កាលពីថ្ងៃម្សិលមិញក្រុមហ៊ុន Jaguar របស់ចក្រភពអង់គ្លេស បានបញ្ចេញនូវរថយន្តប្រើប្រាស់ថាមពលអគ្គិសនី E Type Zero ថ្មីម៉ូដែលយកគំរូតាមរថយន្តស៊េរីចាស់ដែលខ្លួនធ្លាប់បានផលិតតាំងពីឆ្នាំ 1968 ដែលអាចសាកថ្មម្ដងអាចជិះបានចម្ងាយ 273 គីឡូម៉ែត្រ។
ការបញ្ចេញរថយន្តប្រើប្រាស់ថាមពលអគ្គិសនីនេះ Jaguar ធ្វើឡើងដើម្បីរំឭកដល់ភាពជោគជ័យរបស់ខ្លួនកាលពីអតីតកាល និងចង់ប្រាប់ទៅពិភពលោកពីគម្រោងបង្កើតរថយន្តមិនប្រើប្រេងឥន្ធនៈជាលើកដំបូងរបស់ខ្លួនចាប់ពីឆ្នាំ 2020 នេះតទៅ។ រថយន្តថ្មីតែធ្វើតាមគំរូចាស់នេះ នឹងមានកម្លាំងថាមពល 220 KW ជាមួយនឹងកម្លាំង 294 សេះ ដែលអាចរត់បានក្នុងល្បឿនសម្ទុះពី 0 ទៅ 100 គីឡូម៉ែត្រប្រើរយៈពេលដោយ 5.5វិនាទី ជាមួយទំហំម៉ាស៊ីន 1.5 L ដែលអាចជិះបាន 170 ម៉ាយល៍ ដោយគ្រាន់តែសាកថ្មពី 6 ទៅ 7 ម៉ោងប៉ុណ្ណោះ។
ចំពោះគម្រោងរថយន្តប្រើប្រាស់ថាមពលអគ្គិសនីនេះ JLR Group អាចដើរក្រោយគេបន្ដិច ខណៈដែលក្រុមហ៊ុនធំៗជាច្រើនក្នុងពិភពលោកបានបង្កើត និងដាក់លក់រួចមកហើយ។ នាយកប្រតិបត្តិរបស់ JLR លោក Ralf Speth បានឱ្យដឹងថា ក្រុមហ៊ុនលោកនឹងដាក់ចេញនូវស៊េរីរថយន្តប្រើប្រាស់ថាមពលអគ្គិសនី និងប្រភេទរថយន្ត Plug-in Hybrid និងពាក់កណ្ដាល Hybrid ប៉ុន្ដែសម្រាប់ឆ្នាំក្រោយ ក្រុមហ៊ុននឹងធ្វើការដាក់ចេញរថយន្តប្រភេទSUV Jaguar I-Pace ដំបូងដែលប្រើថាមពលអគ្គិសនី៕