Skip to content

ការដាំដុះ​ផ្កា ជា​ឱកាស «មាស» សម្រាប់​កសិករ

កម្ពុជា​ហាក់​មើលរំលង​មុខរបរ​ដាំ​ផ្កា ខណៈដែល​ប្រទេស​កម្ពុជា មាន​តម្រូវការ​ប្រើប្រាស់​ផ្កា​ក្នុង​បរិមាណ​ដ៏​ច្រើន​ជា​រៀងរាល់ថ្ងៃ។ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ថ្មី​នេះ​បាន​ជំរុញ​ឱ្យ​មន្ត្រីក្រោមឱវាទ​ក្រសួង ធ្វើការ​សិក្សា​ស្រាវជ្រាវ​ទៅលើ​ពូជ​ផ្កា​សម្រាប់​យកមក​ដាំ​ដុះ​នៅក្នុង​ស្រុក ដោយសារ​តម្រូវការ​ផ្កា​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្នកំពុង​មានការ​កើនឡើង​យ៉ាងច្រើន។

ក្នុងឱកាស​ធ្វើជា​គណៈអធិបតី​ក្នុង​ពិធី​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​សៀវភៅ​សមិទ្ធផល​នៃ​ការស្រាវជ្រាវ និង​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ចំនួន3ក្បាល និង​ខួប​ទី18ឆ្នាំ របស់​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា (Cardi) ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជំរុញ​ឱ្យ​ថ្នាក់ដឹកនាំ​វិទ្យាស្ថាន​នេះ​សិក្សា​ស្រាវជ្រាវ​លើ​ប្រភេទ​ពូជ​ផ្កា​សម្រាប់​ដាំ​ដុះ​នៅ​កម្ពុជា ដើម្បី​បំផុស​ឱ្យ​ប្រជាពលរដ្ឋ​ដាំ​ផ្កា​ឱ្យបាន​ច្រើន​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ ដែល​រួមចំណែក​ដល់​ការជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ។

ឯកឧត្តម វេ​ង សាខុន មានប្រសាសន៍ថា៖ “ការជំរុញ​ការដាំដុះ​បន្លែ​ចេះតែ​ធ្វើទៅ តែ​យើង​ក៏​កុំ​ភ្លេច​រឿង​ដំណាំ​ផ្កា​ដែរ។ ខ្ញុំ​ពេល​ទៅ​ចូលរួម​ពិធីមង្គលការ​ខ្លះ គេ​ហ៊ាន​ចំណាយ​ប្រាក់​រហូតដល់10ម៉ឺន​ដុល្លារ​ក៏មានដែរ ហើយ​កន្លែង​ខ្លះទៀត​ហ៊ាន​ចំណាយ​រហូតដល់​កន្លះ​លាន​ដុល្លារ។ យើង​គិតតែ​រឿង​ហូប តែ​យើង​ភ្លេច​គិត​រឿង​លម្អ។ យើង​ឃើញ​ក្នុង​កម្មវិធី​តុបតែង​ផ្កា កន្លែង​ណា​ក៏​គេ​ត្រូវការ​ផ្កា​ដែរ។ នេះ​ជា​ឱកាស​មាស​របស់​យើង។ តម្រូវការ​ផ្កា​ដើម្បី​ដាក់តាំង​លម្អ​នៅ​កម្ពុជា​បាន​កើនឡើង ស្រប​ពេលដែល​ជីវភាព​របស់​ប្រជាជន​ខ្មែរ​មាន​ភាព​កាន់តែ​ប្រសើរ ដែល​ធ្វើឱ្យ​ជីវិត​រស់នៅ​កាន់តែ​មាន​ភាព​ស៊ី​វិ​ល័យ។

លោក​បណ្ឌិត អ៊ុក ម៉ា​កា​រ៉ា នាយក​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា បាន​ថ្លែងថា វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា ក៏​ធ្លាប់បាន​ផ្តោតលើ​ការសិក្សា​ពី​ពូជ​ផ្កា​នាពេល​កន្លងមក​ដែរ តែ​ត្រូវ​ជាប់គាំង​វិញ​ដោយសារ​កង្វះខាត​ទឹកស្អាត​សម្រាប់​បន្តការងារ។ ការប្រើប្រាស់​ទឹកស្រះ​ដែល​ល្អក់ និង​មាន​សារធាតុ​ខ្លះ​នៅក្នុង​នោះ មិនទាន់​សមស្រប​សម្រាប់​ការងារ​ស្រាវជ្រាវ​លើ​ដំណាំ​ផ្កា​នេះ​ទេ។ លោក​បណ្ឌិត បាន​បញ្ជាក់ថា៖“យើង​នឹង​បន្តការងារ​នេះ​ឡើងវិញ នៅពេលដែល​ទឹកស្អាត​ទៅដល់​វិទ្យាស្ថាន​នេះ​នៅពេល​ខាងមុខ។

កញ្ញា ឡេង សុជាតិ អ្នកគ្រប់គ្រង​ហាង​ផ្កា Phnom Penh Flower ដែល​បាន​បើក​ដំណើរការ​រយៈពេល​ប្រហែល2ឆ្នាំកន្លងមក បាន​ប្រាប់ថា ហាង​របស់់ខ្លួន​បាន​នាំចូល​ផ្កា​ភាគច្រើន​ពី​ប្រទេស​វៀតណាម ថៃ​និង​ប្រទេស​ចិន ដោយសារ​ពិបាក​រក​ផ្កា​នៅក្នុង​ស្រុក​ដែលមាន​ស្ថិរភាព និង​ស្តង់ដារ​កម្រិត​ខ្ពស់។ កញ្ញា​អះអាងថា ប្រសិនបើ​មាន​ការដាំដុះ​ពិតប្រាកដ​នៅ​កម្ពុជា​ហាង​របស់ខ្លួន​ក៏​មិន​ចង់ទៅ​នាំចូល​ផ្កា​ពី​ក្រៅប្រទេស​ដែលមាន​តម្លៃ​ថ្លៃ​នោះទេ។

កញ្ញា សុជាតិ និយាយថា៖“ខ្ញុំ​យល់ថា​វា​ពិតជា​ល្អ​ណាស់ បើសិន​មានការ​បំផុស​ឱ្យមាន​ការដាំដុះ​ផ្កា​មែន​នោះ យើង​នឹង​ទទួលបាន​វត្ថុធាតុដើម​ក្នុងស្រុក ហើយ​យើង​មិន​លំបាក​បំពេញបែបបទ​ស​ម្រា​ប់​ការនាំ​ចូល​អី​នោះទេ។ លើសពីនេះ​ចំណូល​ពី​ផ្កា​នេះ ទោះ​តិច ឬ​ច្រើន​វា​នឹង​ធ្លាក់​ទៅលើ​ដៃ​អ្នក​ដាំ​ដុះ​ក្នុងស្រុក​របស់​យើង​ទាំងអស់”៕

Leave a Reply

Your email address will not be published. Required fields are marked *