(ប្រទេសចិន)-រោងចក្រវារីអគ្គិសនី Baihetan បញ្ចប់ជាស្ថាពរនូវកិច្ចការដំឡើងប្រព័ន្ធម៉ាស៊ីនចុងក្រោយដែលមានកម្លាំង ១ លានគីឡូវ៉ាត់ ត្រៀមដំណើរការពេញលេញ។
«នៅខាងក្រោយខ្ញុំ គឺជារោងចក្រវារីអគ្គិសនី Baihetan» Zheng Bofei អ្នកយកព័ត៌មានរបស់ Xinhua រៀបរាប់។ «ប្រព័ន្ធម៉ាស៊ីនចុងក្រោយទើបតែត្រូវបានដំឡើងរួចរាល់ មានន័យថា ស្ថានីយនេះឈានចូលដល់ដំណាក់កាលជិតបានដំណើរការពេញលេញ»។
ប្រព័ន្ធម៉ាស៊ីនលេខ ៩ (No. 9) ត្រូវបានដំឡើងរួចរាល់ហើយ។ គ្រប់ប្រព័ន្ធម៉ាស៊ីនទាំងអស់គ្រោងនឹងដាក់ឱ្យដំណើរការចាប់ពីចុងឆ្នាំនេះ។ ពេលនោះ Baihetan នឹងក្លាយជា រោងចក្រវារីអគ្គិសនីធំជាងគេលំដាប់ទី ២ ក្នុងពិភពលោក បើនិយាយអំពីកម្លាំងដំឡើងសរុប។
ស្ថានីយវារីអគ្គិសនី Baihetan បំពាក់ម៉ាស៊ីនវារីអគ្គិសនីចំនួន ១៦ ហើយក្នុងម៉ាស៊ីន ១ គ្រឿងៗ មានកម្លាំង ១ លានគីឡូវ៉ាត់ ដែលជាកម្លាំងខ្លាំងបំផុតក្នុងពិភពលោក។
Kang Yonglin មកពីការិយាល័យសាងសង់ និងបច្ចេកទេសនៃក្រុមហ៊ុន China Three Gorges Corporation ឱ្យដឹងថា «កម្លាំងម៉ាស៊ីនទោលគឺ ១ លានគីឡូវ៉ាត់ មានន័យថា ប្រព័ន្ធម៉ាស៊ីន ១ គ្រឿង អាចផលិតអគ្គិសនីបាន ១ លានគីឡូវ៉ាត់ក្នុង ១ ម៉ោង»។
នៅពេលប្រព័ន្ធម៉ាស៊ីនវារីអគ្គិសនីទាំង ១៦ ដំណើរការពេញលេញ អគ្គិសនីដែលវាផលិតបានប្រចាំថ្ងៃ នឹងគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ដល់ទីរួមស្រុកមួយដែលមានប្រជាជន ៥០០,០០០ នាក់ ក្នុងរយៈពេល ១ ឆ្នាំ។
រោងចក្រវារីអគ្គិសនីនេះស្ថិតនៅលើទន្លេ Jinsha ដែលជាដៃខាងលើនៃទន្លេ Yangtze ក្នុងខេត្ត Sichuan និង Yunnan ភាគនិរតីនៃ ប្រទេសចិន។ ៧ ក្នុងចំណោម ១៦ ម៉ាស៊ីនវារីអគ្គិសនីរបស់ Baihetan ត្រូវបានដាក់ឱ្យដំណើរការពេញលេញ។ ចាប់តាំងពីខែមិថុនា ២០២១ Baihetan ផលិតអគ្គិសនីបានជាង ២៦.៥ ពាន់លានគីឡូវ៉ាត់ម៉ោងរួចហើយ។