ដោយសារប្រព័ន្ធបញ្ជាមួយដែលមិនស៊ីចង្វាក់ជាមួយនឹងចលនា យានអវកាស ឬផ្កាយរណប Voyager ១ បានបញ្ជូនទិន្នន័យចម្លែកមកកាន់ផែនដីជាបន្តបន្ទាប់ ធ្វើឱ្យ ណាសា ព្រួយបារម្ភ បន្ទាប់ពីបំពេញបេសកកម្មអស់រយៈពេល ៤៥ ឆ្នាំនៅក្នុងទីអវកាស។
យាន Voyager ១ របស់ ណាសា ដែលត្រូវបានបាញ់បង្ហោះកាលពីឆ្នាំ ១៩៧៧ បានហោះចូលដល់តំបន់អន្តរតារាកាលពីឆ្នាំ ២០១២ ហើយកំពុងតែបន្តគោចរក្នុងទីអវកាស។ បច្ចុប្បន្ន យាននេះកំពុងស្ថិតនៅក្នុងតំបន់ដែលមានចម្ងាយពីផែនដីប្រហែល ២៣.៣ ពាន់លានគីឡូម៉ែត្រ។ បើទោះជា Voyager ១ នៅដំណើរការល្អ ប៉ុន្តែ ថ្មីៗនេះក្រុមអ្នកវិទ្យាសាស្ត្រទទួលខុសត្រូវក្នុងបេសកកម្មយល់ថា យាននេះជួបបញ្ហាច្របូកច្រល់ទាក់ទងនឹងទីតាំង ឬទិសនៅក្នុងទីអវកាស ដោយមិនបានងាកមកកាន់មុខងារសុវត្ថិភាព ឬផ្ញើសញ្ញាប្រកាសអាសន្ន។
«រឿងចម្លែកប្រភេទនោះនឹងកើតឡើងនៅក្នុងដំណាក់កាលនេះនៃបេសកកម្ម» Suzanne Dodd អ្នកគ្រប់គ្រងគម្រោង Voyager ១ និង Voyager ២ នៅបន្ទប់ពិសោធន៍កម្លាំងរុញច្រានរហ័ស (JPL) របស់ ណាសា នៅ California ឱ្យដឹងដូច្នេះ។ «យានទាំងពីរសុទ្ធតែមានអាយុជិត ៤៥ ឆ្នាំ លើសពីការគ្រោងទុករបស់ក្រុមអ្នកចាត់ចែងបេសកកម្ម។ យានកំពុងស្ថិតក្នុងលម្ហអវកាសអន្តរតារា បរិស្ថានមានវិទ្យុសកម្មខ្ពស់ដែលមិនទាន់មានយានផ្សេងណាមួយធ្លាប់ហោះឆ្លងកាត់»។
ទំនងជាប្រព័ន្ធបញ្ជា និងតំណភ្ជាប់ជាមួយផែនដី (AACS) របស់ Voyager ១ ជួបបញ្ហា។ ប្រព័ន្ធ AACS ជួយឱ្យយានអវកាស និងអង់តែនរបស់វា វិលត្រូវទិស។ AACS ក៏ទំនងជានៅដំណើរការ ដោយសារតែវានៅទទួលបញ្ជា អនុវត្ត និងបញ្ជូនទិន្នន័យមកកាន់ផែនដីដោយរលកសញ្ញាខ្លាំងដូចធម្មតា។ ប៉ុន្តែ AACS មិនស៊ីចង្វាក់គ្នាជាមួយនឹងចលនារបស់យាន ហើយក៏ផ្ញើទិន្នន័យសំរាមស្ដីពីការវាស់វែងពីចម្ងាយ។
យោងតាម ណាសា ក្រុមអ្នកវិទ្យាសាស្ត្រនឹងបន្តស្វែងយល់ ក៏ដូចជាដោះស្រាយបញ្ហាដែលបានកើតឡើងនេះ។ ប៉ុន្តែ វានឹងស៊ីពេលយូរ ដោយសារថា រលកសញ្ញាពីផែនដី នឹងត្រូវចំណាយពេលជាង ២០ ម៉ោងកន្លះ ដើម្បីទៅដល់ Voyager ១ ហើយគេក៏ត្រូវរង់ចាំការឆ្លើយតបពីយាននេះក្នុងរយៈពេលដូចគ្នានេះដែរ។
យាន Voyager ២ ដែលត្រូវបានបាញ់បង្ហោះកាលពីឆ្នាំ ១៩៧៧ ដែរនោះ គ៏កំពុងដំណើរការធម្មតា ប៉ុន្តែ អគ្គិសនីដែលយាននេះអាចបង្កើតបាន ចេះតែបន្តខ្សោយទៅៗ ដូច្នេះ ក្រុមអ្នកទទួលខុសត្រូវគម្រោងក៏ត្រូវបិទឧបករណ៍មួយចំនួនដើម្បីសន្សំសំច័យថាមពល។ ពួកគេសង្ឃឹមថា យានទាំងពីរនេះនឹងអាចដំណើរការរហូតដល់ឆ្នាំ ២០២៥៕