ក្រុមហ៊ុនផលិតឱសថ Roche របស់ ប្រទេសស្វ៊ីស កាលពីថ្ងៃទី ២៥ ឧសភា បានប្រកាសថា អភិវឌ្ឍឧបករណ៍តេស្តប្រភេទ PCR ដែលអាចរកឃើញវីរុសបង្កជំងឺអុតស្វា។
យោងតាមក្រុមហ៊ុន Roche ម៉ាស៊ីនធ្វើតេស្ត PCR កំណែដំបូងអាចរកឃើញវីរុសដែលស្ថិតក្នុងអម្បូរ Orthopoxvirus, ចំណែកកំណែទីពីរអាចរកឃើញវីរុសបង្កជំងឺអុតស្វា ខណៈដែលកំណែទីបីអាចរកឃើញវីរុសទាំងពីរប្រភេទនេះ។
អង្គការសុខភាពពិភពលោក (WHO) យល់ថា ការធ្វើតេស្តដោយម៉ាស៊ីន PCR គួរត្រូវបានផ្ដល់អាទិភាពមុនគេដោយសារតែវាមានភាពសុក្រឹតខ្ពស់។
នៅទូទាំងសកលលោក ករណីឆ្លងជំងឺអុតស្វា បានកើនឡើងដល់ ២១៩ នាក់ នេះគឺជាការប្រកាសរបស់ មជ្ឈមណ្ឌលគ្រប់គ្រង និងទប់ស្កាត់ជំងឺឆ្លងអឺរ៉ុប (ECDC) ធ្វើឡើងកាលពីម្សិលមិញ។
ដោយមើលឃើញហានិភ័យ ប្រទេសអេស្ប៉ាញ បានរៀបគម្រោងទិញវ៉ាក់សាំងបង្ការជំងឺអុតស្វា Imvanex និងថ្នាំប្រឆាំងវីរុស Tecovirimat តាមរយៈយន្តការរបស់ សហភាពអឺរ៉ុប ដើម្បីទប់ស្កាត់ការឆ្លងរាលដាល។ វ៉ាក់សាំង Imvanex ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Bavarian Nordic របស់ ដាណឺម៉ាក និងត្រូវបានស្ថាប័នឱសថអឺរ៉ុប ទទួលស្គាល់រួចហើយ។
នៅ សហរដ្ឋអាម៉េរិក វ៉ាក់សាំង Imvanex ក៏ត្រូវបានអាជ្ញាធរគ្រប់គ្រងអាហារ និងឱសថ (FDA) ផ្ដល់ការការអនុញ្ញាតឱ្យលក់ក្នុងទីផ្សារជាមួយនឹងឈ្មោះ Jynneos សម្រាប់ប្រឆាំងនឹងជំងឺអុតធំ និងជំងឺអុតស្វា។