(សហរដ្ឋអាម៉េរិក)-Good Meat ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Eat Just នឹងសាងសង់រោងចក្រដែលមានម៉ាស៊ីន ឬឡប្រតិកម្មជីវសាស្ត្រចំនួន ១០ គ្រឿង ដែលធំជាងគេបង្អស់ក្នុងពិភពលោក ដើម្បីចិញ្ចឹមសាច់ ក្នុងនោះ ឡនីមួយៗមានចំណុះ ២៥០,០០០ លីត្រ។
ប្រកាសកាលពីថ្ងៃទី ២៥ ឧសភា របស់ក្រុមហ៊ុនខាងលើបានបញ្ជាក់ថា រោងចក្ររបស់ពួកគេនឹងផលិតសាច់គោ និងសាច់មាន់សិប្បនិម្មិត។ ឡប្រតិកម្មជីវសាស្ត្ររបស់ Good Meat នឹងប្រើប្រាស់កោសិការស់ដែលបានមកពីធនាគារកោសិកា ឬស៊ុត ដូច្នេះនឹងមិនមានការកាប់សម្លាប់សត្វឡើយ។
បច្ចុប្បន្ន មានក្រុមហ៊ុនប្រហែល ១៧០ ក្នុងពិភពលោក កំពុងតែអភិវឌ្ឍសាច់សិប្បនិម្មិត ប៉ុន្តែ Good Meat គឺជាក្រុមហ៊ុនតែមួយគត់ដែលទទួលបានអាជ្ញាប័ណ្ណលក់ផលិតផលរបស់ខ្លួននៅក្នុងទីផ្សារនាបច្ចុប្បន្ន។ ក្រុមហ៊ុននេះបានចាប់ផ្ដើមផ្គត់ផ្គង់សាច់មាន់ដែលចិញ្ចឹមពីកោសិកាសត្វមាន់នៅ សិង្ហបុរី កាលពីខែធ្នូ ២០២០។
ការចិញ្ចឹមសត្វនាំឱ្យប៉ះពាល់បរិស្ថាន ព្រោះតែវាបំភាយឧស្ម័យមេតាន ការកាប់ព្រៃឈើយកកន្លែងធ្វើកសិដ្ឋាន និងការប្រើប្រាស់ទឹកច្រើន ដូច្នេះ ការចិញ្ចឹមកោសិកាដើម្បីឱ្យវាធំធាត់ទៅជាសាច់គឺជាដំណោះស្រាយល្អ។
អ្នកគាំទ្រ និងអ្នកដែលបានបរិភោគសាច់សត្វសិប្បនិម្មិតបានឱ្យដឹងថា សាច់ដែលចិញ្ចឹមពីកោសិកាគឺមានរសជាតិដូចទៅនឹងសាច់សត្វដែលគេចិញ្ចឹមដោយឱ្យចំណី។
ក្រុមហ៊ុន Good Meat កំពុងសាងសង់ឡប្រតិកម្មជីវសាស្ត្រចំនួន ១០ ក្នុងនោះ ឡនីមួយៗមានចំណុះ ២៥០,០០០ លីត្រ និងកម្ពស់ ៤ ជាន់ ធំជាងគេបង្អស់ក្នុងពិភពលោកនៅក្នុងវិស័យនេះ។ ក្នុងរយៈពេល ៣ ខែទៀត ឡទាំងនេះនឹងត្រូវបានដាក់ក្នុងរោងចក្ររបស់ Good Meat នៅ សហរដ្ឋអាម៉េរិក។
តាមគម្រោង រោងចក្រខាងលើនឹងដំណើរការចាប់ពីចុងឆ្នាំ ២០២៤ និងអាចផ្គត់ផ្គង់សាច់សិប្បនិម្មិតចំនួន ១១,៨០០ តោននៅឆ្នាំ ២០២៦ និង ១៣,៧០០ តោននៅឆ្នាំ ២០៣០។