បណ្ដាក្រុមហ៊ុនអាកាសចរណ៍មកពីជុំវិញពិភពលោក បានបញ្ជាទិញយន្តហោះផលិតនៅ ប្រទេសចិន ចំនួន ៨១៥ គ្រឿង ដែលនេះគឺជាការបំបែកស្ថានភាពផ្ដាច់មុខរបស់ Boeing និង Airbus។
យោងតាមសារព័ត៌មាន Yahoo យន្តហោះ C៩១៩ របស់ក្រុមហ៊ុន Comac ដែលផលិតនៅ ប្រទេសចិន ទើបតែបានបញ្ចប់ការហោះហើរសាកល្បងដំបូង មុនពេលត្រូវបានប្រគល់ដល់ដៃអតិថិជនដំបូងនៅ សៀងហៃ នាពេលខាងមុខ។ នេះគឺជាការបោះជំហានថ្មីមួយក្នុងការដែលក្រុមហ៊ុនចិន ឆ្ពោះទៅរកការផ្គត់ផ្គង់យន្តហោះពាណិជ្ជកម្ម ជំនួសឱ្យ យន្តហោះប្រភេទ ៧៣៧ របស់ Boeing និង A៣២០ របស់ Airbus ក្នុងទីផ្សារអាកាសចរណ៍ពិភពលោក។
Commercial Aircraft Corp របស់ ចិន (Comac) បានបញ្ចប់ការហោះហើរសាកល្បងរយៈពេល ៣ ម៉ោង នៅឯ សៀងហៃ កាលពីចុងសប្ដាហ៍កន្លង នេះបើតាមសារព័ត៌មានក្នុងស្រុករបស់ប្រទេសនេះ។
ជោគជ័យនៃការហោះហើរសាកល្បងនេះគឺជាចលករមួយដ៏ធំសម្រាប់ Comac។ ក្រុមហ៊ុននេះបច្ចុប្បន្នទទួលបានការបញ្ជាទិញចំនួន ២៨ លើក សម្រាប់ ៨១៥ គ្រឿង នៃយន្តហោះប្រភេទ C៩១៩។
ក្រុមហ៊ុនអាកាសចរណ៍ចិន China Eastern បានត្រៀមខ្លួនរួចរាល់ហើយក្នុងការទទួលយកយន្តហោះ C៩១៩ ចំនួន ៥ គ្រឿងដំបូង ក្នុងតម្លៃ ៩៩ លានដុល្លារ/គ្រឿង ទៅតាមកិច្ចព្រមព្រៀងកាលពីឆ្នាំ ២០២១។ ក្រុមហ៊ុនអាកាសចរណ៍ធំជាងគេលំដាប់ទី ៣ របស់ ចិន នេះ គ្រោងនឹងប្រើប្រាស់យន្តហោះរបស់ Comac សម្រាប់ទីផ្សារក្នុងស្រុក៕