(សហរដ្ឋអាម៉េរិក)-យានអវកាស Starliner នឹងបញ្ចប់បេសកកម្មសាកល្បងសំខាន់សម្រាប់ ណាសា ដោយការចុះចតក្នុងរដ្ឋ New Mexico សហរដ្ឋអាម៉េរិក នៅវេលាម៉ោង ៥៖៤៩ ថ្ងៃទី ២៦ ឧសភា (ម៉ោងនៅ កម្ពុជា)។
Starliner ចូលចតនៅឯស្ថានីយអវកាសអន្តរជាតិ (ISS) កាលពីថ្ងៃទី ២១ ឧសភា ទៅតាមបេសកកម្ម Orbital Flight Test ២ (OFT-២) ដែលជាភារកិច្ចសំខាន់ដើម្បីបញ្ជាក់ថា យាននេះបានត្រៀមខ្លួនរួចរាល់ក្នុងការដឹកអវកាសចររបស់ ណាសា ឡើង និងចុះពី ISS។
យានអវកាសនេះគ្រោងនឹងចាកចេញពី ISS នៅវេលាម៉ោង ១៖៣៦ ថ្ងៃទី ២៦ ឧសភា ដើម្បីហោះចុះមកកាន់ផែនដី។ ក្រុមអ្នកគ្រប់គ្រង OFT-២ គ្រោងនឹងឱ្យយាននេះចុះចតលើកំពង់ផែអវកាស White Sands ជាព្រលានយានអវកាសដែលធ្លាប់បម្រើឱ្យបេសកកម្មនៃយាន Shuttle របស់ ណាសា។ ថ្ងៃទី ២៧ ឧសភា គឺជាពេលវេលាត្រៀមបង្ការសម្រាប់ការចុះចតជាថ្មី បើសិនមានការខកខានមិនបានចុះចតក្នុងថ្ងៃទី ២៦ ឧសភា។
Starliner ធ្លាប់ចុះចតនៅលើ White Sands កាលពីខែធ្នូ ២០១៩ ក្នុងបេសកកម្ម OFT ដំបូងរបស់ Boeing។ យាននេះធ្លាប់ជួបបញ្ហាមួយចំនួនក្នុងជើងហោះហើរនោះ និងមិនអាចចូលចតនៅ ISS បាន នាំឱ្យក្រុមអ្នកជំនាញត្រូវធ្វើការជួសជុល កែសម្រួល ហើយធ្វើការសាកល្បងបន្តដែលមានឈ្មោះថា OFT-។
Boeing មិនមែនជាក្រុមហ៊ុនតែមួយគត់ដែល ណាសា បានជ្រើសរើសដើម្បីដឹកអ្នកអវកាសឡើងចុះគន្លងគោចរផែនដីនោះទេ។ ក្រុមហ៊ុន SpaceX ក៏មានកិច្ចព្រមព្រៀងមួយដូចគ្នានេះដែរ។ ក្រុមហ៊ុននេះបានប្រើប្រាស់រ៉ុក្កែត Falcon ៩ និងយាន Crew Dragon ដឹកមនុស្សឡើងទៅកាន់ ISS បាន ៤ លើកមកហើយ៕