្ពុជា​យើង។

ស្រដៀង​គ្នា​នេះដែរ លោក គីម ដា​រ៉ា អតីត​និស្សិត​ដែល​ជាប់​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន បាន​លើកឡើងថា ការប្រឡង​ជាប់​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេស ត្រូវតែមាន​គោលបំណង​ឱ្យបាន​ច្បាស់លាស់ បើ​មិន​ដូច្នេះ​ទេ យើង​នឹង​ខាតបង់​ជាក់​ជាមិនខាន។ និស្សិត​ត្រូវ​ដឹង​ឱ្យ​ច្បាស់​ពីអ្វី​ដែល​យើង​ចង់បាន ហើយ​ទៅយក​ចំណុចសំខាន់ៗទាំងអស់នោះ​ពី​បរទេស​មក​ដើម្បី​បំពេញ​នូវ​ចំណុច​ខ្វះខាត​របស់ខ្លួន​សម្រាប់​អភិវឌ្ឍ​សង្គម​បន្ទាប់ពី​ត្រឡប់មក​ប្រទេស​ដើម​វិញ ជា​ឧទាហរណ៍ ដូចជា​និស្សិត​ទៅ​សិក្សា​ផ្នែក​បច្ចេកទេស​នៅ​បរទេស គឺ​ពួកគាត់​ទៅប្រើ​ប្រាស់​បន្ទប់​ពិសោធទំនើបៗនៅ​បរទេស​ដើម្បី​យកចំណេះ​ដឹង​ទាំងអស់​នោះមក​ដោះស្រាយ​បញ្ហា​នៅ​កម្ពុជា​ដែល​កំពុង​ជួបប្រទះ​ជាដើម៕

Leave a Reply

Your email address will not be published. Required fields are marked *