កាលពីថ្ងៃចន្ទ លោក Pep Guardiola បានធ្វើការព្រមានដល់ក្រុមឡើងទម្រង់លេង Manchester City របស់លោកថា ពួកគេមិនត្រូវមើលស្រាលគូប្រកួតឡើយ មិនអ៊ីចឹងទេ អាចប្រឈមមុខនឹងការខកចិត្តម្តងទៀតនៅរដូវកាលនេះ។
Man City កំពុងតែនាំមុខនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League ក្រោយពីបានកត់ត្រាជ័យជម្នះ5លើក និងស្មើ1លើក ពីការប្រកួតបើកឆាកទាំង6លើករបស់ពួកគេ ស្របពេលដែលពួកគេក៏ដណ្តើមបានជ័យជម្នះក្នុងលទ្ធផល 4-០ លើក្រុម Feyenoord ក្នុងក្របខ័ណ្ឌ Champions League និងផ្តួលក្រុម West Brom 2-1 ក្នុងការប្រកួតពាន League Cup ផងដែរ។
ប៉ុន្តែ ទោះបីជាយ៉ាងណា លោក Guardiola ដែលក្រុមរបស់លោកនឹងត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុម Shakhtar Donetsk នាកីឡដ្ឋាន Etihad ក្នុងនាត្រីនេះ ក៏កំពុងតែព្រួយបារម្ភខ្លាំងដែរ ក្រោយពីបានឃើញក្រុម Man City បញ្ចប់ដោយការមិនបានឈ្នះពានអ្វីសោះកាលពីរដូវកាលមុន បើទោះបីដណ្តើមបានជ័យជម្នះ10លើកជាប់ៗគ្នាក្នុងរាល់យុទ្ធនាការទាំងអស់ក៏ដោយ។
Man City បានជួបរដូវកាលដ៏ខកចិត្តមួយដូចគ្នានេះរួចស្រេចហើយក្នុងរដូវកាលមួយមុននេះ ក្រោមការដឹកនាំរបស់លោក Manuel Pellegrini ក្រោយពីពួកគេដណ្តើមបានជ័យជម្នះ5លើកដំបូងនៃក្របខ័ណ្ឌ Premier League ប៉ុន្តែ បានបញ្ចប់យុទ្ធនាការនៅរដូវកាលនោះតាមរយៈការឈរក្នុងចំណាត់ថ្នាក់លេខ4។
Man City កំពុងតែស្ថិតក្នុងទម្រង់លេងយ៉ាងល្អឥតខ្ចោះនាពេលថ្មីៗនេះ តាមរយៈការរកគ្រាប់បាល់បញ្ចូលទីសរុបដល់ទៅ16គ្រាប់ក្នុងការប្រកួតលីក3លើកចុងក្រោយរបស់ពួកគេ ខណៈដែលពួកគេបានយកឈ្នះលើក្រុម Liverpool និង Crystal Palace ក្នុងលទ្ធផល 5-០ ដូចគ្នា បន្ទាប់ពីយកឈ្នះលើក្រុម Watford 6-០រួចមក។ ប៉ុន្តែ លោក Guardiola បានបញ្ជាក់ថា វាឆាប់ពេកហើយក្នុងការជឿជាក់លើភាពខ្លាំងនៃក្រុមរបស់លោកនោះ។
គ្រូបង្វឹករូបនេះបានប្រាប់អ្នកយកព័ត៌មានក្នុងសន្និសីទសារព័ត៌មាននៅមុនពេលប្រកួតថា៖ «វាជារឿងដ៏ល្អប្រសើរបំផុតក្នុងការស្ថិតក្នុងទីតាំងដែលយើងកំពុងតែស្ថិតនៅនេះ ប៉ុន្តែវាត្រឹមតែខែកញ្ញាប៉ុណ្ណោះ។ នៅសល់ពេលវេលាជាច្រើន និងការប្រកួតជាច្រើនទៀតដែលយើងត្រូវលេង»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង1:45ទៀបភ្លឺ៕
ប្រភពពី៖ Sport24