កង្វះខាតភ្លើងអគ្គិសនីរបស់ប្រជាជននៅតំបន់ជនបទដាច់ស្រយាលមួយចំនួននៅកម្ពុជា បានបង្អាក់ដល់ការរៀនសូត្ររបស់កុមារ ព្រោះតំបន់នៅឆ្ងាយៗពីផ្លូវជាតិទាំងអស់នោះពិបាកក្នុងការស្វែងរកភ្លើងអគ្គិសនីប្រើប្រាស់ និងភូមិខ្លះមិនមានទាំងកន្លែងបញ្ជូលភ្លើងអាគុយផង។
នៅតំបន់ខ្លះកុមារត្រូវប្រើប្រាស់ចង្កៀងប្រេងកាតបំភ្លឺ តែកុមារនៅតំបន់ខ្លះទៀតដែលអាណាព្យាបាលមិនសូវមានចំណេះដឹងខ្ពស់ ហាក់មិនបានគិតគូរដិតដល់លើការសិក្សារបស់កូននៅពេលយប់នោះទេ។
ដើម្បីដោះស្រាយបញ្ហាទាំងអស់នោះ អង្គការទស្សនៈពិភពលោក បានសហការជាមួយនឹងគម្រោង Panasonic 100 Thousand Solar Lanterns ដើម្បីផ្តល់ចង្កៀងដើរដោយពន្លឺព្រះអាទិត្យដល់ប្រជាជននៅតំបន់ជនបទដែលនៅឆ្ងាយពីចរន្តអគ្គិសនី។ គម្រោងនេះត្រូវបានគេរំពឹងថា នឹងអាចជួយកុមារតូចៗឱ្យទទួលបានពន្លឺគ្រប់គ្រាន់ដើម្បីអានសៀវភៅ និងសិក្សាបន្តនៅពេលយប់ ព្រោះពួកគេមានពេលមិនច្រើនទេក្នុងការរៀនសូត្រនៅពេលថ្ងៃដែលត្រូវចែកពេលវេលាសម្រាប់រៀនផង និងជួយធ្វើការងារផ្ទះផងនោះ។
អំពូលភ្លើងទាំងអស់នោះ ក៏ត្រូវបានគេរំពឹងថា នឹងអាចជួយផ្លាស់ប្តូរវាសនារបស់ពួកគេឱ្យមានភាពល្អប្រសើរឡើង ព្រោះថានៅពេលដែលកុមារនៅតំបន់ជនបទមានចំណេះដឹងគ្រប់គ្រាន់ដើម្បីការសិក្សារៀនសូត្រដែលល្អសមរម្យ ពួកគេនឹងអាចស្វែងរកអាជីពដែលល្អសមរម្យបាននៅថ្ងៃអនាគតដែរ៕