កាលពីឆ្នាំកន្លង យីហោធ្វើនំរបស់ Justin Ellen រកចំណូលបាន ១០០,០០០ ដុល្លារអាម៉េរិក ប៉ុន្តែ ចាប់ពីខែមករា ឆ្នាំនេះ Ellen ចាប់ផ្ដើមរកបាន ១២,០០០ ដុល្លារ/ខែ បន្ទាប់ពីបានចំណាយពេលពេញម៉ោងសម្រាប់ការងារធ្វើនំផ្ទាល់ខ្លួន។
នៅពេល Justin Ellen ទទួលបានសារមួយនៅលើ Instagram ដែលសួរថា «ចង់ចូលរួមកម្មវិធី Netflix ដែលមានឈ្មោះថា «Is It Cake?» ដែរ ឬអត់?» Ellen គិតថា ការអញ្ជើញនេះសាមញ្ញពេកហើយ។ នៅពេលពួកគេនិយាយថា នឹងមានការសម្ភាស ទើប Ellen ជឿថា វាជាកម្មវិធីគួរឱ្យទុកចិត្ត។
ក្រោយកិច្ចសម្ភាសតាម Zoom និងការរង់ចាំ ១ ខែ Ellen ដែលកាលនោះមានអាយុ ១៨ ឆ្នាំ ក៏ត្រូវបានជ្រើសរើសឱ្យចូលរួម។ Ellen ទទួលស្គាល់ថា កម្មវិធីនោះពិតជាធំដុំមែន។
«Is It Cake?» គឺជាកម្មវិធីប្រកួតធ្វើនំ។ ក្នុងកម្មវិធីនេះ បេក្ខជនត្រូវតែធ្វើនំដែលមានរូបរាងដូចទៅនឹងរបស់របរប្រើប្រាស់ប្រចាំថ្ងៃ ដូចជាស្បែកជើងជាដើម។ Ellen គឺជាអ្នកធ្វើនំដែលនៅមានបទពិសោធន៍តិចតួចនៅឡើយ ធៀបនឹងគូប្រជែងដទៃ។
ទោះជាយ៉ាងណាក៏ដោយ មុនពេលបង្ហាញខ្លួននៅក្នុងកម្មវិធីរបស់ Netflix កំលោះ Ellen ក៏មានយីហោនំជោគជ័យមួយផ្ទាល់ខ្លួនរួចហើយ នោះគឺ Everything Just Baked។
កំលោះមកពី New Jersey ឱ្យដឹងថា «កាលពីឆ្នាំកន្លង យើងរកចំណូលបាន ១០០,០០០ ដុល្លារ។ ជាមួយនឹងកម្មវិធី Netflix ខ្ញុំទទួលបានសំណើ (ការបញ្ជាទិញ) ច្រើនជាងមុន…រវល់ណាស់។ ខ្ញុំអរគុណខ្លាំងណាស់ចំពោះប្រការនោះ»។
ធ្វើការដោយប្រឹងប្រែង និងឆ្លងកាត់បរាជ័យ
Ellen រៀនវិធីធ្វើនំពីម្ដាយ និងជីដូនរបស់ខ្លួនពេលទើបតែមានអាយុ ៧ ឆ្នាំ។ ពួកគេធ្វើនំជាច្រើនប្រភេទ ប៉ុន្តែ សុទ្ធតែមិនមែនជានំផ្អែម។
ក្រោយមក Ellen ក៏បានចាកផុតតំណែង «កូនកាំបិត» (ជំនួយការចុងភៅ) ពេលមានអាយុ ១៤ ឆ្នាំ ដោយចាប់ផ្ដើមចេញពីការមើលវីដេអូលើ Youtube និងមានគំនិតចង់ផលិតនំផ្ទាល់ខ្លួន។
«ខ្ញុំបានបរាជ័យច្រើនលើកច្រើនសា…។ ខ្ញុំគិតថា នោះគឺជានំដែលងាយស្រួលធ្វើ ប៉ុន្តែក្រោយមកក៏ធ្វើមិនបានល្អ» Ellen និយាយអំពីបទពិសោធន៍ក្នុងការធ្វើនំទៅតាម Youtuber។
ក៏ប៉ុន្តែ Ellen នៅតែមិនបោះបង់ការព្យាយាម។ ដំណាក់កាលដែលជក់ចិត្តក្នុងការធ្វើនំគឺពេល Ellen រៀនដល់កម្រិតមធ្យមសិក្សា។
«ខ្ញុំរវល់ខ្លាំងណាស់។ ប៉ុន្តែ បើអ្នកពិតជាមានការប្ដេជ្ញាចិត្តខ្ពស់ អ្នកនឹងឆ្លៀតយកឱកាសទំនេរបានច្រើន» Ellen និយាយដូច្នេះ។
