ក្រសួងហិរញ្ញវត្ថុអាម៉េរិក ប្រកាសថា បណ្ដាធនាគារ និងបុគ្គលជាពលរដ្ឋអាម៉េរិក នឹងត្រូវបានហាមចំពោះការទទួលយកខ្ទង់ប្រាក់ទូទាត់មូលបត្របំណុលពី រដ្ឋាភិបាលរុស្ស៊ី។
ម៉ោង ០ នៃថ្ងៃទី ២៥ ឧសភា (ម៉ោងនៅ New York) គឺជាពេលវេលាដែលបទបញ្ជាលើកលែងរបស់ សហរដ្ឋអាម៉េរិក ចំពោះ រុស្ស៊ី ត្រូវអស់សុពលភាព។ «OFAC (ការិយាល័យគ្រប់គ្រងទ្រព្យបរទេស) នឹងមិនបន្តសុពលភាពទៀតឡើយ» ក្រសួងហិរញ្ញវត្ថុអាម៉េរិក ប្រកាសដូច្នេះកាលពីថ្ងៃទី ២៤ ឧសភា។
បទបញ្ជាលើកលែងការហាមទទួលយកខ្ទង់ប្រាក់ទូទាត់លើមូលបត្របំណុលពី រដ្ឋាភិបាលរុស្ស៊ី ត្រូវបានលើកឡើងបន្ទាប់ពី សហរដ្ឋអាម៉េរិក ប្រកាសដាក់ទណ្ឌកម្មលើ រុស្ស៊ី ព្រោះតែសង្គ្រាមនៅ អ៊ុយក្រែន កាលពីចុងខែកុម្ភៈ។ បទបញ្ជានេះជួយឱ្យ រុស្ស៊ី នៅតែអាចទូទាត់សងក្នុងមូលបត្របំណុលបរទេស និងរួចផុតពីហានិភ័យក្ស័យធន។
គិតមកដល់បច្ចុប្បន្ន ជិត ៣ ខែបន្ទាប់ពីសង្គ្រាមនៅ អ៊ុយក្រែន បានផ្ទុះឡើង រុស្ស៊ី នៅតែបង្ហើយការទូទាត់ប្រាក់ជូនម្ចាស់បំណុល។ រុស្ស៊ី ធ្លាប់ជួបការលំបាកជាច្រើនលើក ដោយសារតែទណ្ឌកម្ម បណ្ដាលឱ្យពួកគេបាត់បង់ប្រភពចំណូលពីបរទេស និងមិនអាចចូលប្រើប្រាស់ខ្ទង់ថវិការបស់ខ្លួននៅបរទេស។
កាលពីសប្ដាហ៍កន្លង រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិក Janet Yellen ក៏បានឱ្យដឹងថា «មានលទ្ធភាព» ដែលថា ក្រសួងនេះនឹងមិនបន្តសុពលភាពចំពោះការលើកលែងការហាមទទួលយកខ្ទង់ប្រាក់ទូទាត់លើមូលបត្របំណុលពី រដ្ឋាភិបាលរុស្ស៊ី ព្រោះថា នេះគ្រាន់តែជាវិធានការបណ្ដោះអាសន្ន។
Hassan Malik អ្នកវិភាគប្រចាំក្រុមហ៊ុន Loomis Sayles & Co (Boston សហរដ្ឋអាម៉េរិក) អះអាងថា ការដែលមិនអាចបន្តទទួលបានការលើកលែងទណ្ឌកម្ម «ប្រាកដជានឹងធ្វើឱ្យហានិភ័យនៃការក្ស័យធនរបស់ រុស្ស៊ី កើនឡើង»។ ប៉ុន្តែ ការសម្រេចរបស់ សហរដ្ឋអាម៉េរិក នេះ ធ្វើឱ្យក្រុមអ្នកវិនិយោគបរទេសពិបាកក្នុងការទទួលយកការទូទាត់បំណុល និងមិនប្រាកដថា ធ្វើឱ្យ រុស្ស៊ី ត្រូវក្ស័យធន។
ម្ចាស់បំណុលដែលមិនមែនជាពលរដ្ឋអាម៉េរិក នៅតែអាចទទួលយកការទូទាត់បំណុលពី រុស្ស៊ី។ ដោយសារតែម្ចាស់បំណុលភាគច្រើនរបស់ រុស្ស៊ី គឺនៅ អឺរ៉ុប ដូច្នេះ ម្ចាស់បំណុលនៅ សហរដ្ឋអាម៉េរិក អាចនឹងមិនមានច្រើនគ្រប់គ្រាន់ដើម្បីធ្វើឱ្យ រុស្ស៊ី ត្រូវប្រកាសក្ស័យធន នេះបើតាម ITI Capital ដែលជាក្រុមហ៊ុនឈ្មួញកណ្ដាលធំជាងគេមួយនៅ រុស្ស៊ី។
កាលពីថ្ងៃទី ២៧ ឧសភា រុស្ស៊ី ដល់ថ្ងៃត្រូវសងបំណុល ១០០ លានដុល្លារអាម៉េរិក។ ប៉ុន្តែ ដោយសារបទបញ្ជាលើកលែងទណ្ឌកម្មរបស់ អាម៉េរិក ជិតផុតកំណត់ រុស្ស៊ី ក៏បានចាប់ផ្ដើមទូទាត់ដល់ម្ចាស់បំណុលតាំងតែពីសប្ដាហ៍កន្លង។
បើសិនមិនបានសងបំណុលទាន់ពេល រុស្ស៊ី នឹងមានពេល ៣០ ថ្ងៃ ដើម្បីរកវិធីទូទាត់។ ដើមខែនេះ ពួកគេក៏បានសងបំណុលទាន់ពេលនៅនាទីចុងក្រោយ បន្ទាប់ពីខ្ទង់ប្រាក់សម្រាប់ទូទាត់បំណុលដំបូងត្រូវបានរាំងខ្ទប់។
ជាសរុប រុស្ស៊ី បច្ចុប្បន្ននៅជំពាក់បំណុលជាការប្រាក់នៃមូលបត្របំណុល ប្រហែល ១ ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំនេះ។ យ៉ាងនេះក្ដី រុស្ស៊ី ប្រហែលមិនជួបបញ្ហាធំឡើយ ព្រោះសម្បូរសាច់ប្រាក់សុទ្ធ ដែលបានមកពីការលក់ប្រេងឆៅ ឧស្ម័ន និងបណ្ដាទំនិញសំខាន់ៗជាច្រើនមុខផ្សេងទៀត។
ប្រាក់រូប្លរុស្ស៊ី មិនប្រែប្រួលច្រើនបន្ទាប់ពី សហរដ្ឋអាម៉េរិក ប្រកាសព័ត៌មានខាងលើ។ រូបិយប័ណ្ណនេះស្ថិតក្នុងក្រុមដែលមានការប្រែប្រួលល្អបំផុតពិភពលោកនាឆ្នាំនេះ និងតម្លៃបានកើនឡើង ៣០% ធៀបនឹងប្រាក់ដុល្លារអាម៉េរិក៕