Rinat Akhmetov ចង់ដាក់ពាក្យប្ដឹងប្រឆាំង រុស្ស៊ី ព្រោះតែបានទម្លាក់គ្រាប់បែកលើរោងចក្រផលិតដែកថែបរបស់លោកនៅ Mariupol បង្កការខាតបង់ពី ១៧ ដល់ ២០ ពាន់លានដុល្លារអាម៉េរិក។
«យើងប្រាកដជាប្ដឹងប្រឆាំង រុស្ស៊ី និងទាមទារសំណងឱ្យបានសមស្រប ដោយសាររងការខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងសកម្មភាពជំនួញ» មហាសេដ្ឋី Akhmetov បានប្រាប់ទំព័រ mrpl.city ដូច្នេះ។
មហាសេដ្ឋីអ៊ុយក្រែន វ័យ ៥៥ ឆ្នាំខាងលើ មានភាគហ៊ុននៅក្នុងក្រុមហ៊ុនជាច្រើនតាមរយៈក្រុមហ៊ុនហិរញ្ញវត្ថុនិងឧស្សាហកម្ម SCM។ ភាគហ៊ុនធំជាងគេរបស់លោក Akhmetov គឺស្ថិតនៅក្នុងក្រុមហ៊ុនផលិតដែកថែបលំដាប់កំពូលរបស់ អ៊ុយក្រែន គឺ Metinvest Group។
រោងចក្រដែកថែប Azovstal បានរងការខូចខាតធ្ងន់ធ្ងរដោយសារការទម្លាក់គ្រាប់បែករបស់ កងទ័ពរុស្ស៊ី នៅពេលតំបន់រោងចក្រនេះក្លាយជាលេណដ្ឋានចុងក្រោយរបស់ ទាហានអ៊ុយក្រែន នៅ Mariupol។ រោងចក្រជាច្រើនផ្សេងទៀតក៏បានរងការខូចខាតធ្ងន់ធ្ងរ។
មហាសេដ្ឋី Akhmetov បញ្ជាក់ថា «ការចំណាយទៅលើការជួសជុលព្រោះតែសកម្មភាពរបស់ រុស្ស៊ី គឺប្រមាណពី ១៧ ទៅ ២០ ពាន់លានដុល្លារអាម៉េរិក។ តួលេខចុងក្រោយនឹងត្រូវបានលើកឡើងនៅក្នុងពាក្យបណ្ដឹងប្រឆាំង រុស្ស៊ី»។