Skip to content

សេវា​តាក់ស៊ី​អន​ឡាញ​ថ្មី​មួយទៀត​នឹងមាន​វត្ត​មាននៅ​កម្ពុជាឆាប់ៗនេះ

ភ្នំពេញ៖ គេ​ថា កម្ពុជា​ជា​ប្រទេស​ដែលមាន​ទីផ្សារ​តូច​មួយ​នៅក្នុង​តំបន់​អាស៊ី តែមាន​សក្តានុពល​ខ្លាំង​ក្នុងការ​វិនិយោគ​លើ​គ្រប់​វិស័យ ដោយ​ក្នុងនោះ​សេវា​តាក់ស៊ី​តាម​អន​ឡាញ​ថ្មី​មួយទៀត​គ្រោង​នឹង​មក​វិនិយោគ​នៅ​កម្ពុជា​ក្នុងពេលឆាប់ៗខាងមុខនេះ។

កាលពី​ថ្ងៃទី25 ខែកញ្ញា ឆ្នាំ2017 លោក Yee Wee Tang ប្រធាន​គ្រប់គ្រង​ក្រុមហ៊ុន Grab Taxi ប្រចាំ​នៅ​ប្រទេស​ថៃ និង​គណៈប្រតិភូ​អមដំណើរ​បាន​ចូលជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​ស្នើសុំ​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ខ្លួន​លើ​វិស័យ​ដឹកជញ្ជូន​នៅ​កម្ពុជា។

ក្នុងជំនួប​ជា​លើកដំបូង​នេះ លោក Yee Wee Tang បាន​ស្នើសុំ​ការគាំទ្រ​ពី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លើ​ដំណើរការ​ចាប់ផ្តើម​នៃ​ប្រតិបត្តិការ​អាជីវក​ម្ម​របស់​ក្រុមហ៊ុន Grab Taxi នៅក្នុង​ប្រទេស​កម្ពុជា បន្ទាប់ពី​ក្រុមហ៊ុន​បានរៀបចំ​លិខិតស្នាម និង​បំពេញ​សំណុំបែបបទផ្សេងៗដើម្បី​ទទួលបាន​ការធ្វើ​អាជីវកម្ម​លើ​វិស័យ​ដឹកជញ្ជូន​នេះ​ដោយ​ស្របច្បាប់។

ជាការ​ឆ្លើយតប ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបង្ហាញ​នូវ​ការគាំទ្រ​ដោយបាន​គូសបញ្ជាក់ថា៖ សេវា​រថយន្ត​តាក់ស៊ី​តាម​ប្រព័ន្ធ​អន​ឡាញ​ទាំងនេះ​នឹង​ជួយ​ធ្វើឱ្យ​ការដឹកជញ្ជូន​សាធារណៈ​កាន់តែ​មាន​ភាព​ងាយស្រួល​ឡើង​ក្នុង​កម្រិត​ថ្មី​មួយទៀត​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តម​បានស្នើ​ឱ្យ​ក្រុមហ៊ុន Grab Taxi ធ្វើ​ប្រតិបត្តិការ​ដោយ​ស្របតាម​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​បាន​ជំ​រុញឱ្យ​ក្រុមហ៊ុន​ធ្វើការ​ជាមួយ​ក្រុម​អ្នកជំនាញ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ទាក់ទង​នឹង​នីតិវិធី​សុំ​ស្នើ​អាជ្ញាប័ណ្ណ។

យ៉ាងណាក៏ដោយ ពាក់ព័ន្ធ​នឹង​ករណី​នេះដែរ ឯកឧត្តម កែន រដ្ឋា នាយករង​ខុទ្ទកាល័យ​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​មានប្រសាសន៍ថា គេ​មិនទាន់​ដឹង​ច្បាស់​ថា ក្រុមហ៊ុន​នេះ​នឹង​ចាប់ផ្តើម​នៅពេលណា​នៅឡើយ​ទេ ដោយសារតែ​នេះ​ជា​ជំនួប​បឋម​ដើម្បី​ស្នើសុំ​ការណែនាំ​ពី​ថ្នាក់ដឹកនាំ​ក្រសួង​តែប៉ុណ្ណោះ តែ​ទោះជា​ដូច្នេះ​ក្តី ក៏​ឯកឧត្តម​គាំទ្រ​គម្រោង Grab Taxi ដែលមាន​បំណង​ចូលមក​វិនិយោគ​បន្ថែម​នៅ​កម្ពុជា​ដើម្បី​ជំរុញ​ដល់​វិស័យនេះ​ឱ្យ​កាន់​តែមាន​ភាពប្រសើរឡើង​នៅលើ​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា​ដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *