ប្រាក់ចំណូលក្នុងឆ្នាំ ២០២១ របស់ក្រុមហ៊ុនបារាំង Chanel គឺ ១៥.៦ ពាន់លានដុល្លារអាម៉េរិក។
ឆ្នាំ ២០២១ ប្រាក់ចំណូលរបស់ក្រុមហ៊ុន Chanel គឺ ១៥.៦ ពាន់លានដុល្លារអាម៉េរិក នេះបើតាមទិន្នន័យដែលក្រុមហ៊ុននេះបានចែករំលែកជាមួយ Business of Fashion។ តួលេខនេះកើនឡើង ៥០% ធៀបនឹងចំណូលកាលពីឆ្នាំ ២០២០ និង ២៣% ធៀបនឹងឆ្នាំ ២០១៩។
ក្រុមហ៊ុននេះរកបានប្រាក់ចំណូលខ្ពស់ បើទោះជាបានចំណាយរហូតដល់ ១.៨ ពាន់លានដុល្លារទៅលើសកម្មភាពទីផ្សារកាលពីឆ្នាំកន្លង។ ផលិតផលដែលក្រុមហ៊ុន Chanel លក់ដាច់ជាងគេគឺខោអាវ គ្រឿងអលង្ការ និងនាឡិកា។ ផលិតផលទឹកអប់ ផលិតផលថែរក្សាសម្រស់របស់ក្រុមហ៊ុននេះក៏ទទួលបានជោគជ័យច្រើនផងដែរ។
នាយកផ្នែកហិរញ្ញវត្ថុ Patrick Blondiaux របស់ក្រុមហ៊ុន Chanel ឱ្យដឹងថា កំណើននៃការលក់ផលិតផលរបស់ក្រុមហ៊ុនគឺដោយសារការរួមផ្សំនៃ «ការធ្វើឱ្យមានតុល្យភាព» រវាងការដំឡើងថ្លៃ និងការបង្កើនបរិមាណផលិតផល។ Chanel បានដំឡើងថ្លៃ ៣ លើកក្នុងឆ្នាំ ២០២១ និង ១ លើកនៅដើមឆ្នាំនេះ ព្រោះតែការចំណាយលើវត្ថុធាតុដើម និងប្រាក់ឈ្នួលកាន់តែខ្ពស់។ ខែមីនាកន្លងទៅ ផលិតផលមួយចំនួនរបស់ Chanel ត្រូវបានលក់ថ្លៃខ្ពស់ទ្វេដង ធៀបនឹងតម្លៃមុនវិបត្តិកូវីដ-១៩។
បើទោះជាមានការប្រែប្រួលដូចខាងលើ ប៉ុន្តែ Chanel នៅតែរក្សាគោលការណ៍មួយ នោះគឺ អតិថិជននឹងត្រូវទិញនៅក្នុងហាងដោយផ្ទាល់។