ស្ថានីយចុះចត InSight បញ្ជូនរូបថតសែលហ្វ៊ីមកកាន់ផែនដី បង្ហាញថា ផ្ទាំងសូឡារបស់យាននេះពេញដោយធូលី ដែលជាឧបសគ្គចំពោះការបន្តបេសកកម្មរបស់វានៅលើពិភពអង្គារ។
បណ្ដារូបថតសែលហ្វ៊ី លើពិភពអង្គារ បានផ្ដល់ព័ត៌មានដ៏មានតម្លៃស្ដីពីស្ថានភាពរបស់យាន ដល់ក្រុមអ្នកវិទ្យាសាស្ត្រនៅលើផែនដី និងជួយឱ្យក្រុមអ្នកស្រលាញ់វិទ្យាសាស្ត្រអវកាស មានអារម្មណ៍ថា បានភ្ជាប់ទំនាក់ទំនងជាមួយក្រុម «អ្នកផ្សងព្រេង» នៅលើភពក្រហមដ៏សែនឆ្ងាយនេះ។
កាលពីថ្ងៃទី ២៤ ឧសភា មជ្ឈមណ្ឌលពិសោធន៍កម្លាំងរុញច្រាន (JPL) របស់ ណាសា បានចែករំលែកលើបណ្ដាញសង្គមនូវបណ្ដារូបថតដែលអាចជារូបសែលហ្វ៊ីចុងក្រោយរបស់ស្ថានីយចុះចត InSight ដែលបានថតកាលពីថ្ងៃទី ២៤ មេសា ឆ្នាំ ២០២២។ JPL ក៏បានប្រៀបធៀបរូបថតថ្មីនេះជាមួយនឹងរូបសែលហ្វ៊ី ដំបូង ដែលថតកាលពីខែធ្នូ ២០១៨ ផងដែរ។ ក្នុងការប្រៀបធៀប គេឃើញថា នៅក្នុងរូបថតថ្មីបំផុតនេះ ផ្ទាំងសូឡារបស់ InSight ពេញដោយធូលី។
រូបថតសែលហ្វ៊ីកាលពីថ្ងៃទី ២៤ មេសា ត្រូវបានប្រមូលផ្ដុំពីបណ្ដារូបថតជាច្រើនសន្លឹកដែលថតដោយកាមេរ៉ាបំពាក់លើដៃយន្តរបស់ InSight។ ដៃយន្តនេះ តាមគម្រោងនឹងត្រូវបានដាក់ឱ្យ «ចូលនិវត្តន៍» នៅខែឧសភានេះ។
ដោយសារតែបញ្ហាជាច្រើនកើតឡើងព្រោះតែស្រទាប់ធូលីដ៏ក្រាស់ យាន InSight គ្រោងនឹងត្រូវបាន ណាសា បញ្ចប់បេសកកម្មនៅចុងឆ្នាំ ២០២២។ InSight បានចុះចតលើពិភពអង្គារ កាលពីចុងឆ្នាំ ២០១៨។ ការដែលត្រូវលា InSight នេះគឺជារឿងគួរឱ្យស្រងេះស្រងោច ប៉ុន្តែ InSight ក៏បានសម្រេចភារកិច្ចជាច្រើនហើយដែរ ដូចជា ការបង្កើតផែនទីខាងក្នុងភពអង្គារ និងរកឃើញរញ្ជួយដីកម្លាំងខ្លាំងបំផុតនៅលើភពនេះជាដើម។ល។