ដឹងអំពីតម្លៃរបស់ខ្លួន
ឧបសគ្គធំបំផុតដែល Ellen ជួបប្រទះនៅពេលក្លាយជាអ្នកជំនួញវ័យក្មេងនោះគឺការកំណត់តម្លៃរបស់ខ្លួន។
«កាលណោះ ខ្ញុំមិនច្បាស់ថា សិល្បៈរបស់ខ្ញុំមានតម្លៃប៉ុន្មាននោះទេ។ ខ្ញុំសួរម្ដាយ ហើយគាត់ក៏លើកឡើងនូវតម្លៃដូចខ្ញុំ គឺឱ្យតម្លៃយ៉ាងទាប។ ដូចជាថា «ម៉ាក់នឹងមិនទិញនំដែលមានតម្លៃ ១០០ ដុល្លារឡើយ»។ ប៉ុន្តែ ពេលនេះ គ្រប់គ្នាកំពុងចំណាយក្នុងកម្រិតនោះ»។
ក្នុងដំណាក់កាលដំបូងនៃការរកស៊ី Ellen បានលក់នំមួយដែលមានទំហំ ៦ អ៊ីញ ក្នុងតម្លៃ ៦០ ដុល្លារ ប៉ុន្តែ បច្ចុប្បន្ន «ពិតជាងាយស្រួលក្នុងការលក់នំក្នុងតម្លៃ ១៥០ ដុល្លារ សម្រាប់នំដែលមានទំហំ ៦ អ៊ីញ»។
ចាប់ពីខែមករា ឆ្នាំនេះ Ellen ចាប់ផ្ដើមរកបាន ១២,០០០ ដុល្លារ/ខែ បន្ទាប់ពីបានចំណាយពេលពេញម៉ោងសម្រាប់ការងារធ្វើនំផ្ទាល់ខ្លួនសម្រាប់លក់។
«ខ្ញុំដឹងថា គ្រប់គ្នាកំពុងទិញកាបូបប្រែន តម្លៃរាប់ពាន់ដុល្លារ។ អ្នកត្រូវធ្វើឱ្យអតិថិជនយល់អំពីតម្លៃយីហោរបស់អ្នក និងអ្វីដែលអ្នកកំពុងផ្ដល់ជូនពួកគេ…ព្រោះថា នំមានរសជាតិឆ្ងាញ់ណាស់ ហើយខ្ញុំបានប្រើប្រាស់សុទ្ធតែគ្រឿងផ្សំដែលមានគុណភាពខ្ពស់» Ellen បកស្រាយអំពីយុទ្ធសាស្ត្រឃោសនា។
តែងតែឆ្ពោះទៅមុខ
ក្ដីស្រមៃរបស់ Ellen ទទួលបានការតបស្នង។ អ្វីដែលកំលោះនេះនឹកស្រមៃអំពីខ្លួនឯង បានក្លាយជាការពិត។ បច្ចុប្បន្ន Ellen លក់នំចម្រុះ និងសម្ភារធ្វើនំ តាមអនឡាញ។ Ellen ក៏បង្កើតកម្មវិធីបង្រៀងសម្រាប់អ្នកធ្វើនំដែលចង់ចាប់យកអាជីពនេះផងដែរ។
Ellen ទទួលបានការបញ្ជាទិញប្រហែល ៦ លើកជារៀងរាល់សប្ដាហ៍ ហើយវាសុទ្ធតែជាការបញ្ជាទិញធំ។ មួយថ្ងៃរបស់ Ellen គឺក្រោកពីគេងនៅម៉ោង ០៨ ព្រឹក និងធ្វើនំទៅតាមការបញ្ជាទិញពីអតិថិជន ពីផ្ទះបាយរបស់គ្រួសារ។
«ខ្ញុំនៅតែគិតអំពីការងារជំនួញរបស់ខ្ញុំ និងឧបសគ្គថ្មីដើម្បីលើកកម្ពស់ការងារ។ ខ្ញុំចង់មានការិយាល័យក្រុមហ៊ុនមួយ…ប៉ុន្តែគោលដៅចុងក្រោយរបស់ខ្ញុំនោះគឺដូចទៅនឹង Wilton ដែលជាក្រុមហ៊ុនតុបតែងនំខេក»។
Wilton គឺជាក្រុមហ៊ុនផលិតសម្ភារធ្វើនំ សម្ភារតុបតែងនំ និងវត្ថុធាតុសម្រាប់ធ្វើនំជាដើម។
«នឹងត្រូវចំណាយពេលយូរទៀត។ ប៉ុន្តែ ចុងក្រោយ អ្នកនឹងបានដឹងថា វាពិតជាស័ក្ដិសម» Ellen បញ្ជាក់អំពីការព្យាយាមរបស់ខ្លួន៕