Skip to content

ក្រុមហ៊ុន​ឋានសួគ៌​បូកគោ មិនមាន​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ដោយ​ស្វ័យប្រវត្តិ​ទេ!

ភ្នំពេញ៖ បន្ទាប់ពី​មានការ​រិះគន់​យ៉ាង​ព្រោងព្រាត​ពី​សំណាក់​សាធារណជន ក្រសួងពាណិជ្ជកម្ម​បាន​ចេញ​លិខិត​បកស្រាយ​ចំពោះ​ការផ្លាស់ប្តូ​រនាម​ករ​ណ៍ (ផ្លាស់ប្តូរ​ឈ្មោះ) ពី​រមណីយដ្ឋាន “ឋានសួគ៌​បូកគោ” ទៅជា “សុខា​ឋានសួគ៌” ដោយបាន​បញ្ជាក់ថា ក្រុមហ៊ុន​នេះ​មិនមាន​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ដោយ​ស្វ័យប្រវត្តិ​នោះទេ។

យោងតាម​ខ្លឹមសារ​នៃ​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម ចុះ​ថ្ងៃទី24 ខែកញ្ញា​នេះ​បាន​បញ្ជាក់ថា ការផ្តល់​ឈ្មោះ​ឱ្យ​ក្រុមហ៊ុន គឺជា​ការបញ្ជាក់​អត្តសញ្ញាណ​ឱ្យ​នីតិបុគ្គល សំដៅ​ចៀសវាង​ការជាន់​នាម​ករ​ណ៍​គ្នា​ជាមួយ​ក្រុមហ៊ុន​ផ្សេង។ ប្រសិនបើ​មានឈ្មោះ​ស្រដៀង​គ្នា ឬ​អាចធ្វើឱ្យ​មានការ​ភាន់ច្រឡំ​ឈ្មោះ​គ្នា​បណ្តាលឱ្យមាន​ការតវ៉ា​នោះ ក្រុមហ៊ុន​ដែល​ចុះឈ្មោះ​ក្រោយ​គេ ត្រូវ​លុបឈ្មោះ​ចោល​វិញ និង​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់។

ចំណែក​លក្ខន្តិកៈ​របស់​ក្រុមហ៊ុន​មាន​បញ្ជាក់​ពី​បុគ្គល​ទទួលខុសត្រូវ មុខរបរ និង​ប្រភេទ​អាជីវកម្ម​ជាដើម តែ​ពុំមែន​មានន័យថា ការផ្តល់​នាម​ករ​ណ៍​ឱ្យ​ក្រុមហ៊ុន​នោះ​មាន​បង្កប់​នូវ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ដោយ​ស្វ័យប្រវត្តិ​នោះឡើយ។

ករណី​ក្រុមហ៊ុន​សុខាអូតែល​ដែល​បានស្នើ​សុំ​បើក​សាខា​ក្រុមហ៊ុន និង​ប្តូ​រនាម​ករ​ណ៍​ពី​សាខា​ក្រុមហ៊ុន​សុខាអូតែល «ឋានសួគ៌​បូកគោ» ទៅជា​សាខា​ក្រុមហ៊ុន​សុខាអូតែល «សុខា​ឋានសួគ៌» គឺ​ក្នុង​គោលបំណង​បញ្ជាក់ថា ក្រុមហ៊ុន​សុខាអូតែល​មាន​សាខា​ធ្វើ​អាជីវកម្ម​នៅតាម​ខេត្ត។ ចំពោះ​ការលើក​ស្លាក គឺ​ត្រូវ​លើក​នៅលើ​អគារ​ជាទី​ស្នាក់ការ​សាខា​ក្រុមហ៊ុន​តែប៉ុណ្ណោះ ដើម្បី​សម្រួល​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​បំពេញបែបបទ​ពន្ធដារ និង​នីតិវិធី​នានា​ស្របតាម​ច្បាប់​កំណត់។

ចំណែក​ការអនុញ្ញាត​ដោយ​ក្រសួងពាណិជ្ជកម្ម​កាលពី​ថ្ងៃទី1 ខែកញ្ញា ឆ្នាំ2017កន្លង​ទៅនោះ គឺជា​ការអនុញ្ញាតឱ្យ​ប្តូ​រនាម​ករ​ណ៍រ​បស់​ក្រុមហ៊ុន​សុខាអូតែល​តែប៉ុណ្ណោះ មិនមែន​ប្តូរ​ឈ្មោះ រមណីយដ្ឋាន​បូកគោ​នោះទេ។ ក្រសួង​ពុំមាន​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន​សុខាអូតែល​ប្តូរ​ឈ្មោះ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ដែល​បាន​កំណត់ដោយ​ព្រះរាជក្រឹត្យ​នោះឡើយ ហើយ​បើ​មានការ​តវ៉ា​ត្រូវ​ទទួលខុស​ចំពោះមុខ​ច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *