ក្រុមមន្ត្រីចិន ត្រូវបានគេជឿថា កំពុងចរចាជាមួយក្រុមមន្ត្រីនៅ មូស្គូ ដើម្បីទិញប្រេងក្នុងតម្លៃទាបពី ប្រទេសរុស្ស៊ី សម្រាប់បន្ថែមទៅក្នុងឃ្លាំងយុទ្ធសាស្ត្រ។
Bloomberg ដកស្រង់ប្រភពព័ត៌មានអនាមិក ឱ្យដឹងថា ការចរចាត្រូវបានធ្វើឡើងក្នុងថ្នាក់រដ្ឋាភិបាលរវាង ទីក្រុងប៉េកាំង និង មូស្គូ ប៉ុន្តែ បណ្ដាក្រុមហ៊ុនប្រេង ទំនងជាមិនបានចូលរួមផ្ទាល់ក្នុងការចរចានេះទេ។ ប្រការនេះបង្ហាញថា ចិន កំពុងតែបង្កើនកិច្ចសហការប្រតិបត្តិក្នុងវិស័យថាមពលជាមួយ រុស្ស៊ី ក្នុងគ្រាដែល លោកខាងលិច ស្វែងរកវិធីហាមឃាត់ការនាំចូលប្រេងពី រុស្ស៊ី ដោយសារតែសង្គ្រាមនៅ អ៊ុយក្រែន។
ប្រេងបានឡើងថ្លៃខ្ពស់ក្នុងឆ្នាំនេះ ក្រោយពី រុស្ស៊ី បើកការឈ្លានពានលើទឹកដីរបស់ អ៊ុយក្រែន ប៉ុន្តែ តម្លៃប្រេងឆៅរបស់ រុស្ស៊ី បែរជាធ្លាក់ថ្លៃ ព្រោះតែ អតិថិជនជាច្រើនមិនចង់ជាប់ឈ្មោះក្នុងបញ្ជីទណ្ឌកម្មរបស់បស្ចិមលោក។ ប្រការនេះបានជួយឱ្យ ចិន អាចទិញប្រេងពី រុស្ស៊ី ក្នុងតម្លៃថោក សម្រាប់បន្ថែមទៅក្នុងឃ្លាំងយុទ្ធសាស្ត្រ។
«ចិន និង រុស្ស៊ី ចូលរួមកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មធម្មតា ក្នុងក្របខណ្ឌគោរពគ្នា ស្មើភាពគ្នា និងផលប្រយោជន៍រួមគ្នា» អ្នកនាំពាក្យក្រសួងការបរទេសចិន Wang Wenbin ប្រកាសនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ២០ ឧសភា មួយថ្ងៃបន្ទាប់ពីព័ត៌មានទាក់ទងនឹងការចរចាទិញប្រេងខាងលើត្រូវបានចុះផ្សាយដោយ Bloomberg។
ចិន មិនបានប្រកាសឱ្យដឹងអំពីទំហំនៃឃ្លាំងប្រេងយុទ្ធសាស្ត្ររបស់ខ្លួននោះទេ ប៉ុន្តែ ក្រុមហ៊ុនប្រឹក្សាយោបល់មួយចំនួន វិភាគរូបភាពបានពីផ្កាយរណប បានសន្និដ្ឋានថា ប្រទេសនេះមានលទ្ធភាពរក្សាប្រេងជាង ១ ពាន់លានធុងក្នុងឃ្លាំងយុទ្ធសាស្ត្រ និងពាណិជ្ជកម្ម៕