Skip to content

អគារ​បុរាណ​ក្នុង​ក្រុង​បាត់ដំបង កំពុងរង់ចាំ​មន្ដ្រី UNESCO មក​ពិនិត្យ​ដើម្បី​ចុះបញ្ជី​បេតិកភណ្ឌ​ពិភពលោក

ភ្នំពេញ ប្រជាជន​ទូទាំងប្រទេស ក៏ដូចជា​ប្រជាពលរដ្ឋ​រស់នៅក្នុង​ខេត្ដ​បាត់ដំបង​ដែរនោះ កំពុង​តែមាន​ភាព​អបអរសាទរ​ជាខ្លាំង ខណៈដំណើរ​ការស្នើ​ដាក់​សំណង់​អគារចាស់ៗ បុរាណៗប្រមាណ​ជាង 800អគារ​ក្នុង​ខេត្ដ​បាត់ដំបង​ចូលទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​កំពុងតែ​បង្ហាញ​សញ្ញាណ​វិជ្ជមាន។

មុន​សម័យ​អាណានិគមនិយម​បារាំង ខេត្ដ​បាត់ដំបង​គ្រាន់តែ​ជាទី​ប្រជុំជន​តូច​មួយ​លាតសន្ធឹង​តាម​បណ្ដា​យ​ដងស្ទឹង​សង្កែ​ត្រើយ​ខាងលិច និង​មាន​ផ្លូវ​តែមួយ​ខ្សែ ព្រមទាំង​មាន​ប្រជាពលរដ្ឋ​រស់នៅក្នុងរ​ង្វ​ង់​តែ​ជាង 2,500នាក់​ប៉ុណ្ណោះ។

ប៉ុន្មាន​ខែក្រោយ​ស​ន្ឋិ​សញ្ញា​បារាំង-សៀម ព្រះករុណា​ព្រះបាទ​ស៊ីសុវត្ថិ​ទ្រង់​បានចេញ​ព្រះរាជប្រកាស​លេខ66 ចុះ​ថ្ងៃទី6 ខែធ្នូ ឆ្នាំ1907កំណត់​ដែនដី​បាត់ដំបង​ត្រូវ​បែង​ចែកជា3ខេត្ត គឺ ខេត្តបាត់ដំបង ខេត្តសៀមរាប និង​ខេត្ត​សិរីសោភ័ណ ហើយ​នៅ​ឆ្នាំ​នេះដែរ បារាំង​បានរៀបចំ​អភិវឌ្ឍ​ក្រុង​បាត់ដំបង​ដែល​ធ្វើឱ្យមាន​ផ្លូវ​ចំនួន3សំខាន់ៗគឺ​ផ្លូវ​លេខ1 លេខ2 លេខ3 និង​បាន​សាងសង់​សំណង់​ផ្ទះល្វែង អគារ​មួយចំនួន ព្រមទាំង​ផ្សារ​ធំថ្មី​នៅក្នុង​ឆ្នាំ1936។

គ្រា​ដែល​កម្ពុជា​ទទួលបាន​ឯករាជ្យ​ក្នុង​ឆ្នាំ 1953 ក្រុង​បាត់ដំបង​ត្រូវបាន​ពង្រីក​ធំ​ជាង​មុន5ដង។រហូត​ធ្វើឱ្យ​ខេត្ដ​បាត់ដំបង​មាន​ដល់​ទៅ9ស្រុក គឺ​ស្រុក​បាត់ដំបង ស្រុក​សង្កែ ស្រុក​មោង​ឬ​ស្សី ស្រុក​មង្គល​បូរី ស្រុក​សិរីសោភ័ណ ស្រុក​អូរជ្រៅ ស្រុក​ព្រះនេត្រព្រះ ស្រុក​បាណន់ ស្រុក​គាស់ក្រឡ និង​តំបន់​រដ្ឋបាល​ចំនួន2គឺ តំបន់​រដ្ឋបាល​បាក់​ព្រា និង​តំបន់​រដ្ឋបាល ល្វា។

អាជ្ញាធរ​ខេត្ដ​បាត់ដំបង​បាន​បញ្ជាក់ថា  នៅ​ចំ​កណ្ដាល​ក្រុង​ចាប់ពី​ផ្លូវជាតិ​លេខ1 លេខ2 និង​លេខ3  ដល់​វត្ដ​ដំរី​ស មាន​សំណង់​ផ្ទះល្វែង ហាង​លក់ទំនិញ វត្ដ​អារាម សារមន្ទីរ និង​ផ្សារ​ធំ​បាត់ដំបង​ដែល​បាន​សាងសង់​ក្នុងដំណាក់កាល 3 ផ្សេងៗគ្នា​នោះ​នឹង​ត្រូវបាន​បង្កើត​ទៅជា​ទី​ក្រុង​បេតិកភណ្ឌ។ ក្រោយពី​បានស្នើ​សុំ​ដាក់​សំណង់​អគារបុរាណៗទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​រួចមក ខេត្តបាត់ដំបង​បាន​ទាក់ទាញ​ភ្ញៀវទេសចរ​មកពី​ប្រទេស​ចំនួន​ជាង20 ឱ្យ​ចូលមក​ទស្សនា​សម្រស់​របស់ខ្លួន។

សំណង់​អគារចាស់បុរាណៗដ៏ល្អៗដែល​កំពុង​ឈរ​បង្អួតរាង​នៅក្នុង​ខេត្ដ​បាត់ដំបង​ត្រូវបាន​គេ​មើលឃើញថា នៅមាន​ច្រើន និង​គុណភាព​សំណង់​ថែមទាំង​នៅ​ល្អប្រសើរ​ទៀតផង។ ទោះជា​យ៉ាងនេះ​ក្ដី ត្រូវបាន​អាជ្ញាធរ​ពាក់ព័ន្ធ​បញ្ជាក់ថា វា​មិនមែនជា​រឿង​ងាយស្រួល​ទេ​ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុងការ​ដាក់បញ្ចូល​អគា​រទាំង​នោះ​ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នោះ គឺ​ត្រូវ​ទាមទារ​ឱ្យ​កម្ពុ​ជាមាន​ភាព​អត់ធ្មត់ និង​ចំណាយ​ពេលវេលា​ច្រើន ដើម្បីឱ្យ​តំណាង​អង្គការ ​UNESCO ចុះមក​ត្រួតពិនិត្យ​ដើម្បី​វាយតម្លៃ។ ទោះយ៉ាងណា បច្ចុប្បន្ន​ខេត្ដ​មួយ​នេះ​កំពុងតែ​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យមាន​ការចាប់អារម្មណ៍​ជាខ្លាំង ដែល​អាច​ជំរុញឱ្យមាន​លំហូរ​សេដ្ឋកិច្ច​យ៉ាង​ល្អ​មួយ​នៅក្នុង​ខេត្ដ​ទាំងមូល៕

Leave a Reply

Your email address will not be published. Required fields are marked